នេះជាសកម្មភាពត្រៀមរៀបចំឲ្យកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ដែលនឹងប្រព្រឹត្តទៅនាខែមេសា ឆ្នាំ២០២០ ខាងមុខនេះ។ នៅកិច្ចប្រជុំ តំណាងទាំងឡាយបានគាំទ្រគំនិតផ្តួចផ្តើមរបស់វៀតណាមនៅឆ្នាំ២០២០។ កិច្ចប្រជុំក៏បានពិភាក្សាពីវិធានការជម្រុញកិច្ចសហប្រតិបត្តិការក្នុងអាស៊ានលើវិស័យនានាដូចជា ការតភ្ជាប់និងទប់ទល់នឹងជម្ងឺ Covid-19 ការ​ជម្រុញការជួយ​គ្នាទៅ​វិញ​ទៅ​មក​រវាងចក្ខុវិស័យអាស៊ានឆ្នាំ២០២៥ ជា​មួយនឹង​គោលដៅអភិវឌ្ឍន៍និរន្តរភាពឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិ ព្រមទាំង​ការ​ទាញយកប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្ម ៤.០។

leftcenterrightdel
មន្ត្រីជាន់ខ្ពស់អាស៊ានថតរូបនៅកិច្ចប្រជុំ (រូបថត៖ cadn.com.vn)

បណ្ដាប្រទេសអាស៊ានបានវាយតម្លៃខ្ពស់ចំពោះការត្រៀមរៀបចំរបស់វៀតណាម ព្រម​ទាំង​​ឯកភាពលើ​កម្មវិធីធ្វើ​សកម្មភាព និង​របៀបវារៈរបស់កិច្ចប្រជុំកំពូល។ ប្រទេសទាំងឡាយក៏ចែករំលែកការងារជាមួយប្រធានអាស៊ាននៅឆ្នាំ២០២០ និងបញ្ជាក់ពីកិច្ចសហការជាមួយវៀតណាមក្នុងការរៀបចំដោយជោគជ័យនូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦។ ក្នុងឱកាសនេះ លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីការបរទេសវៀតណាម ប្រធាន SOM អាស៊ានរបស់វៀតណាមបានជូនដំណឹងអំពីសកម្មភាពសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦។ លោកបានផ្តល់ព័ត៌មានលម្អិតអំពីកាលវិភាគ និងលទ្ធផលដែលអាចទទួលបានពីគំនិតផ្តួចផ្តើមរបស់វៀតណាមនៅឆ្នាំ​២០២០។ លោកអនុរដ្ឋមន្រ្តីសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់នៃការបង្កើនកិច្ចសហការរវាងសសរស្តម្ភចំនួន៣របស់អាស៊ាន និងការអនុវត្តអភិក្រមគ្របដណ្តប់លើការអនុវត្តកិច្ចសន្យា និងផែនការសហប្រតិបត្តិការរបស់អាស៊ានក្នុងការសាងសហគមន៍៕

បកប្រែដោយ Thuy Anh