គណៈប្រតិភូជាន់ខ្ពស់រុស្ស៊ី ចេញដំណើរទៅអារ៉ាប៊ីសាអូឌីត ដើម្បីជួបពិភាក្សាគណៈប្រតិភូអាមេរិក
នាថ្ងៃទី ១៧ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងជំនួយការប្រធានាធិបតីរុស្ស៊ី លោក Yuriy Usakov បានចេញដំណើរទៅកាន់រដ្ឋធានី Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជួបពិភាក្សាជាមួយតំណាងសហរដ្ឋអាមេរិកនៅថ្ងៃ១៨ ខែកុម្ភៈ។
អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានឲ្យដឹងថា មន្ត្រីរុស្ស៊ីនឹងជួបដោយផ្ទាល់ជាមួយមន្ត្រីអាមេរិក ដើម្បីពិភាក្សាអំពីការស្តារឡើងវិញនូវទំនាក់ទំនងពេញលេញរវាងប្រទេសទាំងពីរ។ កិច្ចប្រជុំក៏នឹងពិភាក្សាអំពីការត្រៀមរៀបចំសម្រាប់ការចរចាលើដំណោះស្រាយសម្រាប់ជម្លោះនៅអ៊ុយក្រែន និងរៀបចំកិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិក។ គណៈប្រតិភូអាមេរិកគ្រោងនឹងមានរដ្ឋមន្ត្រីការបរទេស លោក Marco Rubio ទីប្រឹក្សាសន្តិសុខជាតិ លោក Michael Waltz និងបេសកជនពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកមជ្ឈិមបូព៌ា លោក Steve Witkoff។
    |
 |
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov និងជំនួយការប្រធានាធិបតីរុស្ស៊ី លោក Yuri Ushakov (រូបថត៖ anfrussian.com) |
នៅក្នុងការវិវឌ្ឍពាក់ព័ន្ធមួយទៀត នាថ្ងៃទី ១៧ ខែកុម្ភៈ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បានសង្កត់ធ្ងន់ថា សហភាពអឺរ៉ុប (EU) ចាំបាច់ត្រូវចូលរួមក្នុងការចរចាជាមួយរុស្ស៊ីលើជម្លោះនៅអ៊ុយក្រែន និងកសាងរចនាសម្ព័ន្ធសន្តិសុខថ្មី។
នាថ្ងៃដដែល ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានបញ្ជាក់ថា ទីក្រុងកៀវនឹងមិនទទួលស្គាល់លទ្ធផលនៃកិច្ចចរចាណាមួយដោយគ្មានការចូលរួមពីប្រទេសនេះឡើយ។
ក្នុងថ្ងៃដដែល ប្រធានាធិបតីអាមេរិកលោក Donald Trump បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron ដើម្បីពិភាក្សាអំពីជម្លោះនៅអ៊ុយក្រែន និងកិច្ចប្រជុំរបស់មេដឹកនាំអឺរ៉ុប និងការចរចារវាងមន្ត្រីរុស្ស៊ីនិងអាមេរិកនៅអារ៉ាប៊ីសាអូឌីត។
នៅក្នុងការវិវឌ្ឍពាក់ព័ន្ធមួយទៀត នាថ្ងៃទី ១៧ ខែកុម្ភៈ បន្ទាប់ពីកិច្ចប្រជុំរវាងមេដឹកនាំនៃបណ្តាប្រទេសអឺរ៉ុប ប្រព័ន្ធផ្សព្វផ្សាយប៉ូឡូញបានរាយការណ៍ថា មេដឹកនាំនៃប្រទេសនេះ រួមទាំងបញ្ដាប្រទេស៖ អាល្លឺម៉ង់ អេស្បាញ បានសម្រេចចិត្តមិនបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅកាន់អ៊ុយក្រែនទេ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីចក្រភពអង់គ្លេសបានស្នើឱ្យបញ្ជូនកងទ័ពជើងគោក។ ប្រទេសប៉ូឡូញសន្យាបន្តគាំទ្រអ៊ុយក្រែនក្នុងសមត្ថភាពរបស់ខ្លួនទាំងផ្នែកហិរញ្ញវត្ថុ មនុស្សធម៌ និងតាមរយៈជំនួយយោធា៕
តាម vovworld.vn