ពង្រីកប្រកបដោយប្រសិទ្ធភាពនូវតួនាទីរបស់អ្នកមានប្រជាប្រិយភាព ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់
កប.អនឡាញ - Lai Chau ជាខេត្តជាប់ព្រំដែន ដែលមានតួនាទីសំខាន់លើវិស័យការពារជាតិ និងសន្តិសុខ ដោយមានមនុស្សជាង ៤៦ ម៉ឺននាក់ ក្នុងនោះជនជាតិភាគតិចមានជិត ៨៥%។ នៅតាមភូមិ ឃុំ នៅតែមានទម្រង់នៃការគ្រប់គ្រងតាមត្រកូល និងគ្រួសារ... ដូច្នេះហើយ ព្រឹទ្ធាចារ្យភូមិ មេភូមិ មេគ្រួសារ និងអ្នកមានប្រជាប្រិយភាព មានតួនាទីយ៉ាងសំខាន់ក្នុងការងារប្រយុទ្ធប្រឆាំងនឹងទស្សនៈខុសឆ្គង។
នៅខេត្ត Lai Chau អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងស្ថាប័ននានាតែងតែយកចិត្តទុកដាក់ បង្កលក្ខណៈងាយស្រួល និងណែនាំឲ្យសាសនាទាំងអស់រៀបចំសកម្មភាពស្របតាមគោលការណ៍ គោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋ។ ប៉ុន្តែ កម្លាំងអរិភាព និងប្រតិកិរិយាឆ្លៀតប្រយោជន៍ពីបញ្ហា “ប្រជាធិបតេយ្យ” “សិទ្ធិមនុស្ស” “សាសនា” “ជាតិសាសន៍”… ដើម្បីទាក់ទាញជនរួមជាតិដែលនៅមានការលំបាក ចូលរួមសកម្មភាពខុសច្បាប់។
    |
 |
លោក Ly Xa Pu (ទី២ ពីស្តាំ) ជាអ្នកមានប្រជាប្រិយភាព ជាមួយកម្មាភិបាលប៉ុស្តិ៍ការពារព្រំដែន Pa U (កងទ័ពការពារព្រំដែនខេត្ត Lai Chau) ឃោសនាផ្សព្វផ្សាយអំពីច្បាប់ដល់ប្រជាពលរដ្ឋ |
ប្រឈមមុខនឹងបញ្ហាខាងលើ កម្លាំងនគរបាលខេត្ត Lai Chau សហការជាមួយស្ថាប័ន គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន បានឃោសនាដល់មេភូមិ អ្នកមុខអ្នការ និងអ្នកមានប្រជាប្រិយភាព អំពីគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ ជាពិសេសគោលនយោបាយស្តីពីជនជាតិ និងសាសនា ល្បិចកលរបស់កងកម្លាំងអរិភាព ចំណេះដឹងក្នុងវិស័យការពារជាតិ និងសន្តិសុខ។ល។ ពីនោះ ជួយអ្នកមានប្រជាប្រិយភាពចូលរួមចំណែកចលនា និងឃោសនាផ្សព្វផ្សាយដល់អ្នកភូមិអនុវត្តល្អច្បាប់។
លោក Ly Xa Pu ជាអ្នកមានប្រជាប្រិយភាពនៅភូមិ Nhu Ma ឃុំ Pa U ស្រុក Muong Te។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ លោក Pu បានរៀបចំយុទ្ធនាការឃោសនាជាង ៦០០ អំពីមាគ៌ា គោលការណ៍របស់បក្ស ព្រមទាំងគោលនយោបាយ និងច្បាប់របស់រដ្ឋដល់ប្រជាពលរដ្ឋជាង ១០,០០០ នាក់។ តាមរយៈការឃោសនារបស់លោក Pu អ្នកភូមិ Nhu Ma ភាគច្រើនបានចូលរួមយ៉ាងសកម្មក្នុងការបង្កបង្កើនផល និងរួមចំណែកកសាងស្រុកកំណើត។
ដោយមើលឃើញយ៉ាងច្បាស់ពីតួនាទីរបស់អ្នកមានប្រជាប្រិយភាព ចាប់ពីឆ្នាំ ២០២០ ដល់បច្ចុប្បន្ន ស្ថាប័នមានសមត្ថកិច្ចខេត្ត Lai Chau បានជួបប្រជុំជាមួយព្រឹទ្ធាចារ្យភូមិ មេភូមិ និងអ្នកមានប្រជាប្រិយភាពជិត ៥០០ នាក់ ជួបសំណេះសំណាល ផ្តល់អំណោយ និងលើកទឹកចិត្ត អ្នកគំរូ មេភូមិ មេគ្រួសារ អ្នកមុខអ្នកការ និងអ្នកមានប្រជាប្រិយភាពជាង ១ ម៉ឺននាក់ ដើម្បីចលនាប្រជាពលរដ្ឋឲ្យគោរពតាមគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ ផ្ដល់អំណោយដល់ប្រជាពលរដ្ឋ មេភូមិ មេគ្រួសារ អ្នកមុខអ្នកការ និងអ្នកមានប្រជាប្រិយភាពនៅមូលដ្ឋានជាង ៣ ពាន់នាក់ ដែលមានសមិទ្ធផលក្នុងចលនាមហាជន និងការធានាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងឃុំ និងភូមិ។
ដើម្បីពង្រីកតួនាទីរបស់អ្នកមានប្រជាប្រិយភាព ស្ថាប័នមានសមត្ថកិច្ចខេត្ត Lai Chau នឹងបន្តបង្កើនជំនួបសំណេះសំណាល ស្វែងយល់អំពីចិត្តគំនិត និងបំណងប្រាថ្នានៃអ្នកមានប្រជាប្រិយភាព ក្នុងការអនុវត្តគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ ហើយឃោសនា និងអប់រំចំណេះដឹងអំពីសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីលើកទឹកចិត្តអ្នកមានប្រជាប្រិយភាព ចូលរួមយ៉ាងសកម្មក្នុងចលនាការពារសន្តិសុខមាតុភូមិ។ ទន្ទឹមនឹងនោះ ខេត្តនឹងយកចិត្តទុកដាក់លើការអនុវត្តរបប និងគោលនយោបាយ ការផ្តល់រង្វាន់ជូនអ្នកមានស្នាដៃឆ្នើមក្នុងគ្រប់វិស័យ ដើម្បីលើកទឹកចិត្តឲ្យពួកគេចូលរួមយ៉ាងសកម្មក្នុងការចលនា និងការអភិវឌ្ឍសេដ្ឋកិច្ច និងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់៕
បកប្រែដោយ Thuy Anh