ផ្សព្វផ្សាយរូបភាពនៃទឹកដី វប្បធម៌ និងមនុស្សវៀតណាមនៅអាមេរិក
កប.អនឡាញ - កាលពីសប្តាហ៍មុន ស្ថានទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកបានសហការ ជាមួយអង្គការ Things To Do DC រៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយសេដ្ឋកិច្ច វប្បធម៌ និងម្ហូបអាហារនៅ “ផ្ទះវៀតណាម” នៅក្នុងទីក្រុង វ៉ាស៊ីនតោនឌីស៊ី។
ថ្លែងមតិក្នុងព្រឹត្តិការណ៍នេះ លោក Nguyen Quoc Dung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក បានឧទ្ទេសនាមអំពីប្រវត្តិសាស្ត្រដ៏យូរលង់ និងប្រពៃណី វប្បធម៌សម្បូរបែបរបស់វៀតណាម។ ទន្ទឹមនឹងនោះ លោក Nguyen Quoc Dung បានបង្ហាញអំពីសមិទ្ធិផលនានាក្នុងទំនាក់ទំនងរវាងវៀតណាម និងអាមេរិក។ បន្ទាប់មក ព្រឹត្តិការណ៍ក៏បានបង្ហាញអំពីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៅប្រទេសវៀតណាម ហើយមានការបង្ហាញម៉ូតសំលៀកបំពាក់ប្រពៃណីរបស់វៀតណាម ការទទួលទានម្ហូបហាណូយ និងទីក្រុង Hue។
|
|
ភ្ញៀវជាច្រើនចូលរួមក្នុងព្រឹត្តិការណ៍ (រូបថត៖ vov.vn) |
លោក Gregory Bland អគ្គនាយកក្រុមហ៊ុន Things To Do DC បានថ្លែងអំណរគុណចំពោះលោក Nguyen Quoc Dung ឯកអគ្គរដ្ឋទូត និងស្ថានទូតវៀតណាមប្រចាំនៅអាមេរិកដែលស្វាគមន៍មិត្តភក្តិអាមេរិកមក “ផ្ទះវៀតណាម”។ លោក Bland បានឲ្យដឹងថា ភ្ញៀវអាមេរិកមានការចាប់អារម្មណ៍ចំពោះព្រឹត្តិការណ៍នេះ ហើយមានបំណងស្វែងយល់កាន់តែស៊ីជម្រៅថែមទៀតអំពីទឹកដី និងមនុស្សវៀតណាម។
ភ្ញៀវទាំងឡាយក៏បានសម្តែងនូវការចាប់អារម្មណ៍ចំពោះសមិទ្ធិផលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាម និងមានបំណងចង់ស្វែងយល់ពីទេសភាពនៃប្រទេសវៀតណាម និងស្វែងរកឱកាសវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម។
ព្រឹត្តិការណ៍បានបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អចំពោះភ្ញៀវ ហើយជាចំណុចសំខាន់មួយនៃសកម្មភាពការទូតវប្បធម៌ក្នុងឆ្នាំ ២០២៤ ឆ្ពោះទៅព្រឹត្តិការណ៍ផ្សេងៗដើម្បីខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅឆ្នាំ២០២៥៕
បកប្រែដោយ Thuy Anh