របាំរាំវង់ មានន័យថា រាំបន្តគ្នាជារង្វង់មូល ហើយជារបាំសម្រាប់រាំលេងកម្សាន្ត ឬ ក៏រាំដើម្បីបំបាត់ការនឿយហត់ក្រោយពីការបំពេញពលកម្ម ឬ ប្រកបរបរចិញ្ចឹមជីវិត។

យោងតាមសិល្បករ Thach Sung ប្រធានក្រុមសិល្បៈខ្មែរ Anh Binh Minh (ខេត្ដ Tra Vinh) បានឲ្យដឹងថា របាំប្រជាប្រិយខ្មែរនេះ ជាប្រភេទរបាំដែលងាយចាំ ងាយចេះ ហើយងាយក្នុងការរៀបចំសម្ដែងទៀតផង អាស្រ័យហេតុនេះហើយ របាំនេះបានទាក់ទាញអ្នកចូលរួមយ៉ាងច្រើនកុះករ។

leftcenterrightdel
របាំរាំវង់មានលក្ខណៈពិសេសរបស់ជនរួមជាតិខ្មែរ

របាំរាំវង់មានលក្ខណៈងាយស្រួល ទាំងក្បាច់ក្បូរ ទាំងការប្រើដៃ ជើង ក និងចង្កេះ។ ឯចង្វាក់វិញ មិនយឺតពេក ហើយក៏មិនញាប់ពេកដែរ។ ក្នុងពេលរាំទាំងស្រីទាំងប្រុសត្រូវបោះជំហាន ឆ្វេងស្ដាំទៅមុខ ដោយស្រីរាំនៅខាងមុខ ប្រុសរាំនៅពីក្រោយបន្តគ្នាឬពេលខ្លះរាំកៀងគ្នា ឬ ខ្លះជំរុញឲ្យប្ដូរគូក៏មាន។ ឯដៃត្រូវ "ជីប" ពីក្រោមហើយលើកចំពីមុខទៅខាងលើ...បញ្ច្រាសគ្នា ឆ្វេងម្ដងស្ដាំម្ដង ហើយលៃដៃ និងជើងនោះ ក៏ឲ្យបញ្រ្ចាសគ្នាផងដែរ គឺបើឈានជើងស្ដាំទៅមុខត្រូវលើកដៃឆ្វេង ហើយបើឈានជើងឆ្វេងទៅមុខវិញត្រូវលើកដៃស្ដាំវិញ។ល។ ជួនកាលគេរាំធ្វើដំណើរទៅមុខបីជំហាន រួចគោះជើងមកខាងក្រោយ "មួយ" ក៏មាន ហើយចេះតែបន្តយ៉ាងនេះ ជារង្វង់មូលរហូតទៅ។ ចង្វាក់ភ្លេងរាំវង់ជាទូទៅពេលចាប់ផ្ដើមច្រើនតែស្ថិតនៅក្នុងចង្វាក់នឹង ឬ ស្មើធម្មតា លុះជិតចប់បទនីមួយៗ ក្រុមតន្ត្រីច្រើនតែប្រគំរន្ថើនឡើងៗ ញាប់ឡើងរហូតដល់ចប់។

របាំរាំវង់របស់ជនរួមជាតិខ្មែរត្រូវបានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិកាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៩។ ទោះជាយ៉ាងនេះក្តី បច្ចុប្បន្ន ដោយសារឥទ្ធិពលនៃទម្រង់វប្បធម៌ជាច្រើន និងខ្វះការយកចិត្តទុកដាក់ ដូច្នេះយុវជនខ្មែរជាច្រើនរូបមិនចេះរាំវង់ ឬ រាំមិនត្រឹមត្រូវ។ ដោយយល់ឃើញពីប្រកានេះ  នាពេលថ្មីៗនេះ ខេត្តនានាដែលមានជនជាតិខ្មែរច្រើនរស់នៅក្នុងតំបន់ដីសណ្ដទន្លេ Cuu Long បានផ្តោតសំខាន់លើការអភិរក្ស និងបង្រៀនរបាំរាំវង់។

លោក Son Thanh Liem នាយករងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Soc Trang បានមានប្រសាសន៍ថា៖ “បច្ចុប្បន្ន មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត សម្របសម្រួលជាមួយស្ថាប័ន មន្ទីរ និងមូលដ្ឋាននានាបើកថ្នាក់រាំវង់សម្រាប់ប្រជាពលរដ្ឋ។ ក្នុងថ្នាក់នេះ សិស្សត្រូវបានបង្ហាត់បង្រៀនដោយគ្រូបង្រៀនមកពីក្រុមសិល្បៈខ្មែរខេត្ត Soc Trang លើរបៀបរបាំរាំវង់ ក៏ដូចជារបាំប្រពៃណីក្នុងសកម្មភាពសហគមន៍របស់ជនរួមជាតិខ្មែរ។ លោក Son Thanh Liem សង្ឃឹមថា តាមរយៈថ្នាក់រៀននេះ ភ្លេងពិណពាទនឹងបន្លឺឡើងនៅតាមភូមិ ឃុំ និងស្រុកនៃសហគមន៍ខ្មែរ។

ទន្ទឹមនឹងសិល្បៈល្ខោន  របាំរាំវង់របស់ប្រជាពលរដ្ឋខ្មែរបានក្លាយទៅជាសម្បត្តិ និងបេតិកភណ្ឌដ៏មានតម្លៃដែលត្រូវបានអភិរក្ស និងថែរក្សាទុកសម្រាប់កូនចៅជំនាន់ក្រោយ ក៏ដូចជាបម្រើភ្ញៀវទេសចរគ្រប់ៗរូបនៅពេលមកដល់តំបន់ជនរួមជាតិខ្មែរ៕

បកប្រែដោយ Pham Diep