ពិធីបើកទិវាវប្បធម៌វៀតណាម-កូរ៉េខាងត្បូងនៅទីក្រុង Can Tho
កប.អនឡាញ - នាយប់ថ្ងៃទី ៥ ខែតុលា គណៈកម្មាធិការប្រជាជនទីក្រុង Can Tho ភាគខាងត្បូងវៀតណាម បានសហការជាមួយស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម និងស្ថានអគ្គកុងស៊ុលកូរ៉េខាងត្បូងប្រចាំនៅទីក្រុងហូជីមិញ រៀបចំពិធីបើកទិវាវប្បធម៌វៀតណាម - កូរ៉េខាងត្បូងនៅទីក្រុង Can Tho ឆ្នាំ ២០២៤។
ព្រឹត្តិការណ៍នេះ មានគោលបំណងអបអរសាទរខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងរួមចំណែកពូនជ្រំទំនាក់ទំនងរវាង Can Tho និងដៃគូកូរ៉េខាងត្បូង។ នេះជាឱកាសសម្រាប់ប្រជាជន Can Tho និងសហគមន៍ជានជាតិកូរ៉េខាងត្បូងនៅតំបន់ដីសណ្ដទន្លេ Cuu Long ស្វែងយល់អំពីលក្ខណៈវប្បធម៌នៃប្រទេសទាំងពីរ។
ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ មន្ទីរកិច្ចការបរទេសនៃទីក្រុង Can Tho និងមជ្ឈមណ្ឌលវប្បធម៌កូរ៉េខាងត្បូងនៅវៀតណាម មន្ទីរអប់រំ និងបណ្តុះបណ្តាលទីក្រុង Can Tho និងមជ្ឈមណ្ឌលភាសាកូរ៉េខាងត្បូងនៅទីក្រុងហូជីមិញ បានប្រកាសអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរវប្បធម៌ និងអប់រំ។ ការចុះហត្ថលេខានេះបានបង្ហាញពីទំនាក់ទំនងមិត្តភាព ជិតស្និទ្ធ និងគោលបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការ និងពង្រីកប្រៀបខ្លាំងនៃភាគីទាំងពីរដើម្បីការអភិវឌ្ឍរួម។
|
|
ការសម្តែង Pangut នៃក្រុមសិល្បៈប្រពៃណី Uhee មកពីប្រទេសកូរ៉េខាងត្បូង (រូបថត៖ vnanet.vn) |
ជាពិសេស គណៈកម្មាធិការប្រជាជនទីក្រុង Can Tho និងស្ថានអគ្គកុងស៊ុលកូរ៉េខាងត្បូងប្រចាំទីក្រុងហូជីមិញ បានប្រមូលថវិកាចំនួន ៦២២ លានដុងពីបុគ្គល និងអង្គភាពនានានៃប្រទេសវៀតណាម និងកូរ៉េខាងត្បូង ដើម្បីផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតក្រីក្រដែលមានលទ្ធផលល្អក្នុងការសិក្សា និងកុមារវៀតណាម-កូរ៉េខាងត្បូងដែលមានស្ថានភាពលំបាកចំនួន ៣១១ នាក់តាមរយៈសមាគមជំរុញការសិក្សាទីក្រុង Can Tho។
ទិវាវប្បធម៌វៀតណាម - កូរ៉េខាងត្បូងនៅទីក្រុង Can Tho ប្រព្រឹត្តទៅនៅថ្ងៃទី ៥ និងទី ៦ ខែតុលាដោយមានសកម្មភាពដ៏ទាក់ទាញជាច្រើនដូចជា៖ ស្តង់ចំនួន ៥០ ស្ដង់ដែលបង្ហាញអំពីវប្បធម៌ ទេសចរណ៍ ម្ហូបអាហារ ការអប់រំ និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ ការសម្ដែងសិល្បៈនៃសិល្បករ និងក្រុមតន្ត្រីល្បីៗជាច្រើនមកពីប្រទេសវៀតណាម និងកូរ៉េខាងត្បូង៕
បកប្រែដោយ Thuy Anh