បើតាមលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា តាមរយៈកិច្ចប្រជុំជាបន្តបន្ទាប់ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ ក្រុមប្រទេស CLMTV បានរួមគ្នាផ្តួចផ្តើមគិតគូរជាពិសេសលើ ចល័តភាព នៃរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសន៍ នៃបណ្តាប្រទេសទាំង៥។ ជាពិសេសផ្អែកតាមសេចក្តីថ្លែងការណ៍ នៃសន្និសីទថ្នាក់រដ្ឋមន្រ្តីការងារលើកទី២ កាលពីឆ្នាំ២០១៧ និងលទ្ធផលនៃកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ការងារលើកទី៤ កាលពីឆ្នាំ២០១៨ នៅប្រទេសវៀតណាម CLMTV បានឯកភាពគ្នាជំរុញឱ្យមានយន្តការក្នុងការផ្ទេរអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីប្រទេសទទួល មកប្រទេសបញ្ជូនពលករទៅវិញ។

leftcenterrightdel
ទិដ្ឋភាពសន្និសីទ

 

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងសន្និសីទបានថ្លែងថា  “តាមរយៈក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងទទួលបន្ទុកវិស័យការងារ នៃប្រទេសទាំង៥ និងជាពិសេសតាមរយៈសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារនាថ្ងៃនេះ ខ្ញុំសង្ឃឹមថា យើងនឹងទទួលបានលទ្ធផលដ៏ល្អប្រសើរ ដើម្បីឈានទៅបង្កើតនូវយន្តការដ៏មានប្រសិទ្ធភាពសម្រាប់គ្រប់គ្រង និងគាំពារពលករទេសន្តរប្រវេសន៍ ឱ្យកាន់តែប្រសើរឡើង នាពេលខាងមុខទៀត”។

សម្តេចបានបន្តថា “ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រធានបទ “ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម" និងរំពឹងទុកថា សន្និសីទថ្នាក់រដ្ឋមន្ត្រីការងារ នាពេលនេះ នឹងឈានដល់ការអនុម័តលើសេចក្តីថ្លែងការណ៍សៀមរាប ស្តីពីផែនទីបង្ហាញផ្លូវ ដើម្បីឆ្ពោះទៅកាន់ការចេញសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការងារស្ដីពីចល័តភាពនៃរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសន៍នៃប្រទេស CLMTV”។

អង្គសន្និសីទបានបញ្ចប់ប្រកបដោយជោគជ័យដោយសម្រេចបានលទ្ធផលសំខាន់ៗ ដូចជា៖

* បានឯកភាពគ្នាលើ ផែនទីបង្ហាញផ្លូវទីក្រុងសៀមរាប ដើម្បីឆ្ពោះទៅកាន់ការចេញសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការងារ ស្ដីពីចល័តភាពរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសន៍នៃប្រទេស CLMTV ក្របខ័ណ្ឌរួមមួយដើម្បីធានាថាពលករទេសន្តរប្រវេសន៍ នឹងទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គម នៅពេលធ្វើមាតុភូមិនិវត្តន៍ ឬផ្លាស់ទីកន្លែងធ្វើការនៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។

* បានចេញសេចក្តីថ្លែងការណ៍រួមស្តីពី លទ្ធផលនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣នេះ ដោយសង្កត់ធ្ងន់លើការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង ដើម្បីឈានទៅសម្រេចឱ្យបាននូវកិច្ចគាំពារពលករទេសន្តរប្រវេសន៍ក្នុងប្រទេស CLMTV តាមរយៈការដាក់ចេញនូវយន្តការចល័តភាពរបបសន្តិសុខសង្គម៕

បកប្រែដោយ Minh Trung