បច្ចុប្បន្ននេះ ខេត្ត Ha Giang ទាំងមូលមានភូមិវប្បធម៌ទេសចរណ៍សហគមន៍គំរូចំនួន ១៦ ដែលរួមបញ្ចូលក្នុងគម្រោង “អភិរក្សវប្បធម៌ប្រពៃណី និងលើកកំពស់គុណភាពសេវាកម្មភូមិវប្បធម៌ទេសចរណ៍សហគមន៍ក្នុងខេត្តរហូតដល់ឆ្នាំ ២០២៥”។ នាពេលថ្មីៗនេះ ទេសចរណ៍សហគមន៍បានរួមចំណែកនាំមកនូវប្រាក់ចំណូលជាមធ្យមសម្រាប់គ្រួសារទេសចរណ៍នីមួយៗពី ៥០ ទៅ ៧០ លានដុងក្នុងមួយឆ្នាំ ជាពិសេស គ្រួសារខ្លះទទួលបានប្រាក់ចំណូលពី ២០០ ទៅ ៣០០ លានដុងក្នុងមួយឆ្នាំ។

ក្នុងចំណោមទីតាំងទេសចរណ៍នៅខេត្ត Ha Giang ភូមិវប្បធម៌ទេសចរណ៍សហគមន៍ Nam Dam នៅឃុំ Quan Ba ស្រុក Quan Ba ជាទីតាំងទាក់ទាញទេសចរដ៏ពេញនិយម។ បច្ចុប្បន្ន ភូមិ Nam Dam ទាំងមូលមានគ្រួសារជាង ៦០ ជាមួយប្រជាជនចំនួន ៣០០ នាក់ ដែលជាជនជាតិ Dao ក្នុងនោះ មានគ្រួសារចំនួន ២៦ ធ្វើការទេសចរណ៍សហគមន៍ ដោយមានប្រាក់ចំណូលជាមធ្យមប្រហែល ៥០ លានដុង/ខែ។ គ្រួសារលោក Ly Ta Quoc ម្ចាស់ផ្ទះសំណាក់ Ly Tuan Quoc ដែលជាគ្រួសារមួយក្នុងចំណោមគ្រួសារផ្តល់សេវាផ្ទះសំណាក់សម្រាប់ភ្ញៀវទេសចរ។ លោក Ly Ta Quoc បានចែករំលែកថា៖ “កាលពីមុន ប្រាក់ចំណូលគ្រួសារខ្ញុំពឹងផ្អែកជាចម្បងលើការដាំពោត និងចិញ្ចឹមក្របី ដូច្នេះសេដ្ឋកិច្ចគ្រួសារជួបការលំបាកខ្លាំងណាស់។ ប៉ុន្តែ ចាប់តាំងពីប្ដូរមកធ្វើទេសចរណ៍ គ្រួសារខ្ញុំមានប្រភពចំណូលស្ថិរភាព។ បច្ចុប្បន្ននេះ រាល់ថ្ងៃ ផ្ទះសំណាក់របស់ខ្ញុំអាចទទួលភ្ញៀវពេញមួយយប់បានប្រហែល ២០ នាក់ និងបម្រើអាហារសម្រាប់ភ្ញៀវពី ៤៥ ទៅ ៥០ នាក់”។

leftcenterrightdel
ភូមិវប្បធម៌ទេសចរណ៍សហគមន៍ជនជាតិ Mong នៅភូមិ Pa Vi Ha (ឃុំ Pa Vi ស្រុក Meo Vac ខេត្ត Ha Giang) តែងតែទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ

លោកស្រី Nguyen Ngoc Lan ជាភ្ញៀវទេសចរមកពីទីក្រុងហូជីមិញបានឲ្យដឹងថា៖ “ខ្ញុំដឹងថាខេត្ត Ha Giang មានគោលដៅទេសចរណ៍ល្បីៗជាច្រើន រួមជាមួយនឹងភូមិវប្បធម៌ទេសចរណ៍សហគមន៍របស់ជនជាតិភាគតិច។ នេះជាលើកដំបូងហើយដែលខ្ញុំបានមកភូមិវប្បធម៌ទេសចរណ៍សហគមន៍ Nam Dam ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងស្ថាបត្យកម្មផ្ទះ ក៏ដូចជាវប្បធម៌ និងម្ហូបរបស់ជនជាតិ Dao ហើយប្រជាជនមានភាពរួសរាយរាក់ទាក់ណាស់។ ប្រសិនបើខ្ញុំមានឱកាស ខ្ញុំប្រាកដជាត្រឡប់មកទីនេះវិញ”។

ភូមិវប្បធម៌ទេសចរណ៍សហគមន៍ជនជាតិ Mong នៅភូមិ Pa Vi Ha ឃុំ Pa Vi (ស្រុក Meo Vac) គឺជាតំបន់អភិរក្សស្ថាបត្យកម្មប្រពៃណីដ៏គួរឱ្យចាប់អារម្មណ៍មួយរបស់ជនជាតិ Mong។ បច្ចុប្បន្ននេះ នៅក្នុងភូមិមានផ្ទះសំណាក់ជាច្រើនដែលរចនាតាមរចនាប័ទ្មផ្សេងៗគ្នា ជាមួយនឹងស្ថាបត្យកម្មក្លែងធ្វើរូបរាងនៃផ្កាម៉ាក់ខែ ដែលជាផ្កាប្រចាំតំបន់ខ្ពង់រាបថ្ម។ លើសពីនេះ ភូមិក៏មានផ្ទះវប្បធម៌ភូមិ ផ្ទះប្រពៃណីរបស់ជនជាតិ Mong ទីលានសម្រាប់រៀបចំការសម្តែងវប្បធម៌ និងសិល្បៈប្រពៃណី។ល។

លោក Ngo Manh Cuong អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Meo Vac បានឲ្យដឹងថា៖ “ដើម្បីបង្កើតលក្ខខណ្ឌអំណោយផល និងលើកទឹកចិត្តគ្រួសារនានាចូលរួមក្នុងការធ្វើអាជីវកម្មទេសចរណ៍ ស្រុក Meo Vac បាននិងកំពុងអនុវត្តយន្តការ និងគោលនយោបាយជាច្រើនដូចជា ការជួយឧបត្ថម្ភទីតាំង និងជួយឧបត្ថម្ភគ្រួសារធ្វើអាជីវកម្មនីមួយៗជាមួយទឹកប្រាក់៨០លានដុង។ ទន្ទឹមនឹងនោះ សាខាធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទ ការិយាល័យប្រតិបត្តិការធនាគារគោលនយោបាយសង្គមស្រុក ក៏មានយន្តការកាត់បន្ថយអត្រាការប្រាក់សម្រាប់គ្រួសារធ្វើអាជីវកម្មសេវាកម្មដែលត្រូវការខ្ចីដើមទុនផងដែរ។ ចាប់តាំងពីភូមិវប្បធម៌ទេសចរណ៍សហគមន៍ជនជាតិ Mong នៅភូមិ Pa Vi Ha បានដំណើរការមក ប្រាក់ចំណូលពីសេវាកម្ម និងសកម្មភាពទេសចរណ៍របស់ស្រុកមានការកើនឡើងគួរឱ្យកត់សម្គាល់ មានតែចំណូលពីការស្នាក់នៅ និងសេវាម្ហូបអាហាររបស់ស្រុក Meo Vac ប៉ុណ្ណោះដែលត្រូវបានប៉ាន់ប្រមាណសម្រេចបានជាង ១៣០ ពាន់លានដុងក្នុង១ឆ្នាំ"។

យោងតាមស្ថិតិក្នុងឆ្នាំ ២០២៣ ខេត្ត Ha Giang បានស្វាគមន៍ភ្ញៀវទេសចរជាង ៣ លាននាក់ (កើនឡើង ៣២% បើធៀបនឹងឆ្នាំ ២០២២) ប្រាក់ចំណូលពីសេវាកម្មកើនឡើងដល់ជាង ៧,០០០ ពាន់លានដុង។ ទន្ទឹមនឹងការអភិរក្ស និងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណី ទេសចរណ៍សហគមន៍ក៏បាននាំមកជូនប្រជាជននូវអត្ថប្រយោជន៍ជាច្រើនដូចជា ការបង្កើតការងារសម្រាប់ពលករដែលទំនេរ ប្រើប្រាស់កសិផល និងផលិតផលសិប្បកម្មប្រពៃណីយ៉ាងច្រើន... រួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមទាំងមូលរបស់ខេត្ត៕

បកប្រែដោយ Huyen Trang