ការពិនិត្យចុងក្រោយសម្រាប់ពិធីបើកពិព័រណ៍ពាណិជ្ជកម្មវៀតណាម-ឡាវ
កប.អនឡាញ - នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍អន្តរជាតិឡាវ (Lao Itecc) ក្នុងរដ្ឋធានីវៀងចន្ទន៍ លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang សមាជិកមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានធ្វើជាអធិបតីក្នុងការពិនិត្យចុងក្រោយសម្រាប់ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផលនៃធុរកិច្ចវៀតណាម-ឡាវ ឆ្នាំ២០២៥។
បន្ទាប់ពីទស្សនាការសម្តែងរបស់កងកម្លាំងទាំងឡាយនៅក្នុងការពិនិត្យ លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang បានវាយតម្លៃខ្ពស់ចំពោះការត្រៀមរៀបចំសម្រាប់ពិធីបើក ហើយសង្កត់ធ្ងន់ថា កងកម្លាំងទាំងឡាយត្រូវបន្តសហការយ៉ាងជិតស្និទ្ធ និងពិនិត្យឡើងវិញនូវការត្រៀមរៀបចំ ដើម្បីឱ្យពិធីបើកពិព័រណ៍អាចប្រព្រឹត្តទៅដោយជោគជ័យ។
    |
 |
|
លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang ត្រួតពិនិត្យការត្រៀមរៀបចំនៅតាមស្តង់មួយចំនួន |
ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang ក៏បានត្រួតពិនិត្យការត្រៀមរៀបចំនៅតាមស្តង់របស់ពិព័រណ៍ផងដែរ ហើយលើកទឹកចិត្តបុគ្គលិក និងអ្នកបច្ចេកទេសនៅតាមស្តង់នានា។
ពិព័រណ៍ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផលនៃធុរកិច្ចវៀតណាម-ឡាវ ឆ្នាំ២០២៥ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ដោយពិធីបើកប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា។ ពិព័រណ៍នេះគឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជម្រុញពាណិជ្ជកម្មទ្វេភាគី និងពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងកងទ័ពនៃប្រទេសទាំងពីរ។
* នៅរសៀលថ្ងៃដដែលនោះ នៅរដ្ឋធានីវៀងចន្ទន៍ គណៈប្រតិភូនៃក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Nguyen Truong Thang បានបំពេញទស្សនកិច្ចការងារនៅសាខាធនាគារភាគហ៊ុនពាណិជ្ជកម្មយោធានៅប្រទេសឡាវ (MB Lao)។
    |
 |
|
លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang ថ្លែងនៅក្នុងកិច្ចប្រជុំ |
ក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang បានវាយតម្លៃខ្ពស់ចំពោះសាមគ្គីភាព និងការខិតខំប្រឹងប្រែងដោយឥតឈប់ឈររបស់កម្មាភិបាល និងបុគ្គលិកនៅ MB Lao ដែលបំពេញល្អនូវភារកិច្ចរបស់អង្គភាពនិយាយដោយឡែក និងភារកិច្ចនយោបាយនៃផ្នែកធនាគារជានិយាយរួម ដោយរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងសង្គមនៅក្នុងប្រទេសឡាវ ក៏ដូចជារួមចំណែកដល់ការពូនជ្រំចំណងមិត្តភាពរវាងវៀតណាម និងឡាវ។
លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang សង្ឃឹមថា កម្មាភិបាល និងបុគ្គលិកនៅ MB Lao នឹងលើកកម្ពស់ភាពវៃឆ្លាត ផ្លាស់ប្តូរថ្មីប្រកបដោយច្នៃប្រឌិតដោយឥតឈប់ឈរ ផ្តោតលើការធ្វើបរិវត្តកម្មឌីជីថល ដើម្បីបន្តសម្រេចបាននូវសមិទ្ធផលកាន់តែច្រើន លើកកម្ពស់តួនាទីរបស់ MB នៅក្នុងប្រទេសឡាវ ហើយបន្តរួមចំណែកដល់ការពូនជ្រំទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរតាមរយៈសកម្មភាពសុខុមាលភាពសង្គម ការថែទាំជីវភាពរស់នៅរបស់កម្មាភិបាល និងបុគ្គលិកវៀតណាម និងឡាវ ដែលកំពុងធ្វើការនៅ MB Lao៕
បកប្រែដោយ Thuy Anh