គ្រួសារ H'Dam ទាំងបួនជំនាន់ ថ្វីត្បិតតែម្នាក់ៗប្រកបមុខរបរ និងមុខជំនាញខុសគ្នា មនុស្សវ័យចំណាស់មានអាយុលើសពី ៧០ ឆ្នាំ សមាជិកក្មេងជាងគេទើបតែចូលរៀនថ្នាក់ទី ១ ក្នុងឆ្នាំនេះ... ប៉ុន្តែដោយក្តីស្រលាញ់ខ្លាំងចំពោះសំឡេងគងឃ្មោះ គ្រួសារ H'Dam បានបង្កើតក្រុមគងឃ្មោះគ្រួសារមួយ។ អ្នកជំនាន់មុនបង្រៀនអ្នកជំនាន់ក្រោយ ហើយអ្នកដែលចេះលេង ណែនាំឲ្យអ្នកថ្មី... គ្រប់គ្នារំភើបចិត្ដរាល់ពេលដែលសំឡេងគងឃ្មោះបន្លឺឡើង។

H'Dam បានចែករំលែកថា៖ “ខ្ញុំក៏ស្រលាញ់តន្ត្រីយុវវ័យ និងឧបករណ៍ភ្លេងផ្សេងៗទៀតដែរ ប៉ុន្តែនេះគឺជាអត្តសញ្ញាណរបស់ជនជាតិខ្ញុំ ដូច្នេះហើយខ្ញុំមិនត្រឹមតែរៀនពីរបៀបលេងប៉ុណ្ណោះទេ ថែមទាំងបង្រៀនដល់កូនៗ និងចៅៗរបស់ខ្ញុំនាពេលអនាគតទៀតផង។ ប្រជាជននៅតំបន់ខ្ពង់រាបកណ្តាល Tay Nguyen មានមោទនភាពយ៉ាងខ្លាំងចំពោះវប្បធម៌គងឃ្មោះ”។

leftcenterrightdel
សមាជិកគ្រួសារ H'Dam Nie Kdam លេងគងឃ្មោះជាមួយគ្នា

ក្រុមគងឃ្មោះរបស់គ្រួសារ H'Dam ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៨។ ដំបូងឡើយ ភាគច្រើនជាបុរសដែលលេងគងឃ្មោះ ហើយបន្ទាប់មក សមាជិកគ្រួសារបានបង្រៀនគ្នាទៅវិញទៅមកបន្តិចម្តងៗ។ ក្នុងអំឡុងពេលពិធីបុណ្យរបស់ភូមិ ក្រុមគងឃ្មោះរបស់គ្រួសារ H'Dam ត្រូវបានអញ្ជើញទៅចូលរួមការផ្លាស់ប្តូរ និងសម្តែង។ ទាំងនេះបានបន្តភ្នក់ភ្លើងនៃសេចក្តីស្រឡាញ់របស់សមាជិកគ្រួសារចំពោះវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិពួកគេ។

លោកស្រី H'Junih Nie Kdam ម្តាយរបស់ H'Dam បានចែករំលែកថា៖ «ក្នុងជីវភាពរស់នៅដ៏ទាន់សម័យនាពេលបច្ចុប្បន្ននេះ ប្រុសស្រីស្មើគ្នា បើបុរសអាចលេងគងឃ្មោះបាន ស្ត្រីក៏អាចលេងបានដែរ ដូច្នេះគ្រប់គ្នាក្នុងគ្រួសារសិក្សា និងចែករំលែកជាមួយគ្នា ដើម្បីបង្កើនជំនាញរបស់ខ្លួន។ យើងខ្ញុំក៏អញ្ជើញសិប្បករនៅក្នុងភូមិមកណែនាំ ហើយនៅថ្ងៃចុងសប្តាហ៍អ្នករាល់គ្នានឹងប្រមូលផ្តុំគ្នាដើម្បីសិក្សា»។

ឪពុករបស់ H'Dam គឺជាសិប្បករគងឃ្មោះ ដែលជាជនជាតិ Gia Rai ហើយម្តាយរបស់គាត់គឺជនជាតិ E De។ តាំងពីកុមារភាព H'Dam និងបងប្អូនបង្កើតរបស់គាត់បានឮសំឡេងគងឃ្មោះ។ សមាជិកនៃគ្រួសារ H'Dam មានការយល់ដឹងយ៉ាងជ្រាលជ្រៅអំពីតម្លៃវប្បធម៌គងឃ្មោះដែលបន្សល់ទុកដោយបុព្វបុរសរបស់ពួកគេ។ ពួកគេមិនត្រឹមតែគាំទ្រគ្នាទៅវិញទៅមកក្នុងជីវភាពរស់នៅ និងការងារប៉ុណ្ណោះទេ ថែមទាំងបង្រៀនគ្នាទៅវិញទៅមកជាមួយសេចក្តីស្រឡាញ់ដ៏ពោពេញទៅដោយវប្បធម៌ប្រចាំតំបន់របស់ជនជាតិពួកគេទៀតផង។ 

ការបង្កើតក្រុមគងឃ្មោះគ្រួសារដូចជាគ្រួសារ H'Dam មានអត្ថន័យខ្លាំងណាស់។ វាជះឥទ្ធិពលដ៏អស្ចារ្យក្នុងការអភិរក្ស និងអភិវឌ្ឍវប្បធម៌គងឃ្មោះសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងជំនាន់អនាគត៕

បកប្រែដោយ Huyen Trang