នាពេលថ្មីៗនេះ ក្នុងជំនួបជាមួយលោក Siu Luy លេខាសម្ព័ន្ធយុវជនឃុំ Ia Pet នៅពេលដែលគាត់នាំយុវជនជនជាតិភាគតិចនៃឃុំមកចុះឈ្មោះចូលរៀននៅអនុមហាវិទ្យាល័យ Gia Lai យើងពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះស្មារតីទទួលខុសត្រូវរបស់កម្មាភិបាលនៃសម្ព័ន្ធយុវជននេះ។

សូម្បីតែគ្រួសារនៅក្នុងឃុំចង់ទទួលកូនទៅផ្ទះវិញ ដោយសារនឹកដល់ពួកគេ កម្មាភិបាលសាលាបានហៅទូរស័ព្ទទៅលោក Siu Luy និងសុំឲ្យគាត់លើកទឹកចិត្តគ្រួសារ។ នៅពេលកុមារឈប់រៀន ហើយត្រឡប់មកផ្ទះវិញ គាត់មកលើកទឹកចិត្ត និងនាំពួកគេចូលថ្នាក់រៀនវិញ... នេះបានរួមចំណែកដល់ការកើនឡើងជារៀងរាល់ឆ្នាំនៃចំនួនយុវជនជាជនជាតិភាគតិចនៅឃុំ Ia Pet ដែលសិក្សានៅគ្រឹះស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

leftcenterrightdel
យុវជនជាជនជាតិភាគតិចនៅឃុំ Ia Pet សិក្សានៅវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈនៅអនុមហាវិទ្យាល័យ Gia Lai

យោងតាមលោក Nguyen Phi Cung កម្មាភិបាលផ្នែកការងារ យុទ្ធជនពិការ និងសង្គមកិច្ចឃុំ Ia Pet បានឲ្យដឹងថា ដើម្បីទទួលបានលទ្ធផលនេះគឺអាស្រ័យដោយអាជ្ញាធរមូលដ្ឋាន និងការិយាល័យការងារ យុទ្ធជនពិការ និងសង្គមកិច្ចស្រុក Dak Doa ដែលផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ របស់ការបណ្តុះបណ្តាលវិជ្ជាជីវៈនៅមូលដ្ឋាន។

ជាពិសេស នៅឆ្នាំ២០២២ ឃុំ Ia Pet ត្រូវបានជ្រើសរើសជាឃុំសាកល្បងនៃគម្រោងស្រាវជ្រាវវិទ្យាសាស្ត្រ "កសាងគំរូតភ្ជាប់រវាងគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយធុរកិច្ច ដើម្បីបណ្តុះបណ្តាលវិជ្ជាជីវៈ និងឧទ្ទេសនាមការងារសម្រាប់យុវជនជាជនជាតិភាគតិចនៅខេត្ត Gia Lai"។ សម្ព័ន្ធយុវជនឃុំ Ia Pet បានចុះទៅគ្រួសារនីមួយៗ ដើម្បីផ្សព្វផ្សាយ និងចលនាកុមារ ឲ្យបញ្ចប់ការសិក្សានៅសាលាមធ្យមសិក្សាទុតិយភូមិ ចូលរៀននៅគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក Nguyen Song Toan អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Ia Pet បានឲ្យដឹងថា ឃុំ Ia Pet ជាឃុំនៅតំបន់ទី ២ ដែលមានភូមិ ៥/៨ មានស្ថានភាពលំបាកខ្លាំង។ ឃុំទាំងមូលមានប្រជាជនជាង ៨,៤០០ នាក់ ក្នុងនោះជនរួមជាតិភាគតិចមានចំនួន ៨៩% អត្រាគ្រួសារក្រីក្រមានកម្រិតខ្ពស់ (៩.២៦%) នៅតែមានទំនៀមទម្លាប់ចាស់កម្រិល សិស្សភាគច្រើនដែលបញ្ចប់ការសិក្សានៅមធ្យមសិក្សាបឋមភូមិ ហើយស្នាក់នៅផ្ទះ ដើម្បីចូលព្រៃ ឬធ្វើការនៅស្រែ...

នាពេលថ្មីៗនេះ គណៈកម្មាធិការប្រជាជនឃុំបានលើកទឹកចិត្តកុមារនៅមូលដ្ឋាន ជាពិសេសជាយុវជនជាជនជាតិភាគតិច ទៅសិក្សាវិជ្ជាជីវៈ។ ទន្ទឹមនឹងនោះ ដោយសារមានគោលនយោបាយរបស់រដ្ឋក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈដោយឥតគិតថ្លៃនៅកម្រិតមធ្យមសម្រាប់សិស្សានុសិស្សដែលបញ្ចប់ថ្នាក់មធ្យមសិក្សា ប្អូនៗជាច្រើនបានចុះឈ្មោះសិក្សានៅវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ។ បច្ចុប្បន្ន សិក្ខាកាមដែលចូលរួមក្នុងថ្នាក់ពោលខាងលើសុទ្ធតែមានការងារដោយមានប្រាក់ចំណូលជាមធ្យមពី ៣០០.០០០-៣៥០.០០០ ដុង/ថ្ងៃ។

ការកើនឡើងនៃចំនួនយុវជនជាជនជាតិភាគតិចនៅឃុំ Ia Pet ដែលចូលរួមក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញថា នៅពេលដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើបានល្អនូវតួនាទីនិងភារកិច្ចរបស់ខ្លួន តភ្ជាប់ជាមួយធុរកិច្ចក្នុងការជ្រើសរើសពលករនោះ​ ប្រសិទ្ធភាពនឹងបានបញ្ជាក់ពីមួយឆ្នាំទៅមួយឆ្នាំ។ គំរូជោគជ័យរបស់យុវជនជាជនជាតិភាគតិចនៅឃុំ Ia Pet បានរួមចំណែកផ្លាស់ប្តូរផ្នត់គំនិត និងវិធានការធ្វើរបស់ជនរួមជាតិនៅទីនេះ៕

បកប្រែដោយ Thuy Anh