កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីមីយ៉ាន់ម៉ា បានបើកនៅថ្ងៃទី២៧ ខែតុលា នៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ាននៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ក្រោមអធិបតីភាពលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បេសកជនពិសេសអាស៊ានស្ដីពីមីយ៉ាន់ម៉ា។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីមីយ៉ាន់ម៉ា (រូបថត៖ vnanet.vn)

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ប្រទេសម៉ាឡេស៊ីជាថ្មីម្តងទៀតបានអះអាងថា អាស៊ានគួរតែមានក្របខ័ណ្ឌមួយ ដើម្បីសម្រួលដល់ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចរបស់អាស៊ានស្តីពីមីយ៉ាន់ម៉ា ឆ្ពោះទៅរកសន្តិភាព និងភាពសុខដុមរមនា ក៏ដូចជាវិបុលភាពនៅក្នុងប្រទេសនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ម៉ាឡេស៊ីស្នើឲ្យអាស៊ានរៀបចំកិច្ចពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា (NUG) និងភាគីពាក់ព័ន្ធនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីលើកទឹកចិត្តឲ្យមានកិច្ចសន្ទនាក្នុងន័យស្ថាបនា។ ម៉ាឡេស៊ីក៏បានផ្តល់សំណើថា អាស៊ានធ្វើការពិចារណាស្ដីពីរៀបចំវេទិកានៃសប្បុរសជនដែលចូលរួមសកម្មភាពមនុស្សធម៌ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងបញ្ហានេះ។

សេចក្តីប្រកាសបានបន្ថែមថា នៅក្នុងកិច្ចប្រជុំនេះ មានសំណើផ្សេងៗត្រូវបានលើកឡើង។ កិច្ចប្រជុំបានឯកភាពនឹងស្រាវជ្រាវអំពីសំណើទាំងនោះ ហើយរៀបចំកិច្ចប្រជុំម្តងទៀតក្នុងខែវិច្ឆិកា ដើម្បីឯកភាពគ្នា និងលើកសំណើចុងក្រោយ មុននឹងដាក់ជូនមេដឹកនាំអាស៊ានក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ៕

បកប្រែដោយ Thuy Anh