leftcenterrightdel
រូបថតឧទាហរណ៍ (baoquocte.vn)

 

ដូច្នេះកិច្ចប្រជុំ RCEP លើកទី ១០ ដែលត្រូវ​បាន​រៀបចំឡើង​ដោយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែមិថុនា ក្នុងទីក្រុងហាណូយដែលបានគេរំពឹងថានឹងនាំមកនូវទិដ្ឋភាពថ្មីសម្រាប់ពាណិជ្ជកម្មក្នុងតំបន់និងអន្តរជាតិ។

យោងតាមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh កិច្ចព្រមព្រៀង RCEP ចាប់ផ្ដើមនៅខែវិច្ឆិកាឆ្នាំ ២០១២ នៅទីក្រុងភ្នំពេញ (ប្រទេសកម្ពុជា) សំដៅជំរុញពាណិជ្ជកម្មរវាងប្រទេសជាសមាជិកអាស៊ានជាមួយប្រទេសជាដៃគូចំនួន ៦ រួមមាន អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង។

ដោយចែករំលែកនូវដំណើរការចរចារលើកិច្ចព្រមព្រៀង RCEP លោករដ្ឋមន្ត្រី Tran Tuan Anh បានសង្កត់ធ្ងន់ថា នេះជាការចរចាដ៏ស្មុគស្មាញមួយ។ ចាប់តាំងពីពេលធ្វើការចរចារ ប្រទេសទាំងអស់បានឯកភាពលើគោលដៅគឺសំរេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីគ្រប់ជ្រុងជ្រោយប្រកបដោយគុណភាពខ្ពស់ និងផ្តល់ផលប្រយោជន៍ដល់គ្រប់ភាគីទាំងអស់។

ក្នុងចំណោមដៃគូដែលចូលរួមក្នុងការចរចានោះមានដៃគូបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយគ្នា វាមានន័យថា បណ្ដាប្រទេសនោះបានប្តេជ្ញាចិត្តបើកទីផ្សារទំនិញនិងសេវាកម្មឱ្យគ្នាទៅវិញទៅមក។

ជាក់ស្ដែងអាស៊ានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូទាំង ៦ នេះហើយ ប៉ុន្តែក៏មានប្រទេសជាច្រើនដែលមិនទាន់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នានៅឡើយ ដូចជាឥណ្ឌាជាមួយចិន អូស្រ្តាលី និងនូវែលសេឡង់ ហើយជប៉ុនជាមួយកូរ៉េខាងត្បូងជាដើម។ ដូច្នេះប្រទេសទាំង ១៦ ដែលឈានដល់ការបើកទីផ្សាររួមគឺពិបាកខ្លាំងណាស់។

ក្រៅពីនេះការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាសមាជិកក៏មានភាពខុសគ្នាខ្លាំងដែរ សូម្បីតែបណ្ដាប្រទេសអាស៊ានក៏មានកម្រិតអភិវឌ្ឍន៍ខុសគ្នា និងមាន​គោលនយោបាយខុសគ្នា ដូចជាគោលនយោបាយស្តីពីការប្រកួតប្រជែង ការវិនិយោគ និងកម្មសិទ្ធិបញ្ញាជាដើម។ ដូច្នេះក្នុងដំណើរការចរចា ភាគីនានាត្រូវតែស្វែងរកដំណោះស្រាយដើម្បីដោះស្រាយបញ្ហានៅជាប់គាំង ព្រមទាំង​ផ្ដល់ផលប្រយោជន៍ដូចគ្នារវាងភាគីនានា។

លោករដ្ឋមន្រ្តី Tran Tuan Anh បានមានប្រសាសន៍ថា នៅពេលដែល RCEP ត្រូវបានអនុវត្តនឹងបង្កើតទីផ្សារមួយដែលមានចំនួនប្រជាជន  ៣.៥ ពាន់លាននាក់ និងផលិតផលក្នុងស្រុកសរុប ៤៩,០០០ ពានលានដុល្លារ ស្មើនឹងប្រមាណ ៣៩% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។ ជាពិសេសកិច្ចព្រមព្រៀងនេះនឹងក្លាយជាតំបន់ពាណិជ្ជកម្មសេរីធំបំផុតនៅលើពិភពលោក ដោយមានការប្តេជ្ញាចិត្តបើកទីផ្សារ សេវាកម្ម ការវិនិយោគ ការការកាត់បន្ថយការធ្វើបែបបទគយ។

កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថានឹងជំរុញយ៉ាងខ្លាំងដល់ការអភិវឌ្ឍខ្សែសង្វាក់តម្លៃក្នុងតំបន់និងពិភពលោក ហើយជួយសេដ្ឋកិច្ចនៃបណ្តាប្រទេសអាស៊ានយមានការអភិវឌ្ឍ រួមទាំងប្រទេសវៀតណាមនិងប្រទេសជាដៃគូផងដែរ។

លើសពីនេះទៅទៀត ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកនិងក្នុងតំបន់កំពុងប្រឈមនឹងឧបសគ្គដោយ​ការគាំពារពាណិជ្ជកម្ម ហេតុនេះហើយការចរចារប្រកបដោយជោគជ័យនេះនឹងរួមចំណែកដល់ការបង្កើតរចនាសម្ព័ន្ធពាណិជ្ជកម្មថ្មីនៅក្នុងតំបន់ ជំរុញសាកលភាវូបនីយកម្មតាមទិសសេរីភាពប្រកបដោយចីរភាព។

សម្រាប់ប្រទេសវៀតណាមវិញ កិច្ចចរចា RCEP នឹងបើកឱកាសកាន់តែច្រើនថែមទៀត​សម្រាប់សហគ្រាសវៀតណាមក្នុងការជំរុញការនាំចេញនិងចូលរួមក្នុងខ្សែសង្វាក់តម្លៃថ្មីនៅក្នុងតំបន់ និងទាក់ទាញការវិនិយោគពីបរទេស។

តាមការគ្រោងទុក កិច្ចព្រមព្រៀង (RCEP) នឹងចុះហត្ថលេខានៅឆ្នាំ ២០២០។  កិច្ចព្រមព្រៀងនេះ សំដៅធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការវិនិយោគ ហើយ​បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី - អាស៊ីប៉ាស៊ីហ្វិក។ ដូច្នេះអ្នកជំនាញឲ្យដឹងថា គួរតែដោះស្រាយរាល់បញ្ហាដូចជារបាំងមិនមែនពន្ធគយ កម្មសិទ្ធិបញ្ញា និងពាណិជ្ជកម្មអេឡិចត្រូនិចដើម្បីបង្កើនលទ្ធភាពប្រកួតប្រជែង រួមទាំង​ការផ្លាស់ថ្មីនៃសហគ្រាសអាស៊ាន ដើម្បីពង្រីកទីផ្សារ និងជំរុញការនាំចេញ៕

បកប្រែដោយ Pham Diep