យោងតាមទិន្នន័យដែលបានចេញផ្សាយនៅលើទំព័រពាណិជ្ជកម្មអេឡិចត្រូនិក (iTrade Bulletin) របស់ក្រសួងពាណិជ្ជកម្មកម្ពុជា តម្លៃនៃទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក របស់ប្រទេសនេះសម្រេចបាន ៩៧០ លានដុល្លារនៅឆ្នាំ ២០២១ គឺកើនឡើង ១៩% បើធៀបនឹងឆ្នាំ ២០២០ (៨១៣ លានដុល្លារអាមេរិក)។

ឈរចំណាត់ថ្នាក់លេខ១ក្នុងតារាងវិស័យដែលនាំមកប្រាក់ចំណូលពីពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា គឺម៉ូដសម្លៀកបំពាក់ដោយសម្រេចបាន ២៦៣.៣ លានដុល្លារ តាមពីក្រោយគឺគ្រឿងអេឡិចត្រូនិកដោយសម្រេចបាន ២៥៤.៤ លានដុល្លារ រាល់ផលិតផលថែរក្សាសម្រស់ សុខភាពផ្ទាល់ខ្លួន និងគ្រួសារដោយសម្រេចបាន ២៣០.៥ លានដុល្លារ…

leftcenterrightdel
ពាណិជ្ជកម្មអេឡិចត្រូនិកមានការវិវឌ្ឍយ៉ាងលឿននៅកម្ពុជា៖ រូបថតៈ Xinhua

ជំរុញការស្តារសេដ្ឋកិច្ចក្រោយការរីករាលដាលនៃជំងឺ Covid-19

អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានវាយតម្លៃថា កត្តាជំរុញនៃកំណើនដ៏ខ្លាំងក្លានៃវិស័យពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ គឺការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ការកើនឡើងនៃអ្នកប្រើប្រាស់អ៊ីនធឺណិត និងជំងឺរាតត្បាត Covid-19។

និយាយជាមួយទីភ្នាក់ងារសារព័ត៌មានស៊ីនហួ លោក ប៉ែន សុវិជាតិ មានប្រសាសន៍ថា៖ “យើងមើលឃើញថា ពាណិជ្ជកម្មអេឡិចត្រូនិក គឺជាវិស័យសក្តានុពលមួយដើម្បីជួយពន្លឿនការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងរយៈពេលក្រោយ Covid-19។ ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺ Covid-19  ពាណិជ្ជកម្មអេឡិចត្រូនិកបានរីកចម្រើនយ៉ាងឆាប់រហ័ស ហើយគ្មានការងឿងឆ្ងល់ទេថា កំណើននេះនឹងបន្តក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

ឯកភាពជាមួយទស្សនៈនេះរបស់លោក ប៉ែន សុវិជាតិ លោក Jack Lee នាយកប្រតិបត្តិ និងជាស្ថាបនិកបណ្តាញ Smile Shop នៅកម្ពុជាបានមានប្រសាសន៍ថា ការរឹតបន្តឹងលើការធ្វើដំណើរដោយសារតែការរីករាលដាលនៃ Covid-19 គឺជាមូលហេតុចម្បងមួយនៅពីក្រោយការអភិវឌ្ឍ ពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា។ មនុស្សកុម្ម៉ង់អាហារ គ្រឿងទេស ប្រដាប់ប្រដាប្រើប្រាស់... នៅលើ Facebook, Instagram និងទំព័រពាណិជ្ជកម្មអេឡិចត្រូនិកផ្សេងៗទៀត។

ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃពាណិជ្ជកម្មអេឡិចត្រូនិក កម្ពុជាបានអនុម័តច្បាប់ស្តីពីពាណិជ្ជកម្មអេឡិចត្រូនិក និងច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់នៅឆ្នាំ ២០១៩ បន្តនោះគឺច្បាប់ស្តីពីការប្រកួតប្រជែងនៅឆ្នាំ ២០២១។

យោងតាមអាជ្ញាធរគ្រប់គ្រងទូរគមនាគមន៍កម្ពុជា បច្ចុប្បន្នមានអ្នកជាវអ៊ីនធឺណិតប្រមាណ ១៧.៧ កញ្ចប់ ដែលភាគច្រើនបានចូលប្រើប្រព័ន្ធអនឡាញតាមរយៈស្មាតហ្វូន។

និយាយម៉្យាងទៀត លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ឱ្យដឹងថា ពាណិជ្ជកម្មតាមអេឡិចត្រូនិក មានភាពងាយស្រួល រហ័ស និងមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ដោយសារការកើនឡើងនៃការប្រើប្រាស់អ៊ីនធឺណិត និងការទូទាត់តាមទូរស័ព្ទចល័ត។

“ពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា បានចាប់ផ្តើមរីកចម្រើនយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ ២០១៨ ហើយជាពិសេសក្នុងអំឡុងពេលជំងឺរាតត្បាត Covid-19 ក្នុងឆ្នាំ ២០២០ និងឆ្នាំ ២០២១”។ លោក ហុង វណ្ណៈ បានអះអាងបែបនេះ។

លោក ហុង វណ្ណៈ បានមានប្រសាសន៍ថា “យុវជនមានចំណេះដឹងផ្នែកបច្ចេកវិទ្យាកាន់តែប្រសើរ ហើយពួកគេចង់ប្រើនូវរាល់វិធីទំនើបៗបន្ថែមទៀតក្នុងការទិញ និងទូទាត់តាមអ៊ីនធឺណិត”។

របាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបង្ហាញថា មានអ្នកប្រើប្រាស់ការទូទាត់តាមទូរស័ព្ទសរុបចំនួន ១៣.៦ លាននាក់នៅក្នុងប្រទេសនេះ ឆ្នាំ ២០២១ កើនឡើង ៤២% ពីចំនួន ៩.៥៦ លាននាក់ក្នុងឆ្នាំ ២០២០។

ភាពរឹងមាំថ្មីពី RCEP និង CCFTA

លើសពីនេះ បើតាមអនុរដ្ឋលេខាធិការ លោក ប៉ែន សុវិជាតិ ឱ្យដឹងថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា និងចិន (CCFTA) ដែលបានចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ ក៏ជាកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍ ពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា។

ពាណិជ្ជកម្មអេឡិចត្រូនិកគឺជាវិស័យដែលមានសក្តានុពលក្នុងការជួយជំរុញសេដ្ឋកិច្ចកម្ពុជាក្នុងអំឡុងពេល និងក្រោយការរាតត្បាតនៃជំងឺ Covid-19  ហើយការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃពាណិជ្ជកម្មអេឡិចត្រូនិករបស់ចិន ដែលអាចជាគំរូដ៏ល្អសម្រាប់កម្ពុជាក្នុងការរៀនសូត្រ។

យោងតាមលោក Jack Lee ពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជាបានជួយក្រុមហ៊ុនកម្ពុជាណែនាំផលិតផលដល់អ្នកប្រើប្រាស់ចិន ហើយក្រុមហ៊ុនចិននាំទំនិញរបស់ពួកគេមកអតិថិជនកម្ពុជា។ ផលិតផលសំខាន់ៗដែលចូលមកប្រទេសកម្ពុជាពីប្រទេសចិនតាមរយៈពាណិជ្ជកម្មអេឡិចត្រូនិកគឺ គ្រឿងអេឡិចត្រូនិក សំលៀកបំពាក់ និងទំនិញប្រើប្រាស់ផ្សេងៗទៀត។

សេដ្ឋវិទូជាន់ខ្ពស់ លោក គី សេរីវុធ នាយកវិទ្យាស្ថានសិក្សាចិន បានយល់ស្របថា RCEP និង CCKFTA បានធ្វើឲ្យប្រសើរឡើងនូវការអភិវឌ្ឍពាណិជ្ជកម្ម អេឡិចត្រូនិករបស់កម្ពុជា។

តាមនោះ ប្រទេសនេះ "អាចក្លាយជាមជ្ឈមណ្ឌលចែកចាយទំនិញពីប្រទេសចិនទៅកាន់តំបន់អាស៊ាន"។

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងពន្ធដារកម្ពុជា ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២២ ការនាំចេញទំនិញរបស់កម្ពុជាសម្រេចបាន ១១.៣៧ ពាន់លានដុល្លារ កើនឡើង ៣៣.៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ និងទំនិញនាំចូលមានតម្លៃ ១១.៣៧ពាន់លានដុល្លារ កើនឡើង ១១.៩% ។

សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា ដែលឈានដល់ជាង ៤.៦ ពាន់លានដុល្លារអាមេរិក កើនឡើង ៥៤% តាមពីក្រោយដោយប្រទេសវៀតណាម ១.១៧ ពាន់លានដុល្លារ កើនឡើង ៣.៤ % ។

បើនិយាយពីការនាំចូលវិញ ប្រទេសចិនគឺជាទីផ្សារនាំចូលធំជាងគេរបស់កម្ពុជា ដែលទំនិញមានតម្លៃជាង ៥.៣ ពាន់លានដុល្លារអាមេរិក កើនឡើង ២៤.២% តាមពីក្រោយគឺវៀតណាម និងថៃ ដែលមានតម្លៃជិត ២.១ ពាន់លានដុល្លារ និងជាង ២ ពាន់លានដុល្លារ៕

បកប្រែដោយ Minh Trung