ជួយស្ត្រីឱ្យរួចផុតពីភាពក្រីក្រ
កប.អនឡាញ - ដោយបានកំណត់ថា ការចាប់ផ្តើមអាជីវកម្មគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការជួយដល់សមាជិកា ជាពិសេសស្ត្រីជនជាតិភាគតិចក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ ក្នុងរយៈពេលកន្លងមក សម្ព័ន្ធសមាគមនារីស្រុក Moc Chau ខេត្ត Son La បានមានសកម្មភាពជាក់ស្តែងជាច្រើនដើម្បីជួយសមាជិកាកសាងទម្រង់សេដ្ឋកិច្ច និងបង្កើនប្រាក់ចំណូល។
ដើម្បីសម្រេចបាននូវគម្រោង និងគំនិតធ្វើអាជីវកម្មរបស់សមាជិកា ជាពិសេសស្ត្រីជនជាតិភាគតិច ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សម្ព័ន្ធសមាគមនារីស្រុក Moc Chau បានធ្វើសកម្មភាពឃោសនាផ្សព្វផ្សាយ និងលើកទឹកចិត្តស្មារតីសមាជិកាចាប់ផ្តើមអាជីវកម្ម រៀបចំថ្នាក់បណ្តុះបណ្តាលសមាជិកាដែលមានគំនិតធ្វើអាជីវកម្ម ហាត់លក់ទំនិញ ផ្សព្វផ្សាយម៉ាកយីហោ និងគ្រប់គ្រងហិរញ្ញវត្ថុ។ ទន្ទឹមនឹងនោះ សម្ព័ន្ធសមាគមនារីស្រុក Moc Chau ក៏បានកសាងទម្រង់សន្សំសំចៃក្នុងឃុំ និងទីរួមស្រុក; បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សមាជិកាក្នុងការទទួលបានប្រាក់កម្ចីអនុគ្រោះដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។
បច្ចុប្បន្ននេះ សម្ព័ន្ធសមាគមនារីស្រុក Moc Chau បានបង្កើត និងរក្សាក្រុមឥណទានសន្សំសំចៃចំនួន ៩០ ក្រុម ទម្រង់សន្សំសំចៃចំនួន ១៨៥ ក្រុម និងជួយគាំទ្រជាង ១,០០០ គ្រួសារកម្ចីប្រាក់អភិវឌ្ឍផលិតកម្ម។ លើសពីនេះ សម្ព័ន្ធសមាគមនារីនៅពិនិត្យ និងធ្វើបញ្ជីគ្រួសារក្រីក្រដែលស្ត្រីជាមេផ្ទះ និងសមាជិកាជួបការលំបាកខ្លាំង ដើម្បីទទួលបានដំណោះស្រាយគាំទ្រទាន់ពេលវេលា។ អាស្រ័យហេតុនោះ មកទល់បច្ចុប្បន្ននេះ ស្រុកទាំងមូលមានគ្រួសារក្រីក្រចំនួន ៥៣៥ គ្រួសារដែលស្ត្រីជាមេផ្ទះ ហើយគ្រួសារ ៣២៥ ឲ្យរួចផុតពីភាពក្រីក្រ រួមចំណែកកាត់បន្ថយអត្រាភាពក្រីក្រនៅក្នុងស្រុកទាំងមូលមកនៅត្រឹម ៣.៧១%។
    |
 |
ស្ត្រីនៅអនុតំបន់ Ban On ទីរួមស្រុកកសិដ្ឋាន Moc Chau អភិវឌ្ឍសេដ្ឋកិច្ចរបស់ពួកគេពីដើមក្រូច |
សហករណ៍ដាំបន្លែសុវត្ថិភាព An Tam Moc Chau (ភូមិ An Thai ឃុំ Muong Sang) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ដឹកនាំដោយលោកស្រី Nguyen Thi Tam បាន និងកំពុងនាំមកនូវប្រាក់ចំណូលស្ថិរភាពដល់សមាជិកា និងគ្រួសារជាច្រើននៅក្នុងតំបន់។ បច្ចុប្បន្ននេះ សហករណ៍ An Tam Moc Chau កំពុងរក្សាបាននូវបន្លែ និងផ្លែឈើចំនួន ៨ ហិកតា ដែលត្រូវបានបញ្ជាក់ស្របតាមស្តង់ដារ VietGAP ជាមួយនឹងទិន្នផល ២០០ តោនក្នុង ១ ឆ្នាំ ដោយហេតុនេះជួយសមាជិកាទទួលបានប្រាក់ចំណូលពី ៨ ទៅ ១០ លានដុងក្នុងមួយខែ។ លើសពីនេះ សហករណ៍បានសហការជាមួយគ្រួសារចំនួន ៤៨ គ្រួសារភាគច្រើនជាសាមាជិកា ដើម្បីជួយឧបត្ថម្ភទុន គ្រាប់ពូជ បច្ចេកទេសកសិកម្ម និងជួយសមាជិកាអភិវឌ្ឍផលិតកម្ម។
រីឯនៅឃុំជាប់ព្រំដែន Chieng Khua ចាប់តាំងពីឆ្នាំ២០១៩ មក សមាគមសហព័ន្ធនារីឃុំបានបង្កើតក្រុមស្ត្រីចាប់ផ្តើមអាជីវកម្មដោយមានសមាជិកាចំនួន ៩ នាក់។ ពីដើមទុនដែលបានគាំទ្រដោយអង្គភាពមួយចំនួន ក្រុមស្ត្រីចាប់ផ្តើមអាជីវកម្មបានតភ្ជាប់ជាមួយបណ្តាគ្រួសារក្នុងឃុំដើម្បីទិញ និងលក់កសិផលរបស់ប្រជាពលរដ្ឋ។ លោកស្រី Lo Thi Nguyen ប្រធានសមាគមសហព័ន្ធនារីឃុំ Chieng Khua បានមានប្រសាសន៍ថា៖ “ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អនុវត្តតាមការដឹកនាំ និងការណែនាំរបស់សមាគមសហព័ន្ធនារីថ្នាក់លើ យើងខ្ញុំមានគោលនយោបាយជាច្រើនដើម្បីជួយ និងបង្កើតក្រុម និងទម្រង់មួយចំនួនសម្រាប់ស្ត្រីជួយគ្នាទៅវិញទៅមក ក្នុងកាអភិវឌ្ឍសេដ្ឋកិច្ច។ នៅពេលចូលរួមក្នុងសមាគម ក្រុម សមាជិកាដែលមានគំនិតអាជីវកម្មប្រកបដោយប្រសិទ្ធភាពត្រូវបានគាំទ្រដោយទាន់ពេលវេលា។ អាស្រ័យហេតុនេះ មិនត្រឹមតែជួយសមាជិកាបង្កើនប្រាក់ចំណូលប៉ុណ្ណោះទេ ថែមទាំងជួយដល់ប្រជាជនក្នុងការលក់ និងផ្សព្វផ្សាយកសិផលក្នុងស្រុកទៀតផង”។
លោកស្រី Vi Thi Long Bien ប្រធានសមាគមសហព័ន្ធនារីស្រុក Moc Chau បានឲ្យដឹងថា៖ “ដើម្បីលើកទឹកចិត្តដល់ស្មារតីចាប់ផ្តើមអាជីវកម្មរបស់សមាជិកា ជាពិសេសស្ត្រីជនជាតិភាគតិច យើងខ្ញុំតែងតែរៀបចំវគ្គបណ្តុះបណ្តាលជាប្រចាំ ដើម្បីលើកកំពស់សមត្ថភាព និងចំណេះដឹងសម្រាប់សមាជិកា។ នាពេលខាងមុខ សមាគមគ្រប់លំដាប់ថ្នាក់នឹងបន្តឃោសនាផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់ស្ត្រីអំពីការចាប់ផ្តើមអាជីវកម្ម; ជំរុញការសម្រេចបាននូវគំនិតអាជីវកម្ម ជួយស្ត្រីឱ្យផ្លាស់ប្តូរជីវិតរបស់ពួកគេ ក្លាយទៅជាគំរូដ៏ភ្លឺស្វាងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ”៕
បកប្រែដោយ Huyen Trang