ការប្រារព្ធទិវា ASEM Day ត្រូវបានធ្វើឡើងក្នុងបរិបទដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល ASEM លើកទី ១៣ នៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ខាងមុខនេះ។

leftcenterrightdel
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា (រូបថត៖ cambodiadaily.com)

 

ថ្លែងនៅក្នុងព្រឹត្ដិការណ៍ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងថា ការប្រារព្ធទិវា ASEM Day ថ្ងៃនេះគឺជាការបង្ហាញពីការត្រៀមខ្លួន និងការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុបលើកទី១៣។ លោក ប្រាក់ សុខុន  បន្ដថា ASEM ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការអាស៊ី - អឺរ៉ុប និងកិច្ចសហប្រតិបត្ដិការដើម្បីសន្តិភាពវិបុលភាពសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។

លោក ប្រាក់ សុខុន បានឲ្យដឹងថា កម្ពុជាបានដាក់ចេញនូវមូលបទ “ពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា” សម្រាប់កិច្ចប្រជុំខាងមុខនេះ។ មូលបទនេះផ្តោតសំខាន់លើការរួមបញ្ចូលគ្នានៃទស្សនៈសំខាន់ៗចំនួន ៤ គឺពហុភាគីនិយម កំណើនការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាព ដែលនឹងរួមចំណែកពង្រឹងភាពជាដៃគូអាស៊ី-អឺរ៉ុប ដើម្បីធានាថា ពហុភាគីនិយមនាំមកនូវកំណើនប្រកបដោយបរិយាប័ន្ន និងវិបុលភាព។

វេទិកាសហប្រតិបត្តិការអាស៊ី - អឺរ៉ុប (ASEM) ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៩៦។ ASEM មានដៃគូចំនួន ៥៣ ក្នុងនោះមានប្រទេសចំនួន ២១ មកពីអាស៊ី និងប្រទេសចំនួន ៣០ មកពីអឺរ៉ុប ព្រមទាំងអគ្គលេខាធិការដ្ឋានអាស៊ាន និងគណ:កម្មការអឺរ៉ុប (EC)  ជារួមប្រទេសដៃគូ ASEM តំណាងឱ្យ ៦៥% នៃសេដ្ឋកិច្ចពិភពលោក ៦០% នៃប្រជាជនពិភពលោក ៥៥% នៃពាណិជ្ជកម្មពិភពលោកនិង ៧៥% នៃទេសចរណ៍ពិភពលោក៕

បកប្រែដោយ Pham Diep