ការស្ទាត់ជំនាញខាងបច្ចេកវិទ្យា និងនវានុវត្តន៍គឺជាកត្តាកំណត់ក្នុងការកែលម្អភាពប្រកួតប្រជែង បង្កើនតម្លៃក្នុងស្រុក និងរួមចំណែកយ៉ាងខ្លាំងក្លាដល់ដំណើរការឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេស។

កិច្ចខិតខំប្រឹងប្រែងដើម្បីរួចផុតពីស្ថានភាពស៊ីឈ្នួលបច្ចេកវិទ្យា

ឧស្សាកម្មគាំទ្រត្រូវបានចាត់ទុកថាជាឆ្អឹងខ្នងនៃខឿនឧស្សាហកម្មទំនើប ដោយដើរតួនាទីក្នុងការផ្គត់ផ្គង់គ្រឿងបន្លាស់ សម្ភារៈ និងដំណើរការបច្ចេកទេសសម្រាប់ឧស្សាហកម្មផលិតកម្មសំខាន់ៗ។ ប្រហែល ៣០ ឆ្នាំមុន នៅពេលដែលសហគ្រាសវិនិយោគបរទេស (FDI) ចូលមកប្រទេសវៀតណាមជាលើកដំបូង ការស្វែងរកអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់ក្នុងស្រុកគឺពិបាកខ្លាំងណាស់។ សហគ្រាស FDI ជាច្រើនត្រូវនាំចូលគ្រឿងបន្លាស់ភាគច្រើនរបស់ពួកគេ សូម្បីតែគ្រឿងបន្លាស់សាមញ្ញៗដូចជាវីស ឬប្រដាប់បិទកៅស៊ូជាដើម។ រហូតមកដល់ពេលនេះ រូបរាងនៃឧស្សាហកម្មគាំទ្ររបស់វៀតណាមបានផ្លាស់ប្តូរយ៉ាងខ្លាំង។

ចំនួនសហគ្រាសបានកើនឡើងយ៉ាងឆាប់រហ័ស ទំហំរបស់ពួកគេបានពង្រីក ហើយកម្រិតបច្ចេកវិទ្យារបស់ពួកគេបានប្រសើរឡើងជាបន្តបន្ទាប់។ សហគ្រាសមេកានិចជាច្រើននៅខេត្ត Bac Ninh ទីក្រុងហូជីមិញ និងខេត្ត Dong Nai បានបណ្តាក់ទុនវិនិយោគយ៉ាងច្រើនលើប្រព័ន្ធគ្រឿងចក្រទំនើបៗ កម្មវិធីគ្រប់គ្រង ERP (ប្រព័ន្ធចាត់តាំងធនធានសហគ្រាស) ម៉ាស៊ីនកែច្នៃ CNC មនុស្សយន្តផ្សារ និងខ្សែស្វ័យប្រវត្តិកម្ម។ គ្រឿងបន្លាស់ប្លាស្ទិកបច្ចេកទេស ពុម្ពគំរូ គ្រឿងបន្លាស់ដែកបានបំពេញតាមស្តង់ដារអន្តរជាតិ ដោយចូលរួមបន្តិចម្តងៗនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។ ជាពិសេស កម្មវិធីសហប្រតិបត្តិការរវាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ជាមួយនិងក្រុមហ៊ុន Samsung វៀតណាម ស្តីពីការផ្តល់ប្រឹក្សាយោបល់ និងការបណ្តុះបណ្តាលសម្រាប់រោងចក្រឆ្លាតវៃ បាននាំមកនូវលទ្ធផលវិជ្ជមាន។ សហគ្រាសឧស្សាហកម្មគាំទ្រវៀតណាមរាប់រយបានធ្វើឱ្យប្រសើរឡើងនូវដំណើរការផលិតកម្មរបស់ពួកគេ កម្រិតនៃរោងចក្រឆ្លាតវៃបានកើនឡើងពី ០.៩ ដល់ ២.១ ពិន្ទុ ដែលបង្ហាញពីប្រសិទ្ធភាពច្បាស់លាស់នៃការផ្លាស់ប្តូរបច្ចេកវិទ្យាក្នុងការកែលម្អផលិតភាព និងគុណភាព។

leftcenterrightdel
សកម្មភាពផលិតកម្មនៅ តំបន់ឧស្សាហកម្ម Lien Ha Thai ខេត្ត Hung Yen

យោងតាមលោក Chu Viet Cuong នាយកមជ្ឈមណ្ឌលគាំទ្រអភិវឌ្ឍន៍ឧស្សាហកម្ម (នាយកដ្ឋានឧស្សាហកម្ម ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) បច្ចុប្បន្នមានសហគ្រាសឧស្សាហកម្មគាំទ្រជិត ៧,០០០ នៅទូទាំងប្រទេស ដែលប្រមូលផ្តុំនៅក្នុងវិស័យចំនួន ៥៖ មេកានិច រថយន្ត អគ្គិសនី-អេឡិចត្រូនិក វាយនភណ្ឌ បច្ចេកវិទ្យាខ្ពស់។ ក្នុងនោះ សហគ្រាសប្រមាណ ៣០០ បានចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់សាជីវកម្ម FDI ធំៗដូចជា Samsung, Toyota, Honda, LG...។ សហគ្រាសក្នុងស្រុកមួយចំនួនបានស្ទាត់ជំនាញក្នុងការផលិតគ្រឿងបន្លាស់បច្ចេកវិទ្យាខ្ពស់ដូចជា ពុម្ព គ្រឿងបន្លាស់ធ្វើពីប្លាស្ទិក និងលោហធាតុ។

ក្រៅពីសមិទ្ធផលគួរឱ្យកត់សម្គាល់ ឧស្សាហកម្មគាំទ្ររបស់វៀតណាមនៅតែត្រូវបានចាត់ទុកថាជាចំណុចខ្សោយមួយនៅក្នុងខ្សែសង្វាក់តម្លៃសកល។ អាជីវកម្មជាច្រើនគ្រាន់តែស្ថិតក្នុងដំណាក់កាលកែច្នៃសាមញ្ញដែលមានតម្លៃបន្ថែមទាបប៉ុណ្ណោះ ហើយមិនទាន់មានសមត្ថភាពរចនា ផលិត ឬស្ទាត់ជំនាញបច្ចេកវិទ្យាស្នូលទេ។ ប្រការនេះធ្វើឱ្យមានស្ថានភាពយើងចេះតែស៊ីឈ្នួលបច្ចេកវិទ្យាឱ្យបរទេសក្នុងរយៈពេលវែង ដែលនាំឱ្យពិបាកក្នុងការកែលម្អម៉ាកយីហោ និងតម្លៃមូលដ្ឋានីយកម្ម។ ដោយក្រឡេកមើលលើវិស័យមេកានិច និងរថយន្ត អត្រាមូលដ្ឋានីយកម្មគឺត្រឹមតែប្រហែល ៣០-៤០% ប៉ុន្តែផ្តោតសំខាន់លើផលិតផលសាមញ្ញៗ។ នៅក្នុងឧស្សាហកម្មអេឡិចត្រូនិក អត្រានេះប្រែប្រួលត្រឹមតែប្រហែល ៥-១០% ប៉ុណ្ណោះ ពីព្រោះគ្រឿងបន្លាស់សំខាន់ៗជាច្រើនដូចជាបន្ទះឈីប បន្ទះសៀគ្វី ឧបករណ៍ចាប់សញ្ញា។ល។ នៅតែត្រូវនាំចូល។ ឧស្សាហកម្មវាយនភណ្ឌ និងស្បែកជើង ទោះបីជាមានចំណូលនាំចេញច្រើនក៏ដោយ ប៉ុន្តែនៅតែពឹងផ្អែកយ៉ាងខ្លាំងទៅលើវត្ថុធាតុដើមនាំចូល ជាពិសេសក្រណាត់ ស្បែក និងគ្រឿងបន្ថែមបច្ចេកទេស។

យោងតាមលោក Nguyen Van អនុប្រធានសមាគមសហគ្រាសឧស្សាហកម្មគាំទ្រទីក្រុងហាណូយ ឧបសគ្គដ៏ធំបំផុតនៃឧស្សាហកម្មនាពេលបច្ចុប្បន្ននេះគឺកម្រិតខ្សោយនៃសមត្ថភាពខាងបច្ចេកវិទ្យា និងវានុវត្តន៍។ អាជីវកម្មភាគច្រើនមិនបានផ្តោតលើការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ការផ្លាស់ប្តូរថ្មីគ្រឿងចក្រ និងឧបករណ៍ ដែលនាំឱ្យមានផលិតភាព និងគុណភាពផលិតផលទាប។ លើសពីនេះ កង្វះដើមទុន ធនធានមនុស្សបច្ចេកទេស និងសមត្ថភាពគ្រប់គ្រងទំនើបក៏ជាឧបសគ្គដែលធ្វើឱ្យអាជីវកម្មពិបាកធ្វើជាម្ចាស់លើបច្ចេកវិទ្យាទំនើប។

តើចាំបាច់មានច្បាប់ស្តីពីឧស្សាហកម្មគាំទ្រដែរឬទេ?

ជាការពិតជាក់ស្តែងពីប្រទេសឧស្សាហកម្មអភិវឌ្ឍន៍បង្ហាញថា ការធ្វើជាម្ចាស់លើបច្ចេកវិទ្យាគឺជាមធ្យោបាយតែមួយគត់ដើម្បីកែលម្អការប្រកួតប្រជែង។ ប្រសិនបើពួកគេពឹងផ្អែកតែលើអត្ថប្រយោជន៍នៃថ្លៃកម្លាំងពលកម្មទាប និងដំណើរការសាមញ្ញនោះ ក្រុមហ៊ុនវៀតណាមនឹងតែងតែដើរពីក្រោយ ហើយនឹងពិបាកក្នុងការងើបឡើងនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលជាមិនខាន។

លោក Cao Van Hung នាយកអភិវឌ្ឍន៍ទីផ្សារអន្តរជាតិ នៃក្រុមហ៊ុន Smart Vietnam Precision Mechanical Joint Stock Company បានមានប្រសាសន៍ថា “ការបង្កើនបច្ចេកវិទ្យា គឺជាកត្តាកំណត់ក្នុងការប្រកួតប្រជែងផលិតផល។ នេះជាមធ្យោបាយតែមួយគត់សម្រាប់អាជីវកម្មនានា ដើម្បីរួចផុតពីការកែច្នៃដែលមានតម្លៃទាប និងមានការប្រកួតប្រជែងនៅចំពោះមុខការផ្លាស់ប្តូរទីផ្សារ”។

ការលើកឡើងនូវរាល់ដំណោះស្រាយសម្រាប់ឧស្សាហកម្មគាំទ្រពិតជាក្លាយទៅជាជើងទម្រសម្រាប់ឧស្សាហកម្មផលិតកម្ម មតិយោបល់នានាបាននិយាយថា ការអភិវឌ្ឍឧស្សាហកម្មគាំទ្រមិនអាចជាកិច្ចខិតខំប្រឹងប្រែងតែមួយគត់របស់រដ្ឋ ឬសហគ្រាសនោះទេ ប៉ុន្តែត្រូវតែជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរដ្ឋ-សហគ្រាស-វិទ្យាស្ថាន សាលារៀន-សមាគម ដែលសហគ្រាសដើរតួនាទីយ៉ាងសំខាន់។

ការអភិវឌ្ឍឧស្សាហកម្មគាំទ្រមិនត្រឹមតែជាតម្រូវការរបស់សេដ្ឋកិច្ចទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាភារកិច្ចយុទ្ធសាស្ត្រក្នុងការកសាងវិស័យឧស្សាហកម្មឯករាជ្យ ពឹងផ្អែកលើខ្លួនឯង និងទំនើប ដែលជាប់ទាក់ទងនឹងការពង្រឹងសក្តានុពលការពារជាតិ និងសន្តិសុខ។ ពីទស្សនៈនៃការគ្រប់គ្រងរដ្ឋ លោក Chu Viet Cuong បានមានប្រសាសន៍ថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មកំពុងលើកកម្ពស់ការអនុវត្តកម្មវិធីដើម្បីកែលម្អសមត្ថភាពឧស្សាហកម្មគាំទ្រទូទាំងប្រទេស។ ការផ្តោតសំខាន់គឺទៅលើកម្មវិធីអភិវឌ្ឍន៍ឧស្សាហកម្មគាំទ្រ និងប្រព័ន្ធមជ្ឈមណ្ឌលគាំទ្រអភិវឌ្ឍន៍ឧស្សាហកម្មដែលបានវិនិយោគជាមួយនឹងឧបករណ៍ទំនើបៗសម្រាប់ការធ្វើតេស្ត ការវាយតម្លៃគុណភាព ការត្រួតពិនិត្យ និងការផ្ទេរបច្ចេកវិទ្យា។ ក្រសួងក៏សម្របសម្រួលជាមួយសហគ្រាសធំៗ ដើម្បីបណ្តុះបណ្តាល និងផ្តល់ប្រឹក្សាលើការកែលម្អដំណើរការផលិតកម្ម គាំទ្រសហគ្រាសក្នុងស្រុកឱ្យចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់សាជីវកម្មសកល៕

បកប្រែដោយ Minh Trung