បន្ទាប់ពីទទួលបានជោគជ័យក្នុងការទប់ទល់ការរីករាលដាល Covid ១៩ ប្រទេសវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចដែលមានកំណើនសេដ្ឋកិច្ចវិជ្ជមាននៅក្នុងតំបន់ក៏ដូចជានៅលើពិភពលោក។ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច និងអ្នកជំនាញអន្តរជាតិបានលើកឡើងថា ដោយមានវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ការការរីករាលដាលជំងឺ ការឆ្លើយតបយ៉ាងសកម្មចំពោះបញ្ហាប្រឈម និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិនោះ នៅឆ្នាំ២០២១នេះវៀតណាមនឹងបន្តជាចំណុចលេចធ្លោមួយអំពីកំណើនសេដ្ឋកិច្ច និងលំនឹងសង្គម។

leftcenterrightdel
ជោគជ័យធំបំផុតរបស់វៀតណាមគឺការគ្រប់គ្រងជំងឺរាតត្បាត​បានល្អ

ទោះបីកំណើន GDP របស់វៀតណាមនៅឆ្នាំ ២០២០ មិនសម្រេចបានតាមផែនការ និងគោលដៅនៃកំណើនជាមធ្យម ៥ ឆ្នាំ (២០១៦-២០២០) ក៏ដោយ ប៉ុន្តែបើយើងក្រឡេកមើលពីទិដ្ឋភាពភាពសកល វៀតណាមស្ថិតក្នុងចំណោមប្រទេសមួយចំនួនតិចតួចមានកំណើនខ្ពស់បំផុតនៅលើពិភពលោក។

ទស្សនវិស័យអំពីសេដ្ឋកិច្ចរបស់វៀតណាម

ឆ្នាំ ២០២០ បានកត់សម្គាល់នូវការខិតខំ ប្រឹងប្រែងយ៉ាងខ្លាំងពីសកម្មភាពនាំចូល និងនាំចេញនៅពេលដែលទំហំពាណិជ្ជកម្មត្រូវបានប៉ាន់ប្រមាណគឺមានជិត ៥៤៤ ពាន់​លាន​ដុល្លារ កើនឡើង ៥.១% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ បូកសរុបសេដ្ឋកិច្ចក្នុងឆ្នាំ ២០២០ លោក Nguyen Viet Phong ប្រធាននាយកដ្ឋានស្ថិតិពាណិជ្ជកម្ម និងសេវាកម្ម បានអះអាងថា៖ “នេះជាឆ្នាំទី ៥ ជាប់ៗគ្នា ដែលប្រទេសវៀតណាមសម្រេចបានអតិរេកពាណិជ្ជកម្មចាប់តាំងពីឆ្នាំ ២០១៦ ដល់ឆ្នាំ២០២០ ហើយនេះចំណុចលេចធ្លោដែលរួមចំណែកដល់អត្រាប្តូរប្រាក់បរទេស ដែលជាកម្លាំងជំរុញសម្រាប់ប្រទេសវៀតណាមនៅឆ្នាំ ២០២១, ២០២២ និងរយៈពេលបន្ទាប់"។

ការខំប្រឹងប្រែង និងជោគជ័យរបស់វៀតណាមក្នុងការបង្ការប្រឆាំង Covid-19 ត្រូវបានសារព័ត៌មានអន្តរជាតិវាយតម្លៃខ្ពស់។ ទស្សនាវដ្តី Nikkei របស់ជប៉ុនក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនៃឆ្នាំ ២០២០ បានផ្តល់សេចក្តីថ្លែងការណ៍ដ៏ល្អអំពីសេដ្ឋកិច្ចរបស់វៀតណាមដែលបានបញ្ជាក់ថា ប្រទេសវៀតណាមគឺជាប្រទេសមួយក្នុងចំណោមខឿនសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ទាំងបីដែលមានភាពខុសគ្នាដ៏ធំធេងអំពីកំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០២១ ហើយអាចនឹងវិលត្រឡប់ទៅរកពេលវេលាមុនពេលមានការផ្ទុះឡើងនៃ Covid-19។ កាសែត New York Times  របស់អាមេរិកក៏បានចេញផ្សាយអត្ថបទមួយដែលមានចំណងជើងថា "តើវៀតណាមគឺជាអព្ភូតហេតុអាស៊ី " បន្ទាប់ទេ? ។ កាសែតមួយនេះបានសន្និដ្ឋានថា ចាប់តាំងពីប្រទេសចិនបានប្រកាសករណីដំបូងនៃ Covid-19 នោះ  ប្រទេសវៀតណាមបានកៀរគរធនធានយ៉ាងរឹងមាំដើម្បីបទប់ទល់ការរីករាលដាលនៃមេរោគនេះ។ ការគ្រប់គ្រងជំងឺរាតត្បាតបានធ្វើឱ្យប្រទេសវៀតណាមបើកឱ្យដំណើរការផលិតកម្ម និងសកម្មភាពអាជីវកម្មឡើងវិញយ៉ាងឆាប់រហ័ស។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតគឺកំណើនសេដ្ឋកិច្ចរបស់ខ្លួនត្រូវបានជំរុញដោយអតិរេកពាណិជ្ជកម្មទោះបីជាមានការធ្លាក់ចុះនៃពាណិជ្ជកម្មពិភពលោកក៏ដោយ។ អត្ថបទមួយនេះបានសង្កត់ធ្ងន់ថា ដោយមានវិធានការបង្ការដ៏ត្រឹមត្រូវ និងមានប្រសិទ្ធិភាព វៀតណាមមិនត្រឹមតែរក្សាអត្រាកំណើននៅឆ្នាំ ២០២០ ប៉ុណ្ណោះទេ ថែមទាំងបានឆ្ពោះទៅជាខឿនសេដ្ឋកិច្ចឈានមុខគេមួយនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំនេះ។ លើកឡើងភ័ស្តុតាងអំពីការដែលវៀតណាមបន្តចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើននោះ អ្នកសេដ្ឋកិច្ចជាច្រើនបានជឿជាក់ថា វៀតណាមនឹងទាក់ទាញដើមទុនវិនិយោគកាន់តែច្រើន និងបង្កើនពាណិជ្ជកម្មតាមការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល។ នៅក្នុងរបាយការណ៍ស្តីពីការវាយតម្លៃកំណើនសេដ្ឋកិច្ចរបស់វៀតណាមដែលបានចេញផ្សាយនៅសប្តាហ៍ចុងក្រោយនៃឆ្នាំ ២០២០ នោះ ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សុទ្ធតែព្យាករណ៍ពីតួលេខកំណើន GDP នៃ ប្រទេសវៀតណាមនៅឆ្នាំ ២០២១ អាចឈានដល់កម្រិតមួយពី ៦.៥ ទៅ ៦.៨% ទោះបីមានការរីករាលដាលនៃជំងឺ និងសេដ្ឋកិច្ចពិភពលោកដែលមិនអាចប៉ាន់ស្មានបានក៏ដោយ…រាល់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិជឿជាក់ថានៅឆ្នាំ ២០២១ សេដ្ឋកិច្ចរបស់​វៀត​ណាម​នឹងមានភាពប្រាកដប្រជា និងបង្កើនល្បឿនយ៉ាងខ្លាំង ហើយអាចនឹងក្លាយជាប្រទេសនាំមុខគេមួយនៅលើពិភពលោក។

សូម្បីតែមានសុទិដ្ឋិនិយមជាងនេះក៏ដោយ ធនាគារ OUB សឹង្ហបុរី និងធនាគារ HSBC ហុងកុង (ចិន) ក៏បានលើកឡើងដែរថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមនៅឆ្នាំនេះអាចឈានដល់ ៧,១ ភាគរយ និង ៨,១ ភាគរយ ។ S&P Global ព្យាករណ៍ថា សេដ្ឋកិច្ចវៀតណាមនឹងកើនឡើង ១០,៩% នៅឆ្នាំ២០២១ ដែលខ្លាំងជាងសេដ្ឋកិច្ចដទៃទៀតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងពាណិជ្ជកម្ម (CEBR) នៅចក្រភពអង់គ្លេសថ្មីៗនេះបានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំស្តីពីប្រទេសចំនួន ១៩៣ ដែលក្នុងនោះព្យាករណ៍អត្រាកំណើនសេដ្ឋកិច្ចជាមធ្យមរបស់វៀតណាមគឺ ៧% ក្នុងរយៈពេលប៉ុន្មានឆ្នាំចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ។ ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ អត្រាកំណើនសេដ្ឋកិច្ចរបស់វៀតណាមត្រូវបានគេព្យាករណ៍ថានឹងកើនឡើងដល់ ៦,៦% ហើយនៅឆ្នាំ ២០៣៥ នឹងឈរនៅលំដាប់ទី ១៩ លើពិភពលោក។ ប្រទេសវៀតណាម - ដៃគូសក្តានុពល សេដ្ឋកិច្ចមានភាពលំនឹងនិងកំពុងរីកចម្រើន ថែមទាំងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិកាន់តែស៊ីជម្រៅតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីនោះ  វៀតណាមកំពុងក្លាយជាដៃគូសំខាន់របស់ប្រទេសជាច្រើន។ លោក Ben Bland  អ្នកស្រាវជ្រាវស្រាវជ្រាវ និងជាប្រធានគម្រោងសិក្សាស្រាវជ្រាវអាស៊ីអាគ្នេយ៍ នៃវិទ្យាស្ថាន Lowy  សន្និដ្ឋានថា វៀតណាមក៏ជាដៃគូមួយដ៏សំខាន់ ដោយសារតែវៀតណាមបង្កើនកំណើនសេដ្ឋកិច្ចយ៉ាងលឿន។ ទន្ទឹមនឹងនោះវៀតណាមក៏ជាប្រទេសដែលមានការគណនាយុទ្ធសាស្រ្តចំពោះបញ្ហាប្រឈមទាំងអស់។ អាស្រ័យហេតុនោះខ្ញុំគិតថា វៀតណាម និងអូស្រ្តាលី មានសក្តានុពលជាច្រើនក្នុងការជំរុញទំនាក់ទំនង។ ចំពោះអូស្ត្រាលី វៀតណាមជាប្រទេសគន្លឹះ និងជាដៃគូដែលមានតួនាទីរក្សាតុល្យភាពយុទ្ធសាស្ត្រក្នុងតំបន់” ។ ជោគជ័យធំបំផុតរបស់វៀតណាមគឺការគ្រប់គ្រងជំងឺបានល្អ ដែលពិភពលោកបានទទួលស្គាល់។ លើសពីនេះទៅទៀត ប្រទេសវៀតណាមក៏ស្ថិតនៅជួរមុខក្នុងការសម្រេចបាននូវការប្តេជ្ញាចិត្តអន្តរជាតិ ហើយរដ្ឋាភិបាលបានវិនិយោគយ៉ាងខ្លាំងលើការផ្លាស់ប្តូរសេដ្ឋកិច្ចឌីជីថល។ កត្តាទាំងនេះបង្កើតកត្តាជំរុញកំណើនសេដ្ឋកិច្ចរឹងមាំសម្រាប់វៀតណាមនាប៉ុន្មានឆ្នាំខាងមុខនេះ៕

បកប្រែដោយ Minh Trung