ការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការផ្លាស់ប្តូររវាងមូលដ្ឋាននានារបស់វៀតណាម និងកូរ៉េខាងត្បូង
កប.អនឡាញ - នៅរសៀលថ្ងៃទី ២៦ ខែធ្នូ នៅទីក្រុងហាណូយ លោកស្រី Nguyen Thi Thanh អនុប្រធានរដ្ឋសភាវៀតណាម បានទទួលជួបគណៈប្រតិភូវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច Kimhakmin E-roun ប្រទេសកូរ៉េខាងត្បូង ដឹកនាំដោយលោកសាស្ត្រាចារ្យ Kim Hak-Min ប្រធានក្រុមប្រឹក្សាផ្ដល់យោបល់អំពីការវាយតម្លៃផ្នែកសីលធម៌នៃរដ្ឋសភាកូរ៉េខាងត្បូង ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម។
លោកស្រីអនុប្រធានរដ្ឋសភាបានថ្លែងថា បន្ទាប់ពីរយៈពេលជាង ៣០ ឆ្នាំនៃការកសាង និងអភិវឌ្ឍ ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងបានក្លាយជាគំរូមួយក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយនឹងសមិទ្ធផលលេចធ្លោជាច្រើន ជាពិសេសចាប់តាំងពីប្រទេសទាំងពីរលើកតម្កើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០២២។ កូរ៉េខាងត្បូងបន្តជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការវិនិយោគដោយផ្ទាល់នៅវៀតណាម និងជាប់ចំណាត់ថ្នាក់លេខ២ ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍ ទេសចរណ៍ ហើយជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការងារ។ ប្រទេសទាំងពីរបានក្លាយជាដៃគូសំខាន់ៗឈានមុខគេរបស់គ្នាទៅវិញទៅមកក្នុងវិស័យជាច្រើន។ ទំនាក់ទំនងរវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាកូរ៉េខាងត្បូងក៏បានរួមចំណែកយ៉ាងសំខាន់ដល់ទំនាក់ទំនងល្អនេះផងដែរ។
    |
 |
|
លោកស្រី Nguyen Thi Thanh និងលោកសាស្ត្រាចារ្យ Kim Hak-Min (រូបថត៖ vnanet.vn) |
លោកស្រីអនុប្រធានរដ្ឋសភាបានសម្តែងក្តីសង្ឃឹមថា លោកសាស្ត្រាចារ្យ Kim Hak-Min នឹងបន្តជាស្ពាន ជម្រុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានានៃកូរ៉េខាងត្បូង និងវៀតណាម ហើយនឹងចូលរួមជំនួបសំណេះសំណាលកូរ៉េខាងត្បូង ដែលនឹងប្រព្រឹត្តទៅនៅខេត្ត Dong Nai នៅដើមឆ្នាំ២០២៦ខាងមុខនេះ។
ទន្ទឹមនឹងនោះ ជម្រុញធុរកិច្ចកូរ៉េខាងត្បូងឲ្យបន្តពង្រីកការវិនិយោគនៅប្រទេសវៀតណាម ជាពិសេសនៅក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការអភិវឌ្ឍទីក្រុងរណប មជ្ឈមណ្ឌលពាណិជ្ជកម្ម មជ្ឈមណ្ឌល logistics ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងគោលដៅទេសចរណ៍ រួមចំណែកជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ដោយនាំមកនូវអត្ថប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។
លោកសាស្ត្រាចារ្យ Kim Hak-Min បានអះអាងថា វៀតណាមកំពុងអភិវឌ្ឍក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានភាពស្វាហាប់ និងគួរឲ្យទុកចិត្តបំផុតនៅក្នុងតំបន់អាស៊ី ដែលរដ្ឋសភាដើរតួនាទីយ៉ាងសំខាន់។
ដោយមានបំណងចង់បន្តចូលរួមចំណែកដល់ការអភិវឌ្ឍរួមរបស់ប្រទេសទាំងពីរ លោកសាស្ត្រាចារ្យ Kim Hak-Min បានឲ្យដឹងថា ជំនួបនេះមិនត្រឹមតែជាការតភ្ជាប់រវាងវៀតណាម និងកូរ៉េខាងត្បូងប៉ុណ្ណោះទេ ថែមទាំងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យសេដ្ឋកិច្ច និងចែករំលែកតម្លៃវប្បធម៌ ដើម្បីឆ្ពោះទៅទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ជាក់ស្ដែង និងយូរអង្វែង៕
បកប្រែដោយ Thuy Anh