ប្រព័ន្ធផ្សព្វផ្សាយអាមេរិក៖ លោកប្រធានាធិបតី Donald Trump អនុម័តលើផែនការ ២៨ ចំណុច ដើម្បីដោះស្រាយជម្លោះនៅអ៊ុយក្រែន
ប្រព័ន្ធផ្សព្វផ្សាយអាមេរិក នាថ្ងៃទី ១៩ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) បានរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានយល់ព្រមលើផែនការ ២៨ ចំណុច ដើម្បីដោះស្រាយជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។
ជាក់ស្តែង NBC News បានដកស្រង់សម្តីរបស់មន្ត្រីជាន់ខ្ពស់ម្នាក់នៅក្នុងរដ្ឋបាលសហរដ្ឋអាមេរិក ដោយនិយាយថា ផែនការថ្មីរបស់ទីក្រុងវ៉ាស៊ីនតោន ផ្តោតលើការបង្កើតយន្តការធានាសន្តិសុខសម្រាប់ភាគីទាំងពីរ សំដៅបង្កើតមូលដ្ឋានគ្រឹះសម្រាប់សន្តិភាពប្រកបដោយចីរភាព។
    |
 |
|
ប្រធានាធិបតីអាមេរិក លោក Donald Trump |
មុននោះ គេហទំព័រ Axios ក៏បានដកស្រង់ប្រភពព័ត៌មានពីរុស្ស៊ី និងសហរដ្ឋអាមេរិក ដែលបានឲ្យដឹងថា ភាគីទាំងពីរបានសម្របសម្រួលដោយសម្ងាត់ក្នុងដំណើរការបង្កើតផែនការ ២៨ ចំណុចនេះ។ សំណើនេះ ផ្តោតលើសសរស្តម្ភសំខាន់ៗចំនួន ៤ រួមមាន៖ ជំរុញសន្តិភាពនៅអ៊ុយក្រែន ការធានាសន្តិសុខ ការពង្រឹងសន្តិសុខអឺរ៉ុប និងការបង្កើតទំនាក់ទំនងនាពេលអនាគតរវាងសហរដ្ឋអាមេរិក រុស្ស៊ី និងអ៊ុយក្រែន។ លើសពីនេះ យោងតាមប្រភពព័ត៌មានមួយចំនួន ទីក្រុងវ៉ាស៊ីនតោនបានស្នើឱ្យទីក្រុងគៀវទទួលស្គាល់ភាសារុស្ស៊ីជាភាសាផ្លូវការឡើងវិញ និងផ្តល់ឋានៈស្របច្បាប់ដល់សាខាក្នុងស្រុកនៃសមាគមសាសនា គ្រិស្តអូស្សូដក់ របស់រុស្ស៊ី។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ថា មេដឹកនាំរុស្ស៊ី និងសហរដ្ឋអាមេរិក បានពិភាក្សាអំពីផែនទីបង្ហាញផ្លូវសន្តិភាពសម្រាប់អ៊ុយក្រែន នៅក្នុងកិច្ចប្រជុំកំពូលកាលពីខែសីហា នៅរដ្ឋអាឡាស្កា(អាមេរិក) ប៉ុន្តែមិនមានវឌ្ឍនភាពថ្មីណាមួយចាប់តាំងពីពេលនោះមក៕
តាម vovworld.vn