អញ្ជើញថ្លែងមតិក្នុងជំនួបជាមួយលោក Keijio Novaron ឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំនៅវៀតណាម និងលោក Hakan Agnevall ប្រធានសាជីវកម្ម Wartsila   (ហ្វាំងឡង់) នាព្រឹកថ្ងៃទី១២ ខែមីនា នៅទីក្រុងហាណូយ លោក Tran Hong Ha ឧបនាយករដ្ឋមន្រ្ដីវៀតណាម បានសង្កត់ធ្ងន់ថា៖ វៀតណាមលើកទឹកចិត្ត និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់គម្រោងផលិតអគ្គិសនីមិនប្រើធ្យូងថ្ម។

លោកឧបនាយករដ្ឋមន្រ្ដីក៏បានលើកឡើងដែរថា បច្ចុប្បន្នវៀតណាមជាដៃគូរបស់សហភាពអឺរ៉ុប (EU) និងប្រទេស G7 ក្នុងការអនុវត្តកិច្ចសន្យាកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ត្រឹមសូន្យសុទ្ធ (Net Zero) កិច្ចព្រមព្រៀងភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP)។ ដើម្បីសម្រេចបានគោលដៅនេះ វៀតណាមត្រូវការជំនួយយ៉ាងខ្លាំងក្នុងវិស័យបច្ចេកវិទ្យា ធនធាន និងអភិបាលកិច្ច។

leftcenterrightdel
លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រីវៀតណាម ជួបពិភាក្សាជាមួយលោក Keijo Norvanto ឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំនៅវៀតណាមអំពីអាទិភាព និងសក្តានុពលនៃថាមពលកកើតឡើងវិញនៅវៀតណាម (រូបថត៖ baochinhphu.vn)

លោក Hakan Agnevall ប្រធានសាជីវកម្ម Wartsila បានឲ្យដឹងថា បច្ចុប្បន្ន សាជីវកម្មកំពុងសហការជាមួយដៃគូវៀត​ណាមដើម្បីស្រាវជ្រាវ និងដាក់ពង្រាយគម្រោងថាមពលដំបូងនៅវៀតណាម ដោយប្រើប្រាស់ឧស្ម័នធម្មជាតិរាវ (LNG) ហើយនៅពេលអនាគតនឹងបំប្លែងទៅជាអ៊ីដ្រូសែន សំដៅរួមបញ្ចូលថាមពលកកើតឡើងវិញទៅក្នុងប្រព័ន្ធអគ្គិសនី។

ទាក់ទិននឹងគម្រោងនេះ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យសាជីវកម្មហ្វាំងឡង់គណនាឱ្យបានពេញលេញនូវថ្លៃដើមវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ ផែនការទិញឧស្ម័ន  ប្រព័ន្ធបញ្ជូន និងថ្លៃដើមផលិតកម្ម... ដែលសមស្របសម្រាប់ទីផ្សារ និងអ្នកប្រើប្រាស់វៀតណាម។ លោកបានអះអាងថា វៀតណាមមានគោលនយោបាយលើកទឹកចិត្ត និងទាក់ទាញវិនិយោគិនបរទេស អភិវឌ្ឍថាមពលខ្យល់នៅឆ្នេរសមុទ្រ ដើម្បីផលិតឥន្ធនៈបៃតងដូចជា៖ អ៊ីដ្រូសែនបៃតង អាម៉ូញាក់បៃតង ឬការនាំចេញផ្ទាល់៕

បកប្រែដោយ Huyen Trang