នៅឆ្នាំ២០២១ បន្ទាប់ពីបានចូលរួមវគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមសត្វដែលរៀបចំដោយអង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ៤  ប្តីប្រពន្ធលោក Lo Van Cuong ជនជាតិ Thai នៅភូមិ Na Nieng ឃុំ Tri Le ស្រុក Que Phong (ខេត្ត Nghe An ភាគកណ្តាលវៀតណាម) បានទទួលពូជជ្រុកចំនួន ៤ ក្បាលពីអង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ៤។ អាស្រ័យដោយខិតខំប្រឹងប្រែង និងការណែនាំបច្ចេកទេសពីកងទ័ព លោក Lo Van Cuong បានខ្ចីទុនបន្ថែមទៀត ដើម្បីពង្រីកការចិញ្ចឹមសត្វ។ មកដល់ពេលនេះ ហ្វូងជ្រូករបស់គ្រួសារគាត់បានកើនឡើងដល់ជាង ៣០ ក្បាល។ ដោយមានដើមទុន លោក Cuong បានចិញ្ចឹមសត្វបក្សីបន្ថែមទៀត បើកហាងលក់សារពើភណ្ឌ ដើម្បីផ្គត់ផ្គង់តម្រូវការចាំបាច់សម្រាប់ប្រជាជន និងក្លាយជាគំរូមួយក្នុងចំណោមគំរូនៃការលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រនៅក្នុងតំបន់។ គ្រួសារលោក Lo Van Cuong គឺជាគ្រួសារមួយក្នុងចំណោមគ្រួសារជនជាតិភាគតិចជិត ២ ពាន់ ដែលទទួលបានការជួយឧបត្ថម្ភដោយអង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ៤ ពីគម្រោងនៃកម្មវិធី ១៧១៩ ក្នុងរយៈពេលកន្លងមក។

leftcenterrightdel
តំណាងអង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ៤ ផ្តល់ពូជសត្វចិញ្ចឹមដល់ជនជាតិភាគតិចនៅតំបន់សេដ្ឋកិច្ច-ការពារជាតិ Ky Son

អង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ៤ កំពុងបំពេញភារកិច្ចនៅក្នុងឃុំចំនួន ៨ នៃស្រុកជាប់ព្រំដែនចំនួនពីរគឺ ស្រុក Ky Son និងស្រុក Que Phong (ខេត្ត Nghe An) ចំណុះតំបន់សេដ្ឋកិច្ច-ការពារជាតិ Ky Son។ ទាំងនេះគឺជាតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច សង្គម មិនសូវមានការអភិវឌ្ឍ ដង់ស៊ីតេប្រជាជនតិច ភាគច្រើនជាជនជាតិ Thai, Mong, Kho Mu ដែលមានទំនៀមទម្លាប់ហួសសម័យ ដូច្នេះ អត្រាគ្រួសារក្រីក្រគឺខ្ពស់។ល។

យោងតាមលោកវរសេនីយ៍ឯក Le Van Thang មេបញ្ជាការនៃអង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ៤ ដើម្បីដាក់ពង្រាយទម្រង់ជួយប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច អង្គភាពបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ជ្រើសរើសមុខសញ្ញាត្រឹមត្រូវដែលត្រូវការជំនួយ; ស្រាវជ្រាវទម្រង់សមស្របទៅនឹងលក្ខណៈ និងប្រៀបខ្លាំងនៃមូលដ្ឋាន; រៀបចំវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសដាំដុះ និងចិញ្ចឹមសត្វសម្រាប់គ្រួសារ។ល។ ក្នុងដំណើរការអនុវត្ត អង្គភាពបានចាត់តាំងកម្មាភិបាល និងបុគ្គលិកជួយឧបត្ថម្ភប្រជាជន។ បច្ចុប្បន្ននេះ ទម្រង់ទាំងនេះកំពុងអភិវឌ្ឍយ៉ាងល្អ រួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រីក្រនៅក្នុងតំបន់សេដ្ឋកិច្ច-ការពារជាតិ Ky Son។

ទន្ទឹមនឹងនោះ នៅឆ្នាំ ២០២៣ អង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ៤ ក៏បានអនុវត្តគម្រោង “កម្មាភិបាល និងយុទ្ធជនកងទ័ពជួយឧបត្ថម្ភកុមារទៅសាលារៀន" ព្រមទាំងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន និងសាលារៀនក្នុងតំបន់ជួយឧបត្ថម្ភសិស្សដែលជួបការលំបាក ចំនួន ២០ នាក់ ជាមួយនឹងទឹកប្រាក់ចំនួន ៧.៤ លានដុង/កុមារ/ឆ្នាំ។ លើសពីនេះ ស្ថាប័ន និងអង្គភាពនានាបានអំពាវនាវដល់អង្គការ បុគ្គល និងសប្បុរសជន បរិច្ចាគថវិការាប់រយលានដុង រួមចំណែកលើកកំពស់ប្រសិទ្ធភាពនៃកម្មវិធី ១៧១៩។ អង្គភាពក៏បានសម្របសម្រួលបើកថ្នាក់រៀនលុបបំបាត់អនក្ខរកម្ម ផ្សព្វផ្សាយ និងអប់រំច្បាប់; ពិនិត្យសុខភាព និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាជនរាប់ពាន់នាក់។ល។

ស្តីពីតួនាទីរបស់អង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ៤ លោក Vi Hoe លេខាគណៈកម្មាធិការបក្សស្រុក Ky Son បានសង្កត់ធ្ងន់ថា៖ “ក្នុងរយៈពេលកន្លងមក ដោយអនុវត្តកម្មវិធី ១៧១៩ អង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ៤ បានរៀបចំសកម្មភាពជាច្រើនស្របតាមលក្ខណៈ និងស្ថានភាពរបស់មូលដ្ឋាន  និងទំនៀមទម្លាប់របស់ប្រជាជន ផ្សារភ្ជាប់ជាមួយនឹងការការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់ទាំងមូល។ ក្នុងដំណើរការបំពេញភារកិច្ច អង្គភាពបានកសាងទម្រង់ជាច្រើនដើម្បីកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព រួមចំណែកលើកកំពស់ចំណេះដឹងរបស់ប្រជាជន អភិវឌ្ឍន៍សេដ្ឋកិច្ច រក្សាស្ថិរភាពនយោបាយសង្គម និងពង្រឹងការការពារជាតិ សន្តិសុខក្នុងតំបន់"៕

បកប្រែដោយ Huyen Trang