ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ថា សម្រាប់ប្រទេសកម្ពុជា កិច្ចព្រមព្រៀង RCEP មានសារៈសំខាន់ណាស់ព្រោះវាបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។

នាយករដ្ឋមន្ត្រីកម្ពុជាបានរំលឹកថា កម្ពុជាបានធ្វើជាប្រធានអាស៊ាន នៅពេលដែលកិច្ចព្រមព្រៀង RCEP​ ត្រូវបានចាប់ផ្តើមចរចា និងចូលជាធរមានងក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ពោលគឺក្នុងឆ្នាំ២០១២ និង២០២២។

ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា “RCEP នៅតែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេបំផុតលើពិភពលោក ដែលមានលក្ខណៈទំនើប រស់រវើក គ្រប់ជ្រុងជ្រោយ និងមានគុណភាពខ្ពស់។ ដោយមើលឃើញពីភាព មិនប្រាកដប្រជាសកលកាន់តែខ្លាំងក្លាឡើង នាពេលបច្ចុប្បន្ន តួនាទីរបស់កិច្ចព្រមព្រៀង RCEP នៅតែមានសារៈសំខាន់ ក្នុងការពង្រឹងទំនុកចិត្តលើប្រព័ន្ធពាណិជ្ជកម្មពហុភាគី ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិ និងការជំរុញសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងពិភពលោក ដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

leftcenterrightdel
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា (រូប​ថត៖ khmertimeskh.com)

ដើម្បីពង្រឹងតួនាទីរបស់ RCEP ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចែករំលែកទស្សនៈមួយចំនួន៖

“ទី១៖ ខ្ញុំជឿថាសមាជិកទាំងអស់យល់ស្របថាសេដ្ឋកិច្ចចិនដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើននៃតំបន់អាស៊ីប៉ាស៊ីហ្វិក។ អាស៊ាន និងចិនត្រូវជំរុញបន្ថែមទៀតនូវភាពធន់នៃកិច្ចសហប្រតិបត្តិការ និងអន្តរកម្មសេដ្ឋកិច្ចរបស់យើង។ យើងត្រូវបង្ហាញពិភពលោកថា ការជំរុញពាណិជ្ជកម្មពហុភាគីដោយសេរី បើកចំហ បរិយាប័ន្ន និងផ្អែកលើច្បាប់ នៅតែជាដំណោះស្រាយរួមដ៏ល្អបំផុតសម្រាប់យើងទាំងអស់គ្នា។

ទី២៖ ក្រៅពីការធ្វើពាណិជ្ជកម្មទំនិញ យើងគួរតែផ្តោតការយកចិត្តទុកដាក់លើការជំរុញពាណិជ្ជកម្មសេវាកម្ម ជាពិសេសពាណិជ្ជកម្មឌីជីថល។ ខ្ញុំមើលឃើញសក្តានុពលពីសហថាមពលរវាងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងកិច្ចព្រមព្រៀង RCEP ដើម្បីបង្កើនពាណិជ្ជកម្មទំនិញ និងសេវាកម្ម។ នៅពេលដែលយើងចាប់ផ្តើមចរចាកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ខ្ញុំជឿថា យើងត្រូវគិតទុកជាមុនអំពីតួនាទីរបស់ RCEP ក្នុងក្របខ័ណ្ឌនេះដើម្បីជំរុញពាណិជ្ជកម្មឌីជីថលឱ្យកាន់តែទូលំទូលាយ។

ទី៣៖ យើងត្រូវទទួលស្គាល់ថាវិស័យឯកជនគឺជាគន្លឹះក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ និងជាអ្នកជួយចែករំលែកអត្ថប្រយោជន៍សេដ្ឋកិច្ចយ៉ាងទូលំទូលាយដល់ប្រជាជន។ ដូច្នេះ យើងគួរតែបន្តបញ្ជ្រាបពីសារៈសំខាន់នៃកិច្ចព្រមព្រៀង RCEP ដល់វិស័យឯកជន ព្រមទាំងជំរុញ និងគំាទ្រពួកគេ ក្នុងការចូលរួមអនុវត្ត RCEP ជាពិសេសសហគ្រាសថ្មី ធុនតូច និងមធ្យម។

ទី៤៖ យើងគួរពន្លឿនការបញ្ចប់នីតិវិធីសម្រាប់ការស្នើសុំចូលជាសមាជិក RCEP ថ្មីៗ និងពិចារណាពីការពង្រីកសមាជិកភាព។ គោលនយោបាយរួមរបស់អាស៊ានគឺជំរុញការធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចសកលលោក និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅដែលមានសក្តានុពល។

ទី៥៖ ការធានាបរិយាប័ន្ននៃកិច្ចព្រមព្រៀង RCEP មានសារៈសំខាន់ក្នុងការបង្កើតភាពទាក់ទាញ និងបង្ហាញពីអត្ថប្រយោជន៍នៃការចូលរួមក្នុងពាណិជ្ជកម្មពហុភាគី។

ក្នុងន័យនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនៃជំពូកស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ដែលជួយសមាជិកជាប្រទេសអភិវឌ្ឍន៍តិចតួចអោយមានលទ្ធភាពចូលរួមអនុវត្តកាតព្វកិច្ចរបស់ខ្លួន។

ឯកឧត្តមបណ្ឌិតបានបញ្ជាក់ទៀតថា ក្នុងអាណត្តិថ្មីនេះ រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាបន្តពង្រឹងតួនាទីរបស់កម្ពុជាក្នុងអាស៊ាន ពង្រឹងអភិបាលកិច្ច ពង្រីកតួនាទីវិស័យឯកជន និងជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោក។ ទន្ទឹមនឹងនេះ កម្ពុជានឹងប្រើប្រាស់ក្របខណ្ឌអាស៊ាន និងរវាងអាស៊ាន និងដៃគូរបស់ខ្លួន ក៏ដូចជា RCEP ដើម្បីទាក់ទាញការវិនិយោគបរទេសកាន់តែច្រើន ជំរុញកំណើនសេដ្ឋកិច្ច និងកសាងភាពធន់៕

បកប្រែដោយ Thanh Cong