អាមេរិក-រុស្ស៊ី បើកកិច្ចចរចាលើកទី២ ស្តីពីការស្តារទំនាក់ទំនងឡើងវិញ
នាថ្ងៃទី ២៧ ខែកុម្ភៈ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី គណៈប្រតិភូការទូតអាមេរិក និងរុស្ស៊ីបានបើកកិច្ចចរចាជុំទីពីរស្តីពីការស្តារទំនាក់ទំនងឡើងវិញទាំងស្រុង បន្ទាប់ពីទំនាក់ទំនងទ្វេភាគីមានភាពប្រសើរឡើង បន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃទី ១២ ខែកុម្ភៈ។
យោងតាមព័ត៌មានដែលរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានប្រកាសក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងដូហា (កាតា) ខ្លឹមសារសំខាន់នៃការចរចារវាងគណៈប្រតិភូរុស្ស៊ី និងអាមេរិកគឺការស្តារឡើងវិញទាំងស្រុងនូវសកម្មភាពរបស់ស្ថានទូតនៃប្រទេសទាំងពីរនៅទីក្រុងវ៉ាស៊ីនតោន (សហរដ្ឋអាមេរិក) និងទីក្រុងម៉ូស្គូ (រុស្ស៊ី)។ នេះគឺជាកិច្ចព្រមព្រៀងទីមួយដែលរុស្ស៊ី និងអាមេរិកសម្រេចបានក្នុងការចរចាលើកដំបូងកាលពីថ្ងៃទី១៨ ខែកុម្ភៈ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។
នាថ្ងៃទី ២៦ ខែកុម្ភៈ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានឲ្យដឹងថា ភាគីទាំងពីរកំពុងពន្លឿនការរៀបចំសម្រាប់កិច្ចប្រជុំកំពូលរវាងមេដឹកនាំនៃប្រទេសទាំងពីរ។ “បច្ចុប្បន្ន កិច្ចព្រមព្រៀងដែលមេដឹកនាំ និងគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរសម្រេចបាននៅទីក្រុង Riyadh កំពុងត្រូវបានអនុវត្តជាជំហានៗ។ ទំនាក់ទំនងកំពុងត្រូវបានរៀបចំនៅកម្រិតអ្នកជំនាញ តាមរយៈក្រសួងការបរទេសនៃប្រទេសទាំងពីរ។ ការងារកំពុងដំណើរការ ហើយយើងខ្ញុំក៏កំពុងត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលរវាងប្រទេសទាំងពីរផងដែរ”៕
តាម vovworld.vn