ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅចក្រភពអង់គ្លេសនិងអៀរឡង់ ស្ថានទូតវៀតណាមប្រចាំអៀរឡង់ និង Enterprise Ireland ដែលជាស្ថាប័នអភិវឌ្ឍធុរកិច្ចរបស់រដ្ឋាភិបាលអៀរឡង់។

យោងតាមលោក Phyllis Kelly ការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងកំណែទម្រង់គោលនយោបាយ​ ការធ្វើឲ្យប្រសើរនូវបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម និងការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅនិងទូលំទូលាយទៅក្នុងសេដ្ឋកិច្ចអន្តរជាតិរបស់វៀតណាម បាននិងកំពុងបង្កើតមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់ទាក់ទាញដើមទុនវិនិយោគដែលមានគុណភាពខ្ពស់ លើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងពាណិជ្ជកម្មអន្តរជាតិ និងរួមចំណែកដល់ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចនៅកម្រិតខ្ពស់ និងប្រកបដោយចីរភាពនៅក្នុងទសវត្សរ៍ខាងមុខ។

leftcenterrightdel
ទិដ្ឋភាពនៃវេទិកាពាណិជ្ជកម្ម និងវិនិយោគវៀតណាម-អៀរឡង់ ឆ្នាំ២០២៥ (រូបថត៖ vnanet.vn)

លោក Pat O’Riordan នាយកទទួលបន្ទុកអាស៊ាននៃ Enterprise Ireland បានសង្កត់ធ្ងន់ថា វៀតណាមដើរតួនាទីកាន់តែសំខាន់ក្នុងយុទ្ធសាស្ត្រសហប្រតិបត្តិការរបស់អៀរឡង់នៅក្នុងអាស៊ាន។ Enterprise Ireland ចាត់ទុកវៀតណាមជាទីផ្សារសំខាន់សម្រាប់ធុរកិច្ចអៀរឡង់ពង្រីកវត្តមានរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ នវានុវត្តន៍ សេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយទាញយកអត្ថប្រយោជន៍ពីបណ្តាញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលវៀតណាមបានចុះហត្ថលេខា។

នៅក្នុងវេទិកានេះ ធុរកិច្ចអៀរឡង់បានបង្ហាញប្រៀបខ្លាំងរបស់ខ្លួន ចែករំលែកបទពិសោធន៍ និងទិសដៅសហប្រតិបត្តិការនៅទីផ្សារវៀតណាមក្នុងការគ្រប់គ្រង និងប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ និងការអភិវឌ្ឍអាកាសយានដ្ឋាន បច្ចេកវិទ្យា និងផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន...

ខណៈពេលដែលធុរកិច្ចវៀតណាមបានបង្ហាញពីសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យដែលវៀតណាមមានប្រៀបខ្លាំង ដូចជាកាហ្វេ បច្ចេកវិទ្យាព័ត៌មាន និងការធ្វើបរិវត្តកម្មឌីជីថល ការអភិវឌ្ឍមណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ និងគោលនយោបាយទាក់ទាញការវិនិយោគនៅមណ្ឌលបច្ចេកវិទ្យាខ្ពស់របស់វៀតណាម៕

បកប្រែដោយ Thuy Anh