ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្កើនការព្យាករណ៍កំណើនសម្រាប់អាស៊ីអាគ្នេយ៍ពី ៤.៥% ឡើង ៤.៧% ដោយសារការនាំចេញ និងការចំណាយមូលធនសម្រាប់វិនិយោគសាធារណៈនៅក្នុងសេដ្ឋកិច្ចធំៗ។ កំណើនសេដ្ឋកិច្ចរបស់ប្រទេសសមាជិកអាស៊ានជាច្រើន រួមមានម៉ាឡេស៊ី ថៃ សិង្ហបុរី និងវៀតណាម ត្រូវបានគាំទ្រដោយការកើនឡើងនៃតម្រូវការក្នុងស្រុក អតិផរណាទាប និងការវិនិយោគសាធារណៈប្រកបដោយនិរន្តរភាព។ ការវិនិយោគពីបរទេសបានកើនឡើងនៅវៀតណាម ខណៈដែលសេដ្ឋកិច្ចឥណ្ឌូនេស៊ី និងហ្វីលីពីនបន្តសម្រេចបាននូវកំណើនតាមការព្យាករណ៍ពីមុន។

ប៉ុន្តែ សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍នៅតែប្រឈមមុខនឹងហានិភ័យជាច្រើន ដូចជាភាពតានតឹងភូមិសាស្ត្រនយោបាយនៅតំបន់ជាច្រើន ការបែងចែកពាណិជ្ជកម្ម គ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ ដែលជះឥទ្ធិពលអវិជ្ជមានដល់វិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ ដូច្នេះ ADB ព្យាករថា កំណើនសេដ្ឋកិច្ចរបស់អាស៊ីអាគ្នេយ៍នឹងនៅតែមានកម្រិត ៤.៧% ក្នុងឆ្នាំ២០២៥ ទោះបីជាគោលនយោបាយរបស់លោក Donald Trump ប្រធានាធិបតីអាមេរិក អាចមានផលប៉ះពាល់អវិជ្ជមានក៏ដោយ។

leftcenterrightdel
ជ្រុងមួយនៃទីក្រុងហាណូយ (រូបថត៖ nhandan.vn)

នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាខឿនសេដ្ឋកិច្ចធំជាងគេក្នុងតំបន់ របាំងនានាកាន់តែច្បាស់ ដែលបណ្តាលមកពីការថយចុះនៃការប្រើប្រាស់ក្នុងគ្រួសារ ការថយចុះនៃចំនួនប្រជាជនវណ្ណៈកណ្តាល។ ទន្ទឹមនឹងនេះ ប្រទេសថៃកំពុងខិតខំប្រឹងប្រែងដើម្បីស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត Covid-19 ជាពិសេសនៅក្នុងវិស័យទេសចរណ៍ និងសេវាកម្ម។ ប៉ុន្តែ ការប្រើប្រាស់ក្នុងស្រុកទាប និងការកើនឡើងបំណុលគ្រួសារអាចជាកត្តារារាំងគោលដៅនេះ។ អ្នកវិភាគចាត់ទុកថា ទោះបីម៉ាឡេស៊ី និងវៀតណាម ដែលជាប្រទេសទាំងពីរដែលកត់ត្រាសមិទ្ធិផលសេដ្ឋកិច្ចគួរឲ្យចាប់អារម្មណ៍ក្នុងឆ្នាំ២០២៤ក៏ដោយ ក៏ទំនងជាប្រឈមមុខនឹងបញ្ហាប្រឈមក្នុងការរក្សាសន្ទុះកំណើន និងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងបរិបទនៃការកើនឡើងរបស់ការលំបាកជាសកល។

របាយការណ៍គួរឲ្យចាប់អារម្មណ៍មួយដែលត្រូវបានចេញផ្សាយដោយធនាគារ HSBC នាពេលថ្មីៗនេះបង្ហាញថា ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំ ៤.៧% បណ្តាប្រទេសអាស៊ីអាគ្នេយ៍នឹងវ៉ាដាច់ប្រទេសជប៉ុនក្នុងទំហំសេដ្ឋកិច្ចនៅឆ្នាំ២០២៩។ នៅពេលនោះ តំបន់នេះនៅតែជាប់ចំណាត់ថ្នាក់ទី៥ នៅក្នុងបញ្ជីប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេរបស់ពិភពលោក ខណៈដែលប្រទេសឥណ្ឌាបានឡើងដល់ចំណាត់ថ្នាក់ទី៤ និងប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់ទី៦។ HSBC បានកត់សម្គាល់ថា កំណើនរបស់តំបន់អាស៊ីអាគ្នេយ៍មិនមែនដោយសារចំនួនប្រជាជនទេ។ ដោយសារតែសមាមាត្រប្រជាជនសកលលោកបានឡើងដល់កំពូលនៅឆ្នាំ២០១២ គឺ ៨.៥៩% ហើយនឹងថយចុះជាបណ្តើរៗមកត្រឹម ៨.៣៣% ក្នុងដំណើកាល ២០២៤-២០៣៥។ ធនាគារនេះពន្យល់ថា គន្លឹះគឺការលើកកម្ពស់នៃគុណភាពនៃកំណើនតាមរយៈការផ្លាស់ប្ដូរថ្មី ការច្នៃប្រឌិត នៅក្នុងខ្សែសង្វាក់តម្លៃសកល។

តំបន់នេះបង្កើនចំណែកទីផ្សាររបស់ខ្លួនក្នុងការផលិតទំនិញនាំចេញពី ៦.១% ក្នុងឆ្នាំ២០០៥ ឡើង ៧.៤% ក្នុងឆ្នាំ២០២៣។ ទន្ទឹមនឹងទំនិញ តំបន់នេះក៏នាំចេញសេវាកម្មនៅក្នុងវិស័យអេឡិចត្រូនិក ទូរគមនាគមន៍ និងហិរញ្ញវត្ថុ … ដែលសិង្ហបុរីជាប្រទេសនាំមុខគេ ក្នុងតួនាទីជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ។ ប្រាក់ចំណូលពីការនាំចេញសេវាកម្មហិរញ្ញវត្ថុសរុបរបស់សិង្ហបុរីនៅឆ្នាំ២០២៣ សម្រេចបាន ២.៦ ពាន់លានដុល្លារ។

អ្នកជំនាញផ្នែកសេដ្ឋកិច្ចចាត់ទុកថា ជាមួយនឹងភាពរហ័សរហួន និងភាពបត់បែន តំបន់អាស៊ីអាគ្នេយ៍នឹងឈានចូលដល់ឆ្នាំ២០២៥ ជាមួយឱកាសទទួលជោគជ័យជាច្រើន ទោះបីជាត្រូវប្រឈមមុខនឹងបញ្ហាជាច្រើនក៏ដោយ៕

បកប្រែដោយ Thuy Anh