ក្នុងកាសែតអន្តរជាតិ និងមតិសាធារណៈ កាលពីសប្តាហ៍មុន បានចុះផ្សាយអត្ថបទជាច្រើន ដោយបានសន្និដ្ឋានថា កត្តាមួយក្នុងចំណោមកត្តាដែលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចរបស់វៀតណាមគឺការទាក់ទាញការវិនិយោគពីបរទេស។

បណ្ដាក្រុមហ៊ុនអ៊ឺរ៉ុបមាននិន្នាការទៅបណ្តាក់ទុននៅវៀតណាមកាន់តែច្រើន ហើយកាន់តែមានទំនុកចិត្តលើកំណើនសេដ្ឋកិច្ចរបស់វៀតណាម នោះគឺជាខ្លឹមសារដែលត្រូវបានរំលេចនៅលើគេហទំព័រ ២ គឺ Le Petit Journal និង Fiber to fashion។ តាមរបាយការណ៍របស់ EuroCham បង្ហាញថា សន្ទស្សន៍នៃការធ្វើអាជីវកម្មរបស់វៀតណាមបានកើនឡើងដល់ ៧៣% នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២២ ព្រមទាំងមានសមាជិកនៃសភាពាណិជ្ជកម្មអឺរ៉ុបនៅវៀតណាម (EuroCham) ចំនួន  ៦៩ % ជឿជាក់ថា នៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២២  សេដ្ឋកិច្ចវៀតណាមនឹងមានស្ថិរភាព និងកំណើន។

"ការវិនិយោគលើក្រុមហ៊ុនចាប់ផ្ដើមធ្វើអាជីវកម្ម (start-up) របស់វៀតណាមក្នុងឆ្នាំ ២០២១ គឺខ្ពស់បំផុត ដែលមិនធ្លាប់មានពីមុនមក" គឺជាចំណងជើងនៃអត្ថបទចុះផ្សាយនៅលើគេហទំព័រ Jetro របស់ប្រទេសជប៉ុន។ ក្នុងឆ្នាំ ២០២១ មានគម្រោងវិនិយោគចំនួន ១៦៥ លើ start-up របស់វៀតណាម កើនឡើងជាង ៦៧% បើធៀបនឹងឆ្នាំ ២០២០ ដោយមានតម្លៃសរុបជាង ១.៤៤ ពាន់លានដុល្លារអាមេរិក។ ទាំងនេះគឺជាចំនួនខ្ពស់បំផុតដែលមិនធ្លាប់មានពីមុនមក។

leftcenterrightdel
វៀតណាមបន្តទាក់ទាញការវិនិយោគបរទេស (រូបថត៖ Dan Tri)

លោក Nakajima Takeo អនុប្រធានសមាគមធុរកិច្ចជប៉ុនប្រចាំនៅវៀតណាម (JCCI) បានឲ្យដឹងថា ធុរកិច្ចជប៉ុនតែងតែចាត់ទុកវៀតណាមជាគោលដៅវិនិយោគដ៏ទាក់ទាញ ព្រោះប្រទេសនេះមានមូលដ្ឋានសង្គម-នយោបាយស្ថិរភាព និងតម្លៃសមរម្យ។

យោងតាមស្ថិតិចុងក្រោយរបស់អគ្គនាយកដ្ឋានស្ថិតិ ការវិនិយោគផ្ទាល់ពីបរទេសដែលបណ្ដាក់ទុននៅវៀតណាមនៅតែបន្តជាចំណុចភ្លឺនៃសេដ្ឋកិច្ច។ ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ ទុនវិនិយោគផ្ទាល់ពីបរទេសត្រូវបានប៉ាន់ប្រមាណថាមានចំនួនជាង ៥.៩ ពាន់លានដុល្លារអាមេរិក កើនឡើង ៧.៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

បកប្រែដោយ Duy Hoan