ទីក្រុងហាណូយ និងទីក្រុងហូជីមិញ ស្ថិតក្នុងបញ្ជីទីក្រុងទាំង១០ ដែលមានចំណាយនៃការធ្វើដំណើរទេសចរណ៍តិចបំផុតនៅអាស៊ី
កប.អនឡាញ- បញ្ជីទីក្រុងទាំង១០ ដែលមានចំណាយនៃការធ្វើដំណើរទេសចរណ៍តិចបំផុតនៅអាស៊ី ទើបតែត្រូវបានប្រកាសដោយទស្សនាវដ្ដីទេសចរណ៍អាមេរិក Travel & Leisure ដោយផ្អែកលើតម្លៃមធ្យមនៃបន្ទប់គេងសម្រាប់មនុស្សពីរនាក់ និងតម្លៃសំបុត្រយន្តហោះ ក្នុងរយៈពេលពីខែមិថុនា ដល់ខែធ្នូ។
យោងតាមបញ្ជីនេះ ទីក្រុងហូជីមិញជាប់ចំណាត់ថ្នាក់លេខ២ ជាមួយនឹងប្រាក់ចំណាយជាមធ្យមប្រហែល ១,៤៥២ ដុល្លារអាមេរិក។ រដ្ឋធានីហាណូយជាប់ចំណាត់ថ្នាក់ទីប្រាំបួនដែលមានប្រាក់ចំណាយសរុបប្រហែល ១,៥៤៦ ដុល្លារអាមេរិក។
អ្នកជំនាញនៃ Travel & Leisure បានឲ្យដឹងថា ជើងហោះហើរត្រង់ពីទីក្រុងហូជីមិញ ទៅសាន់ហ្វ្រាន់ស៊ីស្កូ ជួយសន្សំយ៉ាងច្រើនសម្រាប់ភ្ញៀវទេសចរ (តម្លៃសំបុត្រគឺប្រហែល ៦៦០ ដុល្លារ)។ ទន្ទឹមនឹងនោះ តម្លៃអាហារ និងកន្លែងស្នាក់នៅក្នុងទីក្រុងហូជីមិញក៏មានតម្លៃសមរម្យផងដែរ។
នាំមុខគេក្នុងបញ្ជីនេះគឺតៃប៉ិ (តៃវ៉ាន់ ប្រទេសចិន)។ ប្រទេសជប៉ុនក៏មានទីក្រុងចំនួនពីរក្នុងបញ្ជីនេះ គឺទីក្រុងតូក្យូ និងអូសាកា (ជាប់ចំណាត់ថ្នាក់លេខ ៧ និងលេខ ១០ )។ ទីក្រុង New Delhi របស់ឥណ្ឌា ស្ថិតនៅលំដាប់ទី៤។
នាពេលកន្លងមកនេះ ប្រទេសវៀតណាមបានលេចធ្លោនៅក្នុងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិថាជាគោលដៅមួយដែលមានអាហារឆ្ងាញ់ ថ្លៃសមរម្យ និងមធ្យោបាយធ្វើដំណើរសាធារណៈមានភាពងាយស្រួល កន្លែងស្នាក់នៅមានតម្លៃថោក។
សូមរំលឹកថា គេហទំព័រ Tripadvisor ក៏បានប្រកាសបញ្ជីទីក្រុងចំនួន ១៥ ដែលមានមុខម្ហូបដ៏ទាក់ទាញបំផុតនៅលើពិភពលោក។ តាមនោះ ហាណូយគឺជាតំណាងតែមួយគត់របស់វៀតណាមមានវត្តមានក្នុងបញ្ជីនេះ។
កាលពីដើមឆ្នាំនេះ ទស្សនាវដ្ដីទេសចរណ៍ Condé Nast Traveler ក៏បានប្រកាសបញ្ជីគោលដៅទេសចរណ៍ថោកបំផុតចំនួន ២១ ដែលក្នុងនោះវៀតណាមក៏ស្ថិតក្នុងបញ្ជីនេះផងដែរ៕
បកប្រែដោយ Thuy Anh