នៅថ្ងៃទី២៧ ខែមិថុនា លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានមានប្រសាសន៍ថា ប្រទេសវៀតណាមបានជំនះរាល់ការលំបាក​ ឧបសគ្គដែលមិនធ្លាប់មានពីមុនមកក្នុងការរៀបចំកិច្ចប្រជុំដោយជោគជ័យ។

leftcenterrightdel
លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)

 

លោកឯកអគ្គរដ្ឋទូត Driesmans បានអះអាងថា៖ “នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំថា ពិភពលោកកំពុងផ្លាស់ប្តូរដោយមិនអាចធ្វើផ្ទុយទៅវិញបាន ហើយការពិតនេះបានបង្ហាញថា អាស៊ានងាយសម្របខ្លួនទៅនឹងការផ្លាស់ប្តូរទាំងនោះ។ លោកឯកអគ្គរដ្ឋទូត Driesmans បានអះអាងថា ទោះបីមានបរិបទលំបាកក៏ដោយក៏កិច្ចប្រជុំកំពូលផ្លូវការលើកដំបូងដែលរៀបចំឡើងដោយប្រទេសវៀតណាមក្នុងនាមជាប្រធានអាស៊ាន ២០២០ ទទួលបានលទ្ធផលសំខាន់ៗជាច្រើន។

ថ្នាក់ដឹកនាំអាស៊ានទាំងអស់បានបន្តអនុវត្តរបៀបវារៈសមាហរណកម្មតំបន់ប្រកបដោយមហិច្ឆតាដោយមានការអនុម័តលើ​សេចក្តី​ប្រកាស "ចក្ខុវិស័យសម្រាប់អាស៊ានមួយដែលមានភាពស្អិតរមួតនិងការឆ្លើយតប៖  ការជំនះឧបសគ្គ និងការរក្សាកំណើនប្រកបដោយចីរភាព"។ យោងតាមលោកឯកអគ្គរដ្ឋទូត Driesmans ជាមួយនឹងឯកសារដ៏ទូលំទូលាយនេះ ថ្នាក់ដឹកនាំអាស៊ានបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបន្តប្រកាន់ខ្ជាប់នូវវឌ្ឍនភាពនៅក្នុងវិស័យជាច្រើន និងបន្តជំរុញការលើកកម្ពស់ចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥។ ជាពិសេសសេចក្តីប្រកាសនេះទទួលស្គាល់ពីតម្រូវការចាំបាច់ក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះជំងឺ COVID-19 និងជំរុញការស្តារសេដ្ឋកិច្ចសង្គមនៅក្នុងតំបន់ក្នុងពេលតែមួយ។

ថ្នាក់ដឹកនាំអាស៊ានក៏បានឯកភាពគាំទ្រផែនការមេស្តីពីការស្តារសេដ្ឋកិច្ចអាស៊ានទាំងមូលឡើងវិញដោយធ្វើសកម្មភាពជាទ្រង់ទ្រាយធំដើម្បីលើកកម្ពស់ភាពធន់នៃសេដ្ឋកិច្ចក្នុងតំបន់។ តាមរយៈគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួនរួមមានគំនិតបង្កើតនូវមូលនិធិអាស៊ានដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺ COVID-19 ការបង្កើតឃ្លាំងស្តុកទុកនិងផ្គត់ផ្គង់ឧបករណ៍សម្ភារៈវេជ្ជសាស្រ្តក្នុងតំបន់ និងការបង្កើតនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) សម្រាប់ការឆ្លើយតបជាបន្ទាន់ចំពោះសុខភាពសាធារណៈ។ លើសពីនេះ ថ្នាក់ដឹកនាំអាស៊ានក៏បានអនុម័តលើផែនការសកម្មភាពទីក្រុងហាណូយស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន និងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការធានាស្បៀងអាហារ ឱសថ និងធនធានវេជ្ជសាស្រ្ត និងផលិតផលសំខាន់ៗដទៃទៀតនៅក្នុងតំបន់។

លោកឯកអគ្គរដ្ឋទូត Driesmans បានលើកឡើងថា អាស៊ានទទួលបានលទ្ធផលសំខាន់ៗទាំងអស់នេះក្នុងស្មារតីអាស៊ានមួយប្រកបដោយ “ភាពស្អិតរមួត និងការឆ្លើយតប”  ហើយនេះក៏ជាមូលបទរបស់អាស៊ានក្នុងឆ្នាំដែលវៀតណាមជាប្រធានផងដែរ។ លោកឯកអគ្គរដ្ឋទូត Driesmans បានមានប្រសាសន៍ថា ការផ្តោត ការយកចិត្តទុកដាក់របស់វៀតណាមទៅលើការពង្រឹង “ភាពស្អិតរមួត និងការឆ្លើយតប” របស់អាស៊ានគឺពិតជាត្រឹមត្រូវណាស់ក្នុងបរិបទនៃការរាតត្បាតជំងឺបានបង្កឱ្យមានការភ្ញាក់ផ្អើលដល់សេដ្ឋកិច្ចពិភពលោកដែលមិនធ្លាប់ឃើញនៅក្នុងប្រវត្តិសាស្រ្តថ្មីៗនេះឡើយ។

"នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានលើកឡើងពីភាពចាំបាច់ដើម្បីលើកកម្ពស់ស្មារតីសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងស្មារតីទទួលខុសត្រូវចំពោះសហគមន៍អន្តរជាតិ ហើយខ្ញុំជឿជាក់ថានេះគឺជាកម្លាំងជំរុញមួយដែលបានជំរុញឲ្យឆ្នាំជាប្រធានអាស៊ានរបស់វៀតណាមចាប់ផ្តើមពីថ្ងៃដំបូងនៃវិបត្តិនេះកើតឡើងមកម៉្លេះ” ។ នេះគឺទស្សនៈរបស់លោកឯកអគ្គរដ្ឋទូត Driesmans។  លោកឯកអគ្គរដ្ឋទូត Driesmans ក៏បានលើកឡើងថា ក្រោមការដឹកនាំរបស់ប្រទេសវៀតណាម អាស៊ានបានបង្ហាញនូវការត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយគ្នាដើម្បីស្វែងរកដំណោះស្រាយសម្រាប់តំបន់ និងកាត់បន្ថយផលប៉ះពាល់នៃវិបត្តិនេះ។ ប្រទេសវៀតណាមក៏បានបញ្ជាក់ជាថ្មីនូវមជ្ឈភាព និងការឯកភាពរបស់អាស៊ានតាមរយៈការរក្សាការសន្ទនាជាទៀងទាត់ និងមានភាពជាក់លាក់រវាងអាស៊ាននិងដៃគូនានាចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺរាតត្បាត ឧទាហរណ៍ដូចជាកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន - សហភាពអឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការក្នុងការទប់ទល់នឹងការរីករាលដាលនៃជំងឺ COVID-១៩ នៅខែមីនា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។

លោកឯកអគ្គរដ្ឋទូត Driesmans ចាត់ទុកប្រការនេះបានបង្ហាញឲ្យឃើញថា អាស៊ានបានបង្ហាញខ្លួនជាអង្គការមួយប្រកបដោយសាមគ្គីភាព និងភាពស្អិតរមួត។ កិច្ចខិតខំប្រឹងប្រែងទាំងនេះក៏នាំមកនូវលទ្ធផលក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19 ជាមួយនិងការដែលតំបន់អាស៊ានកំពុងមានអត្រាងើបឡើងវិញខ្ពស់ខណៈពេលរាល់ករណីវិជ្ជមានត្រូវបានកំណត់ ហើយនិងចំនួនករណីស្លាប់និងករណីឆ្លងក្នុងសហគមន៍ទាប។ ទាក់ទងនឹងរាល់បញ្ហាដែលអាស៊ាន និងវៀតណាមក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២០ ចាំបាច់ត្រូវផ្តោតលើការលើកកម្ពស់ក្នុងរយៈពេល ៦ ខែទៀត លោកឯកអគ្គរដ្ឋទូត Driesmans មានប្រសាសន៍ថា អាស៊ានចាំបាច់ត្រូវផ្តោតលើការគ្រប់គ្រងជំងឺ និងស្តារប្រទេសឡើងវិញក្នុងពេលតែមួយ។

ទោះបីខណៈពេលដែលកំណើនសេដ្ឋកិច្ចពិភពលោកទំនងជានឹងថយចុះនៅឆ្នាំនេះក្តី ក៏ប៉ុន្តែដោយមានការរៀបចំផែនការប្រកបដោយការប្រុងប្រយ័ត្ន និងមានបណ្តាសកម្មភាពត្រឹមត្រូវនោះ បានជាប្រទេសអាស៊ាននៅតែមានឱកាសរក្សាបានស្ថេរភាពប្រកបដោយសមហេតុផល និងចៀសវាងបានការធ្លាក់ចូលក្នុងវិបត្តិមួយនៃសេដ្ឋកិច្ច។

យោងតាមលោក Driesmans បញ្ហាសំខាន់ជាគន្លឹះគឺការរក្សាសាមគ្គីភាព និងការជំរុញកិច្ចសហប្រតិបត្តិការដោយផ្អែកលើរាល់សំណើដែលទទួលបានការព្រមព្រៀងគ្នា។ នេះជាមូលហេតុដែលគំនិតផ្តួចផ្តើមដូចជាផែនការសកម្មភាព Ha Noi មានសារៈសំខាន់ណាស់។ លោកឯកអគ្គរដ្ឋទូត Driesmans បានបញ្ជាក់ថា  អឺរ៉ុបនឹងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការកសាងសហគមន៍ប្រកបដោយវិបុលភាព សុវត្ថិភាព និងការរួបរួមគ្នា ព្រោះវាផ្តល់ផលប្រយោជន៍ដល់តំបន់ទាំងពីរ។

អឺរ៉ុប និងអាស៊ានស្ថិតក្នុងចំណោមដៃគូដំបូងគេដែលបើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសស្តីពីការទប់ស្កាត់ជំងឺ COVID-១៩ ហើយភាគីទាំងពីរនឹងបន្តផ្លាស់ប្តូរព័ត៌មានដើម្បីកំណត់នូវមធ្យោបាយដើម្បីដោះស្រាយវិបត្តិ។ បច្ចុប្បន្ននេះភាគីទាំងពីរកំពុងសហការសិក្សាអំពីការរីករាលដាលនៃជំងឺ COVID-19 ដោយមានគម្រោងស្រាវជ្រាវចំនួន ១៨ ដែលទទួលបានការឧបត្ថម្ភថវិកាដោយអឺរ៉ុបសម្រាប់អង្គការវិទ្យាសាស្ត្រអាស៊ាន។

លើសពីនេះទៀតរហូតមកដល់បច្ចុប្បន្ន សហភាពអឺរ៉ុប និងប្រទេសជាសមាជិករបស់ខ្លួនបានប្រមូលថវិកាជាង ៣៥០ លានអឺរ៉ូដើម្បីជួយដល់បណ្តាប្រព័ន្ធសុខភាព និងការស្តារសេដ្ឋកិច្ចនៅក្នុងអាស៊ាន។ លើសពីនេះទៀត សហភាពអឺរ៉ុបនឹងបន្តសហប្រតិបត្តិការជាមួយអាស៊ានសំដៅធានាបាននូវការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់។ ទន្ទឹមនឹងនេះ អឺរ៉ុបនឹងបន្តការពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការវិនិយោគទុនសេរីនៅក្នុងតំបន់ ដែលបន្ទាប់ពីបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងអឺរ៉ុប (EVFTA) នោះនឹងជួយលុបបំបាត់បានលំហូរពន្ធដាររហូតដល់ ៩៩% ។

លោកឯកអគ្គរដ្ឋទូត Driesmans បានបញ្ជាក់ថា ទំនាក់ទំនងអឺរ៉ុប -អាស៊ាន មិនត្រឹមតែផ្អែកលើពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំងក្នុងកិច្ចសហប្រតិបត្តិការទៀតផង។ ភាគីទាំងពីរកាន់តែសហការគ្នាកាន់តែខ្លាំងឡើងក្នុងវិស័យសន្តិសុខ និងការពារជាតិ រួមទាំងសន្តិសុខដែនសមុទ្រ។ ភាគីទាំងពីរកំពុងពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយការគំរាមកំហែងសន្តិសុខមិនមែនប្រពៃណីដែលទាក់ទងនឹងបញ្ហាដូចជាកង្វះធនធាន ការទប់ស្កាត់ជំងឺឆ្លង គ្រោះមហន្តរាយធម្មជាតិ ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែនជាដើម។ យោងតាមលោក Driesmans សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថលភាវូបនីយកម្មក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មលើកទី ៤ និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនឹងក្លាយជាវិស័យសហប្រតិបត្តិការកាន់តែសំខាន់ឡើងៗរវាងសហភាពអឺរ៉ុប និងអាស៊ាន។

ជាពិសេសរបៀបវារៈបៃតងគឺជាអាទិភាពចម្បងរបស់សហភាពអឺរ៉ុប និងក្នុងភាពជាដៃគូអឺរ៉ុប - អាស៊ាន។ លោកឯកអគ្គរដ្ឋទូត Driesmans បានសង្កត់ធ្ងន់ថា“ សហភាពអឺរ៉ុបចាត់ទុកអាស៊ានជាដៃគូដែលមិនអាចខ្វះបាន។ រួមគ្នាយើងអាចការពារបានសណ្តាប់ធ្នាប់ដោយផ្អែកលើវិធានអន្តរជាតិ និងរក្សាបាននូវរាល់តំលៃរួមរបស់ពិភពលោក ”៕

បកប្រែដោយ Minh Trung