នៅកិច្ចប្រជុំ ប្រតិភូទាំងឡាយបានពិភាក្សាអំពីការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងផែនការកសាងចក្ខុវិស័យសហគមន៍អាស៊ានបន្ទាប់ពីឆ្នាំ ២០២៥ ការអនុវត្តគំនិតផ្តួចផ្តើមដើម្បីឆ្លើយតប និងងើបឡើងវិញក្រោយពី Covid-19 ទំនាក់ទំនងការបរទេសអាស៊ាន ក៏ដូចជាបញ្ហាអន្តរជាតិ និងតំបន់ដែលភាគីទាំងឡាយយកចិត្តទុកដាក់ដូចគ្នា។

leftcenterrightdel
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម  លោក Pham Binh Minh 

ថ្លែងនៅក្នុងកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា វៀតណាមជាសមាជិកសកម្ម និងមានទំនួលខុសត្រូវរបស់សហគមន៍ ប្តេជ្ញាសហប្រតិបត្តិការជាមួយប្រទេសដទៃទៀតក្នុងការទប់ស្កាត់ជំងឺរាតត្បាត។ ផ្អែកលើមូលដ្ឋាននោះ លោកឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា វៀតណាមនឹងគាំទ្រប្រធានអាស៊ានឆ្នាំ២០២១ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន បន្តជំរុញការកសាងសហគមន៍ និងគ្រប់គ្រងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព។ លោកឧបនាយករដ្ឋមន្រ្តីក៏បានសង្កត់ធ្ងន់ថា ទំនាក់ទំនងជាមួយដៃគូ ការរក្សាកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការមានសារៈសំខាន់ណាស់នៅក្នុងដំណើរការនេះ។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានមានប្រសាសន៍ថា ការកើនឡើងនៃអំពើហិង្សា និងភាពតានតឹង ដែលបណ្តាលឱ្យបាត់បង់ជីវិតប្រជាជននៅប៉ុន្មានថ្ងៃថ្មីៗនេះនៅក្នុងប្រទេសមីយ៉ាន់ម៉ា មិនត្រឹមតែជះឥទ្ធិពលលើសន្តិភាព និងស្ថិរភាពរបស់មីយ៉ាន់ម៉ាប៉ុណ្ណោះទេ ថែមទាំងលើតំបន់ទាំងមូលទៀតផង។ លោកឧបនាយករដ្ឋមន្រ្តីបានអំពាវនាវឱ្យភាគីទាំងឡាយអត់ធ្មត់ជាអតិបរមា ចៀសវាងរាល់អំពើហឹង្សា ធានាសុវត្ថិភាពដល់ប្រជាជន និងរៀបចំកិច្ចពិភាក្សាដោយសន្តិវិធី ដើម្បីធ្វើឲ្យស្ថានភាពនេះវិលមករកភាពប្រក្រតីឡើងវិញនាពេលឆាប់ៗ។ លោកឧបនាយករដ្ឋមន្រ្តីបានស្នើឱ្យអាស៊ានសម្របសម្រួលយ៉ាងជិតស្និទ្ធ លើកកម្ពស់តួនាទីរបស់ខ្លួន និងប្រើប្រាស់យន្តការនៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព ព្រមទាំងសម្របសម្រួលជាមួយអង្គការ និងយន្តការពិភពលោក រួមទាំងអង្គការសហប្រជាជាតិ ដើម្បីជួយប្រទេសមីយ៉ាន់ម៉ាឱ្យវិលទៅរកស្ថានភាពស្ថិរភាព ដើម្បីផលប្រយោជន៍របស់ប្រជាជន និងប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាពក្នុងតំបន់ និងសាមគ្គីភាព កិត្យានុភាពរបស់អាស៊ាន៕

បកប្រែដោយ Huyen Trang