គណៈកម្មការគ្រប់គ្រងមណ្ឌលបេតិកភណ្ឌវប្បធម៌ My Son (ខេត្ត Quang Nam) បានឲ្យដឹងថា នឹងលក់សំបុត្រសម្រាប់ភ្ញៀវទេសចរមកទស្សនានៅមណ្ឌលបេតិកភណ្ឌវប្បធម៌ My Son តាំងពីថ្ងៃទី២៨ ខែមេសានេះតទៅ។ ប៉ុន្តែគណៈកម្មការគ្រប់គ្រងមណ្ឌលបេតិកភណ្ឌវប្បធម៌ My Son ក៏ស្នើឲ្យភ្ញៀវទេសចរអនុវត្តយ៉ាងពេញលេញនូវវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ផងដែរ។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

មន្ទីរទេសចរណ៍ខេត្ត Khanh Hoa ក៏បានឲ្យដឹងថា មន្ទីរបានរៀបចំផែនការផ្តោតលើទីផ្សារក្នុងប្រទេសនៅរដូវក្តៅខាងមុខនេះ ជាពិសេសគឺភ្ញៀវទេសចរមកពីទីក្រុងហាណូយ និងទីក្រុងហូជីមិញ។ នាពេលខាងមុខ គោលដៅទេសចរណ៍នានានៅទីក្រុង Nha Trang (ខេត្ត Khanh Hoa) នឹងបើកឡើងវិញ។

មន្ទីរទេសចរណ៍ខេត្ត Kien Giang បានឲ្យដឹងថា ខេត្តបានអនុញ្ញាតឲ្យក្រុមហ៊ុនទេសចរណ៍ និងគោលដៅទេសចរណ៍នៅក្នុងខេត្តចាប់ផ្ដើមបើកឡើងវិញ និងទទួលភ្ញៀវទេសចរក្នុងប្រទេស និងភ្ញៀវទេសចរបរទេសដែលរស់នៅក្នុងប្រទេសវៀតណាម។ មន្ទីរទេសចរណ៍ខេត្តស្នើឲ្យក្រុមហ៊ុនទេសចរណ៍នៅខេត្តបន្តអនុវត្តត្រឹមត្រូវនូវការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ជាមួយគ្នានេះនៅទីក្រុងហាណូយ គោលដៅទេសចរណ៍មិនទាន់បើកនៅឡើយ ប៉ុន្តែគោលដៅទេសចរណ៍ជាច្រើនបានត្រៀមខ្លួនជាស្រេចបើកដំណើរការឡើងវិញដើម្បីទទួលស្វាគមន៍ប្រជាជន។ នាយកមជ្ឈមណ្ឌលវិទ្យសាស្រ្ត Van Mieu – Quoc Tu Giam លោក Le Xuan Kieu បានឲ្យដឹងថា អង្គភាពបានធ្វើអនាម័យជាប្រចាំថ្ងៃ និងរៀបចំឲ្យធានាសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរខណពេលបើកឡើងវិញ។

នាយករងនៃមជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌ Thang Long – Ha Noi លោក Nguyen Thanh Quang បានឲ្យដឹងថា តាមគម្រោង បរមរាជវាំង Thang Long នឹងទទួលស្វាគមន៍ភ្ញៀវទេសចរឡើងវិញក្នុងឱកាសពិធីបុណ្យនាថ្ងៃ ៣០ ខែមេសា និងថ្ងៃទី១ ខែឧសភា។

ពិធីបុណ្យនាថ្ងៃ ៣០ ខែមេសា និងថ្ងៃទី១ ខែឧសភា គឺជា​ឱកាសអំណោយផលនិងសមស្របសម្រាប់ផ្នែកទេសចរណ៍ជម្រុញសកម្មភាពទេសចរណ៍នៅពេលការរីករាលដាលនៃជំងឺ Covid-19 ស្ថិតនៅក្រោមការគ្រប់គ្រង៕

បកប្រែដោយ Thanh Cong