សម្រាប់ប្រជាជនខ្មែរនៅឃុំ Ngoc Bien ស្រុក Tra Cu ថ្ងៃដំបូងនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ២០២៤ មានអត្ថន័យពិសេសណាស់ ព្រោះ Ngoc Bien បានឈានសម្រេចស្តង់ដាជនបទថ្មីជាគំរូ។ ប្រជាជននៅទីនេះពុំដែលមានក្តីសប្បាយចិត្ត និងមានមោទនៈភាពយ៉ាងដូច្នេះដូចថ្ងៃនេះឡើយ ព្រោះការខិតខំប្រឹងប្រែងកសាងជនបទថ្មីរបស់គណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន និងប្រជាជនបានឈានដល់ថ្ងៃ “ប្រមូលផល” ហើយ។ ធ្លាប់ជាភូមិក្រីក្រនៃឃុំ Ngoc Bien ប៉ុន្តែឥឡូវនេះ ភូមិដូចជា Ba Cum, Giong Cao, Rach Bot, Tac Ho, Tha La... បានផ្លាស់ប្តូរថ្មីជាច្រើន។ ពីកណ្តាលឃុំរហូតដល់ភូមិ

leftcenterrightdel
តំណាងបញ្ជការដ្ឋានយោធាខេត្តត្រាវិញ និងប្រតិភូបានប្រគល់ផ្ទះ “មហាសាមគ្គី” ជូនគ្រួសារក្រីក្រក្នុងឱកាសបុណ្យចូលឆ្នាំថ្មី កងទ័ព-ប្រជាជន ឆ្នាំ២០២៤។

ផ្ទះខ្ពស់ៗធំទូលាយ សាលារៀន និងវត្តអារាមរបស់ប្រជាពលរដ្ឋខ្មែរត្រូវបានសាងសង់ឡើង ធ្វើឱ្យ "រូបភាព" ភូមិស្រុក កាន់តែមានចម្រុះពណ៌។ នៅភូមិ Tha La  បរិយាកាសអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ឆ្នាំ២០២៤ មានភាពអ៊ូអរខ្លាំង។ ផ្លូវក្នុងភូមិត្រូវបានប្រជាពលរដ្ឋតុបតែងលម្អដោយផ្ការីកច្រើនប្រភេទ។ លោក Thach Phol អ្នកភូមិ Tha La  បានឲ្យដឹងថា ៖ «ប្រជាពលរដ្ឋខ្មែរចាត់ទុកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមវាសំខាន់ដូចពិធីបុណ្យសែនដូនតា ឬពិធីបុណ្យចូលឆ្នាំថ្មី។ ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម យើងក៏អុជធូបសែនដូនតា  ទទួលពេលឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី និងទៅផ្ទះបងប្អូន និងអ្នកជិតខាងដើម្បីជូនពរឆ្នាំថ្មី»។

នាពេលថ្មីៗនេះ ដោយសារការយកចិត្តទុកដាក់របស់បក្ស រដ្ឋ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរនៅខេត្តត្រាវិញបានផ្លាស់ប្តូរជាច្រើន។ សេដ្ឋកិច្ចកំពុងមានការអភិវឌ្ឍ ផ្ទះធំទូលាយ ហេដ្ឋារចនាសម្ព័ន្ធត្រូវបានវិនិយោគសាងសង់ កុមារអាចទៅសាលារៀន... បានធ្វើឱ្យបរិយាកាសស្វាគមន៍ឆ្នាំថ្មីរបស់ប្រជាជនកាន់តែសប្បាយរីករាយ និងរំភើបចិត្តខ្លាំង។ បើតាមលោក Kien Thuonl នៅភូមិ Soc Tre ឃុំ Phu Can ស្រុក Tieu Can ជីវភាពរស់នៅកាន់តែរីកចម្រើន ដូច្នេះប្រជាពលរដ្ឋខ្មែរប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមកាន់តែសប្បាយរីករាយ... ទន្ទឹមនឹងនោះបរិយាកាសស្វាគមន៍ឆ្នាំថ្មី នៅតាមវត្តអារាមរបស់ប្រជាពលរដ្ឋខ្មែរក៏មានសភាពអ៊ូអរខ្លាំងដែរ។ ព្រះតេជគុណ Thach Son ប្រធានសមាគមព្រះសង្ឃស្នេហាជាតិស្រុក Cau Ngang ព្រះចៅអធិការវត្តចេកជ្រុំ ឃុំ Kim Hoa ស្រុក Cau Ngang  មានសង្ឃដីកាថា៖ «ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ប្រជាពលរដ្ឋខ្មែរមានទម្លាប់ទៅវត្ត ធ្វើពិធី រំលឹកគុណូបការៈដូនតា  ឪពុកម្ដាយ និងជួបជុំគ្រួសារដ៏កក់ក្តៅ... ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការយល់ដឹងរបស់ប្រជាពលរដ្ឋខ្មែរអំពីផលិតកម្ម និងការកសាងជីវភាពរស់នៅថ្មីត្រូវបានលើកកំពស់កាន់តែខ្លាំងឡើង។ ដូច្នេះ ក្រោយពេលបុណ្យចូលឆ្នាំប្រពៃណីវៀតណាមចប់ ប្រជាជនបានចាប់ផ្តើមធ្វើការ ប្រកបរបរកស៊ីយ៉ាងសកម្ម»។

ដើម្បីជួយប្រជាពលរដ្ឋខ្មែរឈានឡើងក្នុងជីវភាពរស់នៅ អនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំសម្រាប់ឆ្នាំ ២០២១-២០៣០; ដំណាក់កាលទី ១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ (កម្មវិធី ១៧១៩) ខេត្តត្រាវិញបានផ្តោតលើធនធានវិនិយោគលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីបម្រើជីវភាពរស់នៅរបស់ប្រជាជននៅតំបន់លំបាក ជាពិសេសនៅតំបន់ជនជាតិភាគតិច។ លោក Le Thanh Binh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tra Vinh បានឲ្យដឹងថា៖ “អស់រយៈពេលជាច្រើនឆ្នាំ ក្រោមការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកម្មវិធី គោលនយោបាយជនជាតិ រួមជាមួយនឹងលទ្ធផលនៃការកសាងជនបទថ្មី មុខមាត់ភូមិៗរបស់ជនជាតិខ្មែរកាន់តែមានភាពប្រសើរឡើង។ ជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនកំពុងមានភាពប្រសើរឡើង។ ដោយមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល និងការខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋ បានរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃកម្មវិធីលេខ១៧១៩។ អាស្រ័យលើនេះ នៅឆ្នាំ ២០២៣ ខេត្តទាំងមូលកាត់បន្ថយគ្រួសារក្រីក្របានជិត ២០០០ គ្រួសារ និងគ្រួសារកៀកបន្ទាត់នៃភាពក្រីក្រ ៥១២៥ គ្រួសារ”។

បុណ្យចូលឆ្នាំថ្មីបានវិលមករកប្រជាជនខ្មែរនៅត្រាវិញ ក្តីរីករាយ និងរំភើបពីលទ្ធផលដែលសម្រេចបាននឹងបង្កើតកម្លាំងចលករបន្ថែមទៀតសម្រាប់ប្រជាជនឱ្យមានការខិតខំប្រឹងប្រែងធ្វើការ ធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេកាន់តែរីកចម្រើន និងសប្បាយរីករាយ។

បកប្រែដោយ Duy Hoan