ប្រជាជននៅឃុំ Thanh Tan និងតំបន់ជិតខាងបានស្គាល់រូបភាពពុទ្ធសាសនិកស្ម័គ្រចិត្តដឹកខ្សាច់ ដឹកថ្ម ស៊ីម៉ងត៍ ចាក់គ្រឹះ... សាងសង់ស្ពានដែលរឹងមាំរាប់សិប។ វាគឺជាក្រុមសាងសង់ស្ពានសប្បុរសធម៌របស់វត្ត Vinh Phuoc ដែលបង្កើតឡើងដោយព្រះមហាថេរៈ Thich Dinh Huong។ ចាប់ពីឆ្នាំ ២០១៦ រហូតមកដល់បច្ចុប្បន្ន វត្ត និងពុទ្ធសាសនិកជនបានចលនា និងសាងសង់ស្ពានបេតុងចំនួនជាង ១០០  ដែលមានទំហំផ្សេងៗគ្នានៅក្នុងស្រុក Thanh Tri និង ស្រុកMy Xuyen, ស្រុក My Tu និងទីរួមខេត្ត Nga Nam ខេត្ត Soc Trang) ដោយចំណាយថវិកាសរុបជាង ១៦ ពាន់លានដុង។

leftcenterrightdel
ក្រុមការងារសាងសង់ស្ពានសប្បុរសធម៌នៃវត្ត Vinh Phuoc ចូលរួមសាងសង់ស្ពាននៅភូមិ Long Thanh ឃុំ Tan Long ទីរួមខេត្ត Nga Nam (Soc Trang)

ព្រះមហាថេរៈ Thich Dinh Huong មានពុទ្ធដីកាថា៖ “ខ្ញុំមានបំណងចង់បង្កើតក្រុមសាងសង់ស្ពានសប្បុរសធម៌ក្នុងគោលបំណងសាងសង់ស្ពានដែលរឹងមាំជំនួសស្ពានបណ្តោះអាសន្ន ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរកាន់តែងាយស្រួល។ ព្រោះដើម្បីអភិវឌ្ឍសេដ្ឋកិច្ចត្រូវមានផ្លូវធ្វើដំណើរយ៉ាងងាយស្រួល។ នៅពេលបង្កើតឡើងដំបូង ក្រុមនេះមានសមាជិកត្រឹមតែ៦នាក់ប៉ុណ្ណោះ ឥឡូវនេះវាបានកើនដល់១៤នាក់ ដែលជាពុទ្ធសាសនិកស្ម័គ្រចិត្ត។

ដំណឹងល្អបានរីកសាយភាយ នៅពេលដឹងថាមានក្រុមការងារសាងសង់ស្ពានសប្បុរសធម៌នៅវត្ត Vinh Phuoc នោះ  ឃុំជិតខាងជាច្រើនបានផ្ញើលិខិតចំហបង្ហាញពីបំណងជួយសាងសង់ស្ពាន។ នៅពេលណាដែលបានទទួលលិខិតនោះ ព្រះតេជគុណ Thich Dinh Huong រួមជាមួយនឹងព្រះសង្ឃ និងពុទ្ធសាសនិក អំពាវនាវដល់សប្បុរសជន ចូលរួមវិភាគទានជាថវិកា ជួយដល់មូលដ្ឋានជួបការលំបាកក្នុងការសាងសង់ស្ពាន។ ដូច្នេះចំនួនស្ពានបានសាងសង់កើនឡើងជាលំដាប់។ ថវិកាពីសប្បុរសជនប្រើសម្រាប់តែទិញសម្ភារប៉ុណ្ណោះ ចំណែកការសាងសង់ប្រគល់ឱ្យក្រុមសាងសង់ស្ពាន។ អ្នករួមវិភាគទានកម្លាំង និងអ្នករួមវិភាគទានជាថវិកា ជាមួយគោលបំណងចង់ឱ្យស្ពាននេះត្រូវបានសាងសង់រួចរាល់ និងដាក់ឱ្យប្រើប្រាស់យ៉ាងឆាប់រហ័ស ដែលបង្កភាពងាយស្រួលសម្រាប់មនុស្សក្នុងការធ្វើដំណើរ ហើយសិស្សានុសិស្សនឹងលែងមានការនឿហត់រាល់ពេលដែលពួកគេទៅថ្នាក់រៀនទៀត។ សំណេះសំណាលជាមួយយើង លោក Doan Thanh Nhung ប្រធានគណៈកម្មាធិការប្រជាជនឃុំ Thanh Tan បានឲ្យដឹងថា៖ “វត្ត Vinh Phuoc និងក្រុមការងារសាងសង់ស្ពានសប្បុរសធម៌ រួមជាមួយពុទ្ធសាសនិកជន និងសប្បុរសជនបានចូលរួមសាងសង់ស្ពាន ជួយសម្រួលការធ្វើដំណើរ  លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ និងបានចូលរួមចំណែកក្នុងការអនុវត្តកម្មវិធីគោលដៅជាតិស្តីពីការកសាងជនបទថ្មី។ ខ្ញុំសង្ឃឹមថា នាពេលខាងមុខ ព្រះតេជគុណ Thich Dinh Huong និងគណៈគ្រប់គ្រងវត្ត Vinh Phuoc នឹងបន្តមានសកម្មភាពស្ម័គ្រចិត្តជួយប្រជាជនសម្រាលការលំបាករបស់ពួកគេ”។

ដោយមានព្រះមហាថេរៈ Thich Dinh Huong វត្ត Vinh Phuoc បានក្លាយជាកន្លែងតភ្ជាប់រវាងសប្បុរសជន និងម្ចាស់ជំនួយ ដើម្បីសាងសងស្ពានសប្បុរសធ៌ម។ ការរួមចំណែករបស់ព្រះតេជគុណ Thich Dinh Huong ក្នុងការងារសប្បុរសធម៌ និងការងារសង្គម ត្រូវបានគណៈកម្មាធិការប្រជាជនខេត្ត និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Soc Trang ទទួលស្គាល់ និងបានប្រគល់ប័ណ្ណសរសើរជាច្រើនផងដែរ។

បកប្រែដោយ Duy Hoan