ជួយប្រជាជននៅតំបន់ព្រំដែនខេត្ត Binh Phuoc រស់នៅដោយសុខដុមរមនា
កប.អនឡាញ - អង្គភាពសេដ្ឋកិច្ចការពារជាតិលេខ៧៧៨ (យោធភូមិភាគទី៧) ឈរជើងនៅស្រុក Bu Gia Map ខេត្ត Binh Phuoc។ តំបន់ព្រំដែននេះជាតំបន់រស់នៅរបស់ជនជាតិ S’tieng ហើយចំនួនគ្រួសារក្រីក្រ និងគ្រួសារជួបការលំបាកមានចំនួនច្រើនបើធៀបនឹងតំបន់ផ្សេងទៀត។ ដើម្បីជួយប្រជាជនរស់នៅដោយសុខដុមរមនា និងផ្លាស់ប្តូររចនាសម្ព័ន្ធផលិតកម្មរបស់ពួកគេក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ អង្គភាពសេដ្ឋកិច្ចការពារជាតិលេខ៧៧៨ បានសម្របសម្រួលជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ដាក់ពង្រាយទម្រង់ជាច្រើនប្រកបដោយប្រសិទ្ធភាព។ អង្គភាពបានសម្របសម្រួលសាងសង់ផ្ទះ ”មនោសញ្ចេតនារវាងកងទ័ពនិងប្រជាជន” ជាង ៣០០ ខ្នង ក្លាយជាភូមិថ្មីនៅតំបន់ព្រំដែន។ល។
នាពេលរសៀល បរិយាកាសនៅតំបន់លំនៅដ្ឋាន Dak A ឃុំ Bu Gia Map (ស្រុក Bu Gia Map) របស់ជនជាតិ S'tieng ហាក់មានភាពអ៊ូអរជាង។ ក្រោយពីសាលារៀនត្រឡប់មកផ្ទះវិញ កុមារជនជាតិ S'tieng ប្រមូលផ្តុំគ្នាលេងល្បែងប្រជាប្រិយ។ មនុស្សពេញវ័យរៀបចំអាហារពេលល្ងាច សម្អាតតំបន់លំនៅដ្ឋាន និងរៀបចំឧបករណ៍សម្រាប់ធ្វើស្រែចម្ការនៅថ្ងៃស្អែក។
លោក Dieu Nghen អាយុ ៥៧ ឆ្នាំ បានចែករំលែកថា គ្រួសារលោកមាន ៧ នាក់ ហើយជីវភាពរស់នៅជួបការលំបាកយ៉ាងខ្លាំង។ បន្ទាប់ពីការស្ទាបស្ទង់ពីស្ថានភាពក្នុងតំបន់ គ្រួសារលោកត្រូវបានចាត់ថ្នាក់ជាអាទិភាពមួយសម្រាប់ការលុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រ។ នៅចុងឆ្នាំ ២០២០ អង្គភាពសេដ្ឋកិច្ចការពារជាតិលេខ៧៧៨ បានសម្របសម្រួលជាមួយមូលដ្ឋានសាងសង់ផ្ទះ ”មនោសញ្ចេតនារវាងកងទ័ពនិងប្រជាជន” នៅក្នុងតំបន់លំនៅដ្ឋាននេះ។
ក្នុងស្ថានភាពដូចលោក Dieu Nghen លោកស្រី Dieu Thi Ngao ក៏ទទួលបានផ្ទះ ”មនោសញ្ចេតនារវាងកងទ័ពនិងប្រជាជន” និងគោពូជ ២ ក្បាលផងដែរ។ ដោយមានការណែនាំបច្ចេកទេសពីអង្គភាពសេដ្ឋកិច្ចការពារជាតិលេខ៧៧៨ និងការខិតខំប្រឹងប្រែងរបស់ខ្លួន គ្រួសារលោកស្រីមានស្ថេរភាពបន្តិចម្តងៗ។ លោកស្រី Dieu Thi Ngao ចូលរួមយ៉ាងសកម្មក្នុងក្រុមស្ត្រី ដើម្បីជួយគ្នាជំនះការលំបាកនៅតំបន់លំនៅដ្ឋាន Dak A។
    |
 |
ប្រជាជននៅតំបន់លំនៅដ្ឋាន Dak A ឃុំ Bu Gia Map (ស្រុក Bu Gia Map ខេត្ត Binh Phuoc) ផ្លាស់ប្តូរបច្ចេកទេសផលិតកម្ម |
ទាំងនោះជាផ្ទះចំនួនពីរក្នុងចំណោមផ្ទះទាំង ១៦១ របស់ជនជាតិ S'tieng ក្នុងតំបន់លំនៅដ្ឋាន Dac A ដែលបានសាងសង់ដោយអង្គភាពសេដ្ឋកិច្ចការពារជាតិលេខ៧៧៨ ក្នុងការសម្របសម្រួលជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរស្រុក Bu Gia Map ពីឆ្នាំ ២០២០ ដល់បច្ចុប្បន្ននេះ។ ផ្ទះទាំងអស់មានផ្ទៃដីពី៥០ ដល់ ៥៥ ម៉ែត្រការ៉េ។
Bu Gia Map ជាស្រុកជាប់ព្រំដែនដែលមានជនជាតិភាគតិចច្រើន ហើយជីវភាពរស់នៅជួបការលំបាក។ អនុវត្តគម្រោងសេដ្ឋកិច្ចការពារជាតិនៅស្រុក Bu Gia Map អង្គភាពសេដ្ឋកិច្ចការពារជាតិលេខ៧៧៨ បានសម្របសម្រួលជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ដើម្បីដាក់ពង្រាយវិធានការជាច្រើនដែលរួមបញ្ចូលជាមួយកម្មវិធីគោលដៅជាតិស្តីពីការកសាងជនបទថ្មី និងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដើម្បីជួយប្រជាជនរស់នៅដោយសុខដុមរមនា លុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ។
ចាប់ពីឆ្នាំ ២០១៦ មកទល់បច្ចុប្បន្ននេះ អង្គភាពសេដ្ឋកិច្ចការពារជាតិលេខ៧៧៨ បានសាងសង់ផ្ទះ ”មនោសញ្ចេតនារវាងកងទ័ពនិងប្រជាជន” ជាង ៣១៧ ខ្នង ជូនអ្នកទទួលរបបឧបត្ថម្ភគោលនយោបាយ ជនជាតិភាគតិច និងជនក្រីក្រនៅក្នុងតំបន់; បង្កើតភូមិលំនៅដ្ឋានថ្មី ដូចជាតំបន់លំនៅដ្ឋាន Dac A (ឃុំ Bu Gia Map) អនុតំបន់ ១១៩ (ឃុំ Phu Nghia ស្រុក Bu Gia Map)។ គ្រប់តំបន់លំនៅដ្ឋានមានប្រព័ន្ធបណ្តាញអគ្គិសនី និងផ្ទះវប្បធម៌ភូមិ។ គ្រួសារនីមួយៗក៏ទទួលបានគោពូជ ២ ក្បាល ឬពពែ ៥ ក្បាល និងរបស់របរចាំបាច់ជាច្រើនសម្រាប់ជីវភាពប្រចាំថ្ងៃ និងផលិតកម្មផងដែរ។
លោកវរសេនីយ៍ឯក Bui Minh Dang ប្រធានអង្គភាពសេដ្ឋកិច្ចការពារជាតិលេខ៧៧៨ បានឲ្យដឹងថា៖ ដោយសារការយល់ដឹង និងជំនាញបច្ចេកទេសរបស់ប្រជាជននៅមានកម្រិត អង្គភាពបានចាត់កម្មាភិបាល សម្របសម្រួលជាមួយមូលដ្ឋានមកគ្រួសារនីមួយៗ ដើម្បីណែនាំពីការប្រើប្រាស់បច្ចេកទេសអគ្គិសនី និងអេឡិចត្រូនិក បច្ចេកទេសចិញ្ចឹមសត្វ និងបច្ចេកទេសដាំដុះ និងការងារការពារបរិស្ថាន។ ប្រជាជន និងសិស្សានុសិស្សដែលជួបការលំបាក និងគ្មានការងារធ្វើ អង្គភាពផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយទំនុកបំរុង និងផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រជំនះការលំបាក។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក អង្គភាពបានបណ្តុះបណ្តាល និងបង្កើតការងារជូនប្រជាជនជនជាតិ S'tieng ជាង ៦០០ នាក់។ មកទល់បច្ចុប្បន្ននេះ ប្រជាជនក្នុងតំបន់លំនៅដ្ឋានមានប្រាក់ចំណូលល្អ។
លោក Ly Trong Nhan លេខាគណៈកម្មាធិការបក្សស្រុក Bu Gia Map បានអះអាងថា៖ “កម្មវិធីសម្របសម្រួលនៃអង្គភាពសេដ្ឋកិច្ចការពារជាតិលេខ៧៧៨ រួមជាមួយមូលដ្ឋានបានចូលរួមចំណែករក្សាស្ថិរភាពប្រជាជននៅតាមតំបន់ព្រំដែន ជួយប្រជាជនលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ កសាងសាមគ្គីភាពរវាងកងទ័ព និងប្រជាជន និងការកសាងតំបន់ព្រំដែនអភិវឌ្ឍន៍ប្រកបដោយចីរភាព”៕
បកប្រែដោយ Huyen Trang