នេះជាជំនួបលើកដំបូងរវាងមេដឹកនាំអាស៊ាន ដែលនឹងត្រូវធ្វើឡើងក្នុងទម្រង់ជួបជុំគ្នាផ្ទាល់ក្នុងឆ្នាំដែល​ប្រទេសប្រ៊ុយណេជាប្រធានអាស៊ាន ឆ្នាំ ២០២១។ ក្រោមប្រធានបទ “យើងយកចិត្តទុកដាក់ យើងត្រៀមរៀបចំ យើងរីកចម្រើន” (“We Care, We Prepare, We Prosper”) ក្រោមការដឹកនាំរបស់ប្រទេសប្រធានអាស៊ាន ឆ្នាំ២០២១ ប្រ៊ុយណេ អាស៊ានផ្តោតលើការកសាងវិធីអភិក្រមរួមរបស់សមាគមដើម្បីជំរុញកិច្ចសហប្រតិបត្តិការពហុភាគី  កសាងរចនាសម្ព័ន្ធក្នុងតំបន់តាមច្បាប់ ឆ្លើយតបនឹងគ្រោះអាសន្ន និងគ្រោះមហន្តរាយនានា និងថែរក្សាសុខភាពផ្លូវចិត្តរបស់ប្រជាជន…។

leftcenterrightdel
នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh នឹងអញ្ជើញចូលរួមកិច្ចប្រជុំមេដឹកនាំអាស៊ាននាពេលខាងមុខ

កិច្ចប្រជុំមេដឹកនាំអាស៊ាន នឹងត្រូវបានធ្វើឡើងក្នុងបរិបទដែលអាស៊ានកំពុងខិតខំកសាងសហគមន៍ ឆ្លើយតបទៅនឹងការរីករាលដាលនៃបញ្ហា Covid-19 និងបញ្ហាសន្តិសុខមិនមែនប្រពៃណី។ ដូច្នេះនេះគឺជាឱកាសសម្រាប់អ្នកដឹកនាំពិភាក្សាអំពីដំណើរការកសាងសហគមន៍អាស៊ាន ដូចជាការកសាងចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ ការវាយតំលៃលើការអនុវត្តធម្មនុញ្ញអាស៊ាន កិច្ចសហប្រតិបត្តិការថ្នាក់អនុតំបន់ និងការបង្រួមគម្លាតនៃការអភិវឌ្ឍ អនុវត្តនូវរាល់គំនិតផ្តួចផ្តើមរួមគ្នាដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតដូចជា ក្របខ័ណ្ឌនៃការស្តារឡើងវិញជារួមអាស៊ាន, មូលនិធិអាស៊ានដើម្បីឆ្លើយតបទៅនឹង Covid-19, ឃ្លាំងស្តុកគ្រឿងបរិក្ខារពេទ្យអាស៊ាន និងមជ្ឈមណ្ឌលអាស៊ានសម្រាប់ការឆ្លើយតបគ្រប់ស្ថានភាពសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមានឡើង,  កិច្ចព្រមព្រៀងរបៀងអាស៊ាន ក៏ដូចជាទំនាក់ទំនងខាងក្រៅរបស់អាស៊ាន។ ជាពិសេស ការវិវឌ្ឍថ្មីៗនៅមីយ៉ាន់ម៉ា បានជះឥទ្ធិពលដល់សន្តិភាព និងស្ថិរភាពមិនត្រឹមតែរបស់មីយ៉ាន់ម៉ា ប៉ុណ្ណោះទេ ថែមទាំងដល់តំបន់ផងដែរ។ ដូច្នេះ កិច្ចប្រជុំមេដឹកនាំអាស៊ាន ក៏ជាឱកាសមួយសម្រាប់អាស៊ានក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធ លើកកម្ពស់តួនាទីរបស់ខ្លួន និងប្រើប្រាស់យន្តការដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាពសម្រាប់ជួយឱ្យប្រទេសមីយ៉ាន់ម៉ា យកឈ្នះលើការលំបាក និងឆ្ពោះទៅរកស្ថានភាពលំនឹងនាពេលឆាប់ៗដើម្បីអត្ថប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា  និងដើម្បីសន្តិភាព ស្ថិរភាព វិបុលភាព ក្នុងតំបន់ ក៏ដូចជាសម្រាប់សាមគ្គីភាព និងកិត្យានុភាពរបស់អាស៊ាន។

ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំមេដឹកនាំអាស៊ាន នៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ាន គឺជាដំណើរទស្សនកិច្ចការងារក្រៅប្រទេសលើកដំបូងនៅក្នុងតំណែងថ្មីរបស់លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ដែលបង្ហាញពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់វៀតណាម ចូលរួមជាមួយប្រធានអាស៊ាន ប្រ៊ុយណេ ក៏ដូចជាប្រទេសអាស៊ានដទៃទៀត ក្នុងការអនុវត្តអាទិភាពដែលបានដាក់ចេញសម្រាប់ឆ្នាំអាស៊ាន ២០២១ ទន្ទឹមនឹងនោះ បានបញ្ជាក់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការរឹតបន្តឹង និងពង្រឹងសាមគ្គីភាព និងជំនួយទៅវិញទៅមកជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន ដោយរួមចំណែកលើកកម្ពស់មជ្ឈភាពរបស់អាស៊ាន ក្នុងការដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតឡើង តាមរយៈនោះបង្កើតបរិយាកាសសន្តិភាព និងអំណោយផលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសនីមួយៗ និងតំបន់ទាំងមូល។ នេះក៏ជាឱកាសសម្រាប់វៀតណាម បន្តរួមវិភាគទានជាវិជ្ជមានដល់ដំណើរការកសាងសហគមន៍អាស៊ាន រួមទាំងបន្តនូវរាល់លទ្ធផលដែលសម្រេចបានដោយប្រធានអាស៊ាន ២០២០ និងផ្ញើសារអំពីការប្តេជ្ញាចិត្ត ការទទួលខុសត្រូវ ក៏ដូចជាការចូលរួមយ៉ាងសកម្មរបស់វៀតណាមក្នុងរាល់បញ្ហាក្នុងតំបន់ និងអន្តរជាតិ។ ជាពិសេសក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅខែមេសា ឆ្នាំ២០២១ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ វៀតណាមនឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញនូវមជ្ឈភាពរបស់អាស៊ាន    ធ្វើជាស្ពានរវាងអាស៊ាន និងក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដើម្បីធានាបាននូវព័ត៌មានប្រកបដោយសត្យានុម័ត តុល្យភាព និងជួយប្រទេសមីយ៉ាន់ម៉ាដើម្បីជំនះនូវការលំបាក។

យើងជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចទៅកិច្ចប្រជុំមេដឹកនាំអាស៊ាននៃគណៈប្រតិភូជាន់ខ្ពស់វៀតណាម ដឹកនាំដោយលោកនាយករដ្ឋមន្រ្តី Pham Minh Chinh នឹងទទួលបានជោគជ័យយ៉ាងខ្លាំង ដែលក្នុងនោះគណៈប្រតិភូវៀតណាមនឹងបន្តផ្តួចផ្តើមនូវគំនិតសំខាន់ៗ និងចូលរួមវិភាគទានសំខាន់ៗក្នុងការលើកកម្ពស់សាមគ្គីភាព ឯកភាព និងមជ្ឈភាពរបស់អាស៊ាន ក្នុងបញ្ហាទាក់ទងនឹងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់៕

បកប្រែដោយ Minh Trung