យោងតាមកាសែត South China Morning Post ឲ្យដឹងថា ទោះបីជាមានខ្សែព្រំដែនជាប់ជាមួយប្រទេសចិន ដែលជាកន្លែងដំបូងដែលករណី Covid-19 លេចឡើងនៅលើពិភពលោក ក៏ប៉ុន្តែដោយមានការរួមបញ្ចូលគ្នានៃ “ការធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ការធ្វើតេស្តទ្រង់ទ្រាយធំ ការដាក់ឲ្យនៅដាច់ដោយឡែក និងសាមគ្គីភាពក្នុងសង្គម” រហូតមកដល់ពេលនេះ វៀតណាមបានជៀសផុតពីផលវិបាកធ្ងន់ធ្ងរ។ តាមការស្ថិតិជាផ្លូវការបានបង្ហាញថា ចំនួនមនុស្សដែលបច្ចុប្បន្ននេះកំពុងដាក់ឲ្យនៅដាច់ដោយឡែកពីគេ និងតាមដានសុខភាពដោយជំងឺ Covid-19 នៅវៀតណាមគឺជាង ៧៥,០០០ នាក់។ វៀតណាមបានធ្វើតេស្តឲ្យមនុស្សជាង ១២១,០០០ នាក់ ហើយមានតែជាង ២៦០ ករណីនឆ្លង Covid-19 ប៉ុណ្ណោះ។ អត្ថបទនោះបានសង្កត់ធ្ងន់ថា “វៀតណាម​ទទួលបានការកោតសរសើរពីអង្គការសុខភាពពិភពលោក (WHO) ដោយ​ការ​ទប់​ទល់​របស់ខ្លួនចំពោះជំងឺរាតត្បាតសកល Covid-19” ។

leftcenterrightdel
ប្រជាជនត្រូវបានគេធ្វើតេស្តឈាមនៅឯស្ថានីយ៍តេស្តរហ័ស Covid-19 ក្នុងទីក្រុងហាណូយ កាលពីខែមីនា ឆ្នាំ ២០២០ (រូបថត៖ EPA)

លោក Kidong Park ប្រធានស្ថាប័ន​តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅប្រទេសវៀតណាមជឿជាក់ថា ការធ្វើសកម្មភាពយ៉ាងឆាប់រហ័សដើរតួនាទីយ៉ាងសំខាន់ក្នុងភាពជោគជ័យនៃការគ្រប់គ្រងជំងឺ Covid-19។ លោកប្រធាន​រូបនេះបានប្រាប់កាសែត South China Morning Post ថា “វៀតណាមបានប្រតិកកម្មយ៉ាងសកម្ម និងឆាប់រហ័សចំពោះការផ្ទុះឡើងនៃជំងឺរាតត្បាតនេះ។ វៀតណាមបានចាប់ផ្តើមអនុវត្តការវាយតំលៃលើហានិភ័យនៃជំងឺនេះនៅដើមខែមករា បន្ទាប់ពីប្រទេសចិនចាប់ផ្តើមមានករណីឆ្លង”។ លោក Kidong Park ក៏បានបន្ថែមទៀតថា បន្ទាប់មករដ្ឋាភិបាលវៀតណាមបានបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ហើយ "ផែនការមួយស្តីពីការទប់ទល់នឹងជំងឺរាតត្បាតថ្នាក់ជាតិត្រូវបានអនុវត្តជាភ្លាម"។

យោងតាមកាសែត South China Morning Post ឲ្យដឹងថា ដើម្បីទប់ទល់ទៅនឹងការរីករាលដាលនៃ Covid-19 វៀតណាមបានបិទសាលារៀនជាបណ្តោះអាសន្ននៅទូទាំងប្រទេសចាប់តាំងពីចុងខែមករា ហើយចាប់ពីពាក់កណ្តាលខែមីនា ប្រជាជនរាប់ម៉ឺននាក់ដែល​មកពីតំបន់មានការផ្ទុះឡើងនៃជំងឺរាតត្បាតចូលមកប្រទេសវៀតណាមត្រូវបានយកទៅកន្លែងដាក់ឲ្យនៅដាច់ដោយឡែកក្នុងបន្ទាយកងទ័ព។ ចាប់តាំងពីថ្ងៃទី ២៥ ខែមីនា ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានបញ្ឈប់ជើងហោះហើរអន្តរជាតិ។ ទន្ទឹមនឹងនោះ ជើងហោះហើរជាច្រើនក្នុងស្រុក ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវដែកនិងឡានក្រុងក៏ត្រូវបានបញ្ឈប់ដែរ... លោក​ប្រធានតំណាងអង្គការសុខភាពពិភពលោកប្រចាំនៅប្រទេសវៀតណាមបានឲ្យ​ដឹង​ថា ការដែលវៀតណាមធ្វើការត្រួតពិនិត្យ “តាមស្រទាប់” ចំពោះករណីដែលប៉ះនឹងវីរុស SARS-CoV-2 បានបង្ហាញពីតួនាទីដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាត Covid-19។ ស្រទាប់ទី ១ គឺយកទៅដាក់ឲ្យនៅដាច់ដោយឡែកពីគេ និងទៅព្យាបាលនៅមន្ទីរពេទ្យចំពោះមនុស្សដែលត្រូវបានរកឃើញថាមានផ្ទុកវីរុស SARS-CoV-2 ឬអ្នកដែលមានរោគសញ្ញាសង្ស័យឆ្លង។ អ្នកណាដែលប្រាស័្រយទាក់ទងផ្ទាល់ជាមួយករណីវិជ្ជមាន SARS-CoV-2 គឺត្រូវបង្ខំឲ្យទៅដាក់ឲ្យដាច់ដោយឡែកពីគេ។ បន្ទាប់មកទៀត មនុស្សផ្សេងទៀតដែលប្រាស្រ័យទាក់ទងជាមួយមនុស្សទាំងនេះក៏ត្រូវដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកពីគេដែរ។ ស្រទាប់ចុងក្រោយគឺទីប្រជុំជន ឬអាគារដែលមានករណីវិជ្ជមាន SARS-CoV-2 ក៏ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេដែរ។

កាសែត South China Morning Post ឲ្យដឹងថា ទោះជាករណីឆ្លងជំងឺ Covid-19 មានកម្រិតទាបក៏ដោយ ក៏ប៉ុន្តែ នៅថ្ងៃទី ១ ខែមេសា វៀតណាមបានចាប់ផ្តើមអនុវត្ត “ការរក្សាគម្លាតសង្គម” នៅទូទាំងប្រទេស។ នេះគឺជាការទប់ទល់ "យ៉ាងឆាប់រហ័ស និងខ្លាំងក្លា" ជាងប្រទេសជាច្រើនទៀតដើម្បី "ទប់ស្កាត់វិបត្តិជាតិដែលអាចចៀសវាងបាន"។ នាថ្ងៃទី ១០ ខែមេសា បុរសម្នាក់នៅខេត្ត Quang Ninh ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ៩ ខែពីបទមិនបានពាក់ម៉ាស់ និងប្រឆាំងនឹងកម្លាំងមានសមត្ថកិច្ចក្នុងអំឡុងអនុវត្ត “ការរក្សាគម្លាតសង្គម”

កាសែត South China Morning Post បានចាត់ទុក ភាពជោគជ័យរបស់ប្រទេសវៀតណាមក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺ Covid-19 ដោយសារការរួបរួមគ្នាក្នុងសង្គម។ វៀតណាមចាត់ទុកកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងជំងឺ​ Covid-19 ជា “ការវាយលុកនៅនិទាឃរដូវឆ្នាំ២០២០”។ ជាការចែករំលែកជាមួយកាសែត South China Morning Post លោកស្រី Nguyen Van Trang អ្នកជំនាញសេដ្ឋកិច្ចម្នាក់នៅទីក្រុងហាណូយបានឲ្យដឹងថា ចាប់តាំងពីពេលដែលប្រទេសវៀតណាមស្ថិតក្នុងសម័យសង្គ្រាមរហូតមកដល់ពេលនេះ ឪពុក ម្តាយរបស់លោស្រីមិនដែលបានឃើញការគោរពច្បាប់ និងសាមគ្គីភាពនៅកម្រិតខ្ពស់ដូចបច្ចុប្បន្ននោះ​ទេ” ។

ទន្ទឹមនឹងនេះ បើយោងតាមលោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Huy Nga អតីតប្រធាននាយកដ្ឋានវេជ្ជសាស្ដ្របង្ការ នៃក្រសួងសុខាភិបាលវៀតណាមឲ្យដឹងថា ដោយមិនទាន់មានការរីករាលដាលយ៉ាងខ្លាំងក្នុងសហគមន៍ ដូច្នេះមនុស្សវ័យចំណាស់ដែលឆ្លងវីរុស Covid-19 នៅមានចំនួនតិចតួចនៅឡើយ។ អ្នកឆ្លងជំងឺនៅមានតិចដូច្នេះយើងមានសំភារៈបរិក្ខារពេទ្យ និងថ្នាំគ្រប់គ្រាន់ដើម្បីព្យាបាល។ លើសពីនេះទៀត យើងមានបទពិសោធក្នុងការកសាងវិធីសាស្ត្រព្យាបាលជំងឺរាតត្បាត។ ពីការវាយតំលៃរបស់លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Huy Nga អត្ថបទនៃការសែត South China Morning Post ក៏បានលើកឡើងនូវការដែលនាឆ្នាំ ២០០៣ វៀតណាមគឺជាប្រទេសដំបូងគេដែលនៅក្រៅប្រទេសចិនមានករណីឆ្លង SARS ប៉ុន្តែវៀត​ណាម​ក៏​ជា​ប្រទេសដំបូងបង្អស់នៅលើពិភពលោកដែលត្រូវបានអង្គការសុខភាពពិភពលោកបញ្ជាក់ថារាំងស្ទប់បានការរីករាលដាលនៃជំងឺនេះដែរ៕

បកប្រែដោយ Duy Hoan