ឆ្នាំ ២០១១ យុវជន Y Pot Nie បានបញ្ចប់ការសិក្សានៅអនុមហាវិទ្យាល័យវេជ្ជសាស្ត្រនៅទីក្រុង Da Nang ផ្នែកឱសថបុរាណ។ Y Pot Nie បានធ្វើការនៅមន្ទីរពេទ្យក្នុងទីក្រុង Da Nang និងទីក្រុងហូជីមិញអស់រយៈពេល ៤ ឆ្នាំ បន្ទាប់មកបាន ទៅធ្វើការនៅមន្ទីរពេទ្យពហុព្យាបាល Buon Ma Thuot រយៈពេលមួយឆ្នាំទៀត។ Y Pot Nie ធ្វើការផងនិងបន្ដសិក្សា វិញ្ញាបត្រវេជ្ជបណ្ឌិតផង។ ដល់ឆ្នាំ ២០១៥  គាត់បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្រ្ត Hue ផ្នែកវេជ្ជសាស្ត្រទូទៅ។

leftcenterrightdel
Y Pot Nie ណែនាំផលិតផលរបស់ក្រមហ៊ុនដល់អតិថិជនបរទេស

ស្មានថា យុវជនជនជាតិ E De នឹងប្រកបមុខរបរព្យាបាលសង្គ្រោះមនុស្ស ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះ ចំណង់ចំណូលចិត្តរបស់គាត់គឺចង់ធ្វើអាជីវកម្ម។ ជាមួយនឹងថង់ម្សៅកាហ្វេលីងរបស់គ្រួសារនៅស្រុកកំណើតផ្ញើឲ្យគាត់នោះ គាត់ចែកឲ្យមិត្តភក្តិនិងសហការីពិសារ ហើយគ្រប់គ្នាសរសើរកាហ្វេដ៏ឈ្ងុយឆ្ងាញ់។ ស្រាប់តែគាត់មានគំនិតកក់ទិញកាហ្វេរបស់គ្រួសារគាត់។ ផ្ដើមចេញពីការកក់ទិញពីមិត្តភក្តិនៅគ្រប់ទិសទីកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ Y Pot Nie សូមលាឈប់ពីការងារដើម្បីជួយឪពុកម្តាយលីងនិងកិនកាហ្វេ។ គាត់ក៏បានឆ្លៀតពេលសិក្សាភាសាអង់គ្លេសដើម្បីស្វែងយល់និងសិក្សាតាមបណ្តាញសង្គម វេទិកាសេដ្ឋកិច្ចក្នុងនិងក្រៅប្រទេស។ ចាប់តាំងពីពេលនោះមក គាត់បានចាប់យកតម្រូវការរបស់អតិថិជន។

ដើម្បីរក្សាបាននូវគុណភាពផលិតផលជាមួយនឹងតម្រូវការកាន់តែកើនឡើងនៃទីផ្សារ គាត់បានសម្រេចចិត្តចុះបញ្ជីអាជីវកម្មដំបូង​គេនៅក្នុងឃុំ។ ឆ្នាំ ២០១៩ គាត់បានបង្កើតក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត E De Café Co. Ltd។ ក្រៅពី​វិនិយោគសាងសង់រោងចក្រ គ្រឿងចក្រ និងឧបករណ៍ក្នុងតម្លៃជាង ១ ពាន់លានដុង គាត់ក៏បានវិនិយោគជីសរីរាង្គ និងជីកំប៉ុស ផ្តល់គ្រាប់ពូជនិងវត្ថុធាតុដើមឲ្យកសិករដាំកាហ្វេដោយឥតគិតការប្រាក់។ ទន្ទឹមនឹងនោះ គាត់បានស្នើឱ្យកសិករដាំកាហ្វេតតាមបច្ចេកទេសរបស់ក្រុមហ៊ុន និងដំណើរការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងតាំងពីការថែទាំរហូតដល់ការប្រមូលផល។ តម្លៃកាហ្វេដែលក្រុមហ៊ុនគាត់ទិញតែងតែខ្ពស់ជាងទីផ្សារពី ៥,០០០ ទៅ ១០,០០០ដុង ក្នុងមួយគីឡូក្រាម។

បច្ចុប្បន្ននេះ ក្រុមហ៊ុន E De Café Co. Ltd. មានកម្មករប្រហែល ២០ នាក់ ដោយទទួលប្រាក់ខែជាមធ្យមជាង ៥ លានដុង/ម្នាក់/ខែ។ លើសពីនេះ ក្រុមហ៊ុនក៏បានសហការជាមួយគ្រួសារជនជាតិ  E De ដាំកាហ្វេ ចំនួន ៥០ គ្រួសារ ក្នុងមួយគ្រួសារមានទំហំដាំកាហ្វេ ១ ហិកតា។ ដោយសារតែការផ្ទុះឡើងនៃជំងឺ Covid-19 ប្រាក់ចំណូលរបស់ក្រុមហ៊ុនក៏រងផលប៉ះពាល់ផងដែរ។ បច្ចុប្បន្ន  ក្រោយពីទូទាត់រួច ក្រុមហ៊ុនរកចំណូលបានប្រហែល ១០០ លានដុង/ខែ។

ជាមួយនឹងការខិតខំប្រឹងប្រែងមិនចេះនឿយហត់ ឆ្នាំ ២០២០ យុវជន Y Pot Nie មានកិត្តិយសទទួលបានប័ណ្ណសរសើរពីនាយករដ្ឋមន្ត្រី រួមជាមួយនឹងប័ណ្ណសរសើរជាច្រើនពីគ្រប់លំដាប់ថ្នាក់នៅក្នុងនិងក្រៅខេត្ដ។  ក្តីសុបិនរបស់គាត់នាពេលខាងមុខគឺការសាងសង់រោងចក្រកញ្ចក់ ដើម្បីធានានូវដំណើរការផលិតបិទជិត។ ផលិតផលរបស់ក្រុមហ៊ុនត្រូវបានទីផ្សារទទួលយកកាន់តែច្រើន អាស្រ័យហេតុនេះទើបបង្កើនការងារធ្វើនិងប្រាក់ចំណូលសម្រាប់ជនរួមជាតិ និងឈានទៅរួចផុតពីភាពក្រីក្រ៕

បកប្រែដោយ Pham Diep