រុស្សីត្រៀមខ្លួនជាស្រេច ធ្វើទំនាក់ទំនងបន្ថែមទៀតជាមួយអ៊ុយក្រែន
នៅក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃទី ២០ ឧសភា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានឲ្យដឹងថា ប្រទេសនេះត្រៀមខ្លួនជាស្រេចដើម្បីធ្វើទំនាក់ទំនងបន្ថែមទៀតជាមួយអ៊ុយក្រែន ហើយនឹងស្នើឲ្យធ្វើការលើអនុស្សរណៈយោគយល់គ្នាមួយ ទាក់ទងនឹងកិច្ចព្រមព្រៀងសន្តិភាពដ៏មានសក្តានុពលមួយ។
លោកស្រី Zakharova បានសង្កត់ធ្ងន់ថា ប្រទេសរុស្ស៊ីបាន "បញ្ជាក់ជាថ្មីម្តងទៀតនូវបំណងចង់សម្រេចបាននូវដំណោះស្រាយចុងក្រោយ ប្រកបដោយយុត្តិធម៌សម្រាប់ជម្លោះ" ហើយបានបញ្ជាក់ថា វឌ្ឍនភាពឆ្ពោះទៅរកការដោះស្រាយជម្លោះ មិនអាចសម្រេចបានឡើយ ប្រសិនបើមិនដោះស្រាយឲ្យដល់ឬសគល់របស់វា។ លោកស្រី Zakharova បានឲ្យដឹងថា ចាំបាច់ត្រូវយល់ព្រមលើទិដ្ឋភាពជាច្រើន រួមមាន៖ គោលការណ៍សំខាន់នៃដំណោះស្រាយ ពេលវេលានៃកិច្ចព្រមព្រៀងសន្តិភាពដែលមានសក្តានុពល និងព័ត៌មានលម្អិតនៃបទឈប់បាញ់ដែលអាចកើតមាន ប្រសិនបើសម្រេចបានកិច្ចព្រមព្រៀងពាក់ព័ន្ធ។
នៅព្រឹកថ្ងៃដដែល អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ទីក្រុងម៉ូស្គូ និងក្រុងគៀវ កំពុងរៀបចំសម្រាប់ទំនាក់ទំនងលើការបង្កើតអនុស្សរណៈយោគយល់គ្នារួមមួយ ស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងបទឈប់បាញ់។ លោកបានស្វាគមន៍ចំពោះទំនាក់ទំនងថ្មីរវាងភាគីទាំងពីរ ហើយបានឲ្យដឹងថា មិនអាចកំណត់ថ្ងៃផុតកំណត់សម្រាប់ការសុក្រឹត្យអនុស្សរណៈរួមបានទេ ដោយសារតែភាពស្មុគស្មាញនៃដំណើរការនេះ៕
តាម vovworld.vn