ក្នុងបណ្តាថ្ងៃដែលឈានចូលដល់បុណ្យចូលឆ្នាំថ្មី ភាពសប្បាយរីករាយបានកើតមានដល់ជនជាតិ Mong នៅភូមិ Ta Lung ឃុំ Ta Lung ស្រុក Meo Vac នៅពេលដែលគណៈប្រតិភូបានមកផ្តល់អំណោយដ៏មានអត្ថន័យ។ តាំងពីព្រឹកព្រលឹម បងប្អូនជនរួមជាតិយ៉ាងច្រើនកុះករ បានមានវត្តមាននៅទីស្នាក់ការគណៈកម្មាធិការប្រជាជនឃុំ ដើម្បីទទួលអំណោយបុណ្យចូលឆ្នាំថ្មីតេតពីសប្បុរសជន។ ដោយមានការតភ្ជាប់ពីស្ថានីយ៍ផ្សាយសម្លេង និងទូរទស្សន៍ខេត្ត Ha Giang ក្រុមហ៊ុន និងអង្គភាពអាជីវកម្មមួយចំនួននៅខេត្ត Bac Giang បានមកផ្តល់អំណោយចំនួន ១០០ កញ្ចប់ (ដោយមួយកញ្ចប់អំណោយមានតម្លៃ ១ លានដុង រួមមាន៖ អង្ករ មី ទឹកដោះគោ សំលៀកបំពាក់...) ជូនគ្រួសារក្រីក្រចំនួន ១០០ គ្រួសារនៅឃុំ Ta Lung។

ដោយទទួលអំណោយពីសប្បុរសជន លោក Mua Vang No នៅភូមិ Ta Lung បានចែករំលែកថា៖ "ពេលបុណ្យចូលឆ្នាំថ្មីតេតមកដល់ ក្តីបារម្ភអំពីអាហារ សម្លៀកបំពាក់ អង្ករ និងលុយកាក់ នៅតែជាការខ្វល់ខ្វាយក្នុងចិត្តសម្រាប់ជនក្រីក្រដូចយើងខ្ញុំ។ នៅពេលអាជ្ញាធរឃុំបានជូនដំណឹងថា មានក្រុមសប្បុរសធម៌មកផ្តល់អំណោយ ខ្ញុំនិងអ្នកភូមិសប្បាយចិត្ត និងត្រេកអរលែងណាស់។ ខ្ញុំនឹងរក្សាអំណោយដែលខ្ញុំទទួលបានថ្ងៃនេះរហូតដល់បុណ្យចូលឆ្នាំថ្មីតេត…"។ លោក Hoang Van Thanh ប្រធានគណៈប្រតិភូសប្បុរសធម៌មកពីខេត្ត Bac Giang បានឲ្យដឹងថា៖ "ឲ្យតែបុណ្យចូលឆ្នាំថ្មីប្រពៃណីមកដល់ម្តងៗ យើងខ្ញុំកៀរគរសប្បុរសជនពួតដៃគ្នានាំយកអំណោយ ទៅកាន់គ្រួសារក្រីក្រ និងគ្រួសារជួបការលំបាកពិសេស នៅតំបន់ដាច់ស្រយាល និងតំបន់ព្រំដែន។ ថ្វីត្បិតតែតម្លៃនៃអំណោយមានភាពតិចតូច ក្តីប៉ុន្តែយើងខ្ញុំសង្ឃឹមថានឹងរួមចំណែកមួយផ្នែកតូចដើម្បីឱ្យប្រជាជនគ្រប់គ្នាមានបុណ្យចូលឆ្នាំថ្មីតេតដ៏រីករាយ ជួយឱ្យប្រជាជនមានបន្ថែមកម្លាំងចលករ និងការជឿទំនុកចិត្តក្នុងជីវភាពរស់នៅ"។

leftcenterrightdel
តំណាងសមាគមកាកបាទក្រហមខេត្ត Ha Giang ចុះសួរសុខទុក្ខ និងលើកទឹកចិត្តគ្រួសារអ្នកស្រី Ly Thi Mai នៅភូមិ Hau Chua ឃុំ Giang Chu Phin ស្រុក Meo Vac

សម្រាប់អ្នកស្រី Ly Thi Mai ជនជាតិ Mong នៅភូមិ Hau Chua ឃុំ Giang Chu Phin ស្រុក Meo Vac ឆ្នាំនេះជាឆ្នាំដំបូងដែល គាត់ និងកូនតូចៗទាំងបីនាក់របស់គាត់ មានអារម្មណ៍កក់ក្ដៅក្នុងការសម្អាត និងតុបតែងផ្ទះដ៏រឹងមាំរបស់ពួកគេដោយខ្លួនឯង។ នោះអាចធ្វើទៅបានអាស្រ័យដោយមានការគាំទ្ររបស់សមាគមកាកបាទក្រហមខេត្ត Ha Giang និងសប្បុរសជនដែលបានជួយគាត់សាងសង់ផ្ទះថ្មីមួយខ្នងដែលមានទំហំជាង ៨៥ ម៉ែត្រការ៉េ។ អ្នកស្រី Mai បានចែករំលែកថា៖ «ប្តីខ្ញុំបានទទួលមរណៈភាព គ្រួសារខ្ញុំក្រីក្រ ខ្ញុំចិញ្ចឹមកូនតូចៗចំនួន ៣ នាក់តែម្នាក់ឯង ផ្ទះខ្ញុំរលំយូរហើយ រាល់ពេលភ្លៀងម្តងៗ ខ្ញុំបារម្ភខ្លាំងណាស់។ ជាភ័ពសំណាងហើយដែលខ្ញុំទទួលបានការជួយឧបត្ថម្ភពីសមាគមកាកបាទក្រហមខេត្ត និងសប្បុរសជន ដើម្បីសាងសង់ផ្ទះថ្មី។ ខ្ញុំនិងកូនៗរបស់ខ្ញុំសប្បាយចិត្តណាស់!»។

ដើម្បីពួតដៃគ្នាថែទាំបុណ្យចូលឆ្នាំថ្មីតេតដល់គ្រួសារក្រីក្រ និងជនរួមជាតិភាគតិច មកទល់ពេលនេះ សមាគមកាកបាទក្រហមគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត Ha Giang បានកៀរគរអំណោយបានជាង ២២,០០០ កញ្ចប់ ដែលមានតម្លៃសរុបជាង ១២.៧ ពាន់លានដុង រៀបចំកម្មវិធី “ផ្សារសប្បុរសធម៌” “ផ្សារ ០ ដុង” ជួយឧបត្ថម្ភអំណោយជាង ៤០០ កញ្ចប់ ជូនគ្រួសារជួបការលំបាក។ល។ ចាប់ពីខែធ្នូ ឆ្នាំ ២០២៣ រហូតមកដល់ពេលនេះ ស្រុក Meo Vac បានទទួលស្វាគមន៍គណៈប្រតិភូសប្បុរសជន អង្គការ និងបុគ្គលនានាមកផ្តល់អំណោយ សាច់ប្រាក់ និងឧបត្ថម្ភការសាងសង់ផ្ទះជាច្រើន... ដែលមានតម្លៃសរុបជាង ៦ ពាន់លានដុង។

លោក Ngo Manh Cuong អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Meo Vac បានឲ្យដឹងថា៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំនេះ យើងខ្ញុំបានដឹកនាំឃុំ ទីរួមស្រុក ត្រូវពិនិត្យបញ្ជីរាយនាមគ្រួសារក្រីក្រ ដើម្បីរៀបចំការជួយឧបត្ថម្ភទាន់ពេលវេលា ដោយមិនទុកនរណាម្នាក់ចោល។ រួមជាមួយនឹងអំណោយពីថវិការបស់រដ្ឋ និងស្រុក យើងខ្ញុំផ្តោតលើការកៀរគរសប្បុរសជនចូលរួម។ មានក្រុមសប្បុរសជនជាច្រើនបានមកជួយឧបត្ថម្ភជនជាតិភាគតិចនៅស្រុក Meo Vac»។

និទាឃរដូវថ្មីមួយទៀតបានឈានចូលមកដល់ ដោយមានការយកចិត្តទុកដាក់ពីបក្ស រដ្ឋ ការពួតដៃពីអាជ្ញាធរមូលដ្ឋាន និងសហគមន៍ទាំងមូល បណ្តាអំណោយបុណ្យចូលឆ្នាំថ្មីតេតនឹងក្លាយជាការលើកទឹកចិត្តដ៏ថ្លៃថ្លាក្នុងការចូលរួមចំណែកដល់គ្រួសារក្រីក្រ និងគ្រួសារជនជាតិភាគតិចនៅតំបន់ភ្នំខេត្ត Ha Giang ទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីដ៏កក់ក្ដៅ៕

បកប្រែដោយ Huyen Trang