ទាក់ទងនឹងការសម្រេចគោលដៅកសាងជនបទថ្មី លោក Pham Van Thuan លេខាគណៈកម្មាធិការបក្សឃុំ Buon Triet ឲ្យដឹងថា៖ “ជាឃុំកសិកម្មដែលភាគច្រើនដាំដុះស្រូវសើម ដូច្នេះបើប្រៀបធៀបទៅនឹងតំបន់ដាំដំណាំកាហ្វេ ម្រេច ទុរេន... នោះ ឃុំ Buon Triet ស្ថិតនៅតំបន់មានការអភិវឌ្ឍយ៉ាងយឺតយ៉ាវ ប្រាក់ចំណូលជាមធ្យមទាប និងអត្រាក្រីក្រខ្ពស់។ បច្ចុប្បន្ននេះ ក្នុងឃុំមាន ២,១០៩ គ្រួសារ ដោយមានមនុស្ស ៧,៤០០ នាក់ ក្នុងនោះ ជនជាតិ M'nong និង E de មានចំនួន ២៥%; អត្រាគ្រួសារក្រីក្រស្រូបយក ១៧,២៦%។ ប៉ុន្ដែប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមានការផ្លាស់ប្តូរយ៉ាងសកម្មនូវរចនាសម្ព័ន្ធដំណាំដាំដុះ ការចិញ្ចឹមសត្វ សេដ្ឋកិច្ចសង្គមរបស់ឃុំមានការអភិវឌ្ឍ បង្កើតលក្ខខណ្ឌអំណោយផលក្នុងការកសាងជនបទថ្មី។

leftcenterrightdel
កម្មាភិបាលភូមិ Ja Tu ឃុំ Buon Triet ណែនាំគ្រួសារលោក Y Ngon H'Mok ផ្លាស់ប្តូរដំណាំដាំដុះ

ឆ្នាំ ២០១២ នៅពេលចាប់ផ្តើមកម្មវិធីគោលដៅជាតិដើម្បីកសាងជនបទថ្មី ឃុំ Buon Triet សម្រេចបានតែ ៤ លក្ខណៈវិនិច្ឆ័យប៉ុណ្ណោះ រួមមាន៖ នគរូបនីយកម្ម សុខាភិបាល អគ្គិសនី ប្រព័ន្ធនយោបាយ និងការទទួលច្បាប់។ ស្របពេលនោះ ភូមិទាំង៤ ក្នុងឃុំស្ថិតក្នុងស្ថានភាពលំបាកខ្លាំង។ កង្វះហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដអប់រំ និងវប្បធម៌នៅខ្វះខាតគ្រប់សព្វយ៉ាង។

ទោះជាយ៉ាងណាក៏ដោយ ដោយមានការយកចិត្តទុកដាក់វិនិយោគពីមជ្ឈិម និងខេត្ត Dak Lak ក្នុងរយៈពេល ១១ ឆ្នាំកន្លងមកនេះ មុខមាត់របស់ឃុំ Buon Triet ផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ប្រព័ន្ធធារាសាស្រ្ត សាលារៀន បរិស្ថាន និងការផ្លាស់ប្តូរដំណាំដាំដុះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព។ ចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៣ ឃុំ Buon Triet ត្រូវបានវិនិយោគថវិកាជាង ៣០០ ពាន់លានដុង ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ រួមទាំងគម្រោងសំខាន់ៗដូចជា៖ អាងស្តុកទឹក Buon Triet និងផ្លូវជាតិលេខ ៧...។

សំណេះសំណាលជាមួយយើងខ្ញុំ លោក Bui Manh Hai ប្រធានគណៈកម្មាធិការប្រជាជនឃុំ Buon Triet បានឲ្យដឹងថា៖ “ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយអនុវត្ដការផ្លាស់ប្ដូរដំណាំដាំដុះ និងការចិញ្ចឹមសត្វ ឃុំ Buon Triet បានពង្រីកការដាំកាហ្វេលើផ្ទៃដីចំនួន ៥៥៨ ហិកតា និងដើមឈើហូបផ្លែចំនួន ៣០០ ហិកតា។ ក្នុងនោះ ដើមទុរេនត្រូវបានគេកំណត់ថាជាដំណាំចម្បងនៅពេលអនុវត្តការផ្លាស់ប្ដូរដំណាំដាំដុះ។ ក្នុងឃុំមានផ្ទៃដីដាំដើមទុរេនចំនួន ១០០ ហិកតា ហើយគ្រោងថាឆ្នាំ ២០២៣ នឹងប្រមូលផលផ្លែឈើ ១០០ តោន ដែលមានតម្លៃជាង ៥ ពាន់លានដុង។

ពីការទាញយកសក្តានុពលនៃដីធ្លី និងការផ្លាស់ប្ដូរដំណាំដាំដុះ​​​ និងការចិញ្ចឹមសត្វ ឆ្ពោះទៅរកការលើកកំពស់ប្រសិទ្ធភាពសេដ្ឋកិច្ច ឃុំ Buon Triet សម្រេចបានគោលដៅ "ចំណូល" ក្នុងលក្ខណៈវិនិច្ឆ័យកសាងជនបទថ្មី។ តាមនោះ នៅឆ្នាំ ២០២២ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់កើនឡើងដល់ ៣៩ លានដុង ឆ្នាំ ២០២៣ ត្រូវបានគេប៉ាន់ប្រមាណថានឹងឡើងដល់ ៤១ លានដុង ហើយនៅឆ្នាំ ២០២៥ ខិតខំសម្រេចបាន ៤៨ លានដុង/ម្នាក់/មួយឆ្នាំ។

ការពិតបានបង្ហាញថា ការរួមចំណែកជាវិជ្ជមានរបស់ប្រជាជនទាក់ទងនឹងថវិកា ដីធ្លី និងកម្លាំងពលកម្មបានជួយឃុំ Buon Triet សម្រេចបានគោលដៅជាជនបទថ្មី។ នៅភូមិទាំង៨ ក្នុងឃុំ គ្រួសារបានយល់ព្រមរួមវិភាគទានទឹកប្រាក់ដើម្បីសាងសង់អាគារវប្បធម៌ភូមិចំនួន៨ ដោយមានថវិកា ៣ ពាន់លានដុង/មួយអាគារ ក្នុងនោះរដ្ឋឧបត្ថម្ភ ៤០ ដល់ ៥០ លានដុង/អាគារ។ យោងតាមការគណនាជាមធ្យមក្នុងមួយឆ្នាំៗ អ្នកឃុំ Buon Triet រួមវិភាគទានកម្លាំងពលកម្ម និងបរិច្ចាកដីធ្លីដើម្បីកសាងផ្លូវជនបទ ក្នុងតម្លៃរហូតដល់ ២ ពាន់លានដុង។

រហូតមកទល់នឹងពេលនេះ ឃុំ Buon Triet សម្រេចបានលក្ខណៈវិនិច្ឆ័យ ១៥/១៩ សម្រាប់ការកសាងជនបទថ្មី លក្ខណៈវិនិច្ឆ័យចំនួន ៤ មិនទាន់សម្រេចបានរួមមាន៖ សាលារៀន; ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដវប្បធម៌; អត្រាគ្រួសារក្រីក្រ; បរិស្ថាន និងសុវត្ថិភាពចំណីអាហារ។ ក្នុងនោះ ឃុំ Buon Triet បានកំណត់ថា លក្ខណៈវិនិច្ឆ័យ "គ្រួសារក្រ" គឺជាបញ្ហាពិបាកបំផុត។ នៅឆ្នាំ ២០២៣ និងឆ្នាំ ២០២៤ ឃុំ Buon Triet ប្តេជ្ញាចិត្ដកាត់បន្ថយភាពក្រីក្រ។ ជាពិសេសនៅឆ្នាំ ២០២៣ ខិតខំកាត់បន្ថយគ្រួសារក្រីក្រ ១២% ដើម្បីសម្រេចបានលក្ខណៈវិនិច្ឆ័យ ១៩/១៩ នៅចុងឆ្នាំ ២០២៤ និងសម្រេចបានគោលដៅកសាងជនបទថ្មីនៅឆ្នាំ ២០២៥៕

បកប្រែដោយ Pham Diep