វៀតណាមក្លាយជាដៃគូនាំមុខគេរបស់ EU ក្នុងអាស៊ាន

ដោយបានចុះហត្ថលេខានៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៩ និងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២០ EVFTA ត្រូវបានចាត់ទុកថាជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ទូលំទូលាយ និងមានមហិច្ឆតាបំផុតមួយដែលសហភាពអឺរ៉ុប (EU) បានចុះហត្ថលេខាជាមួយប្រទេសកំពុងអភិវឌ្ឍ។ កិច្ចព្រមព្រៀងលុបបំបាត់ពន្ធគយច្រើនជាង ៧០% ភ្លាមៗនៅពេលចូលជាធរមាន។ ពន្ធគយដែលនៅសល់ (រហូតដល់ ៩៩%) នឹងបន្តត្រូវបានដកចេញ យោងតាមផែនទីបង្ហាញផ្លូវ។ ក្រៅពីការកាត់បន្ថយពន្ធ EVFTA ក៏ពង្រីកការជ្រៀតចូលទីផ្សារ គាំរពារកម្មសិទ្ធិបញ្ញា លើកកម្ពស់តម្លាភាពនៃបទប្បញ្ញត្តិ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មទាំងសងខាងដើម្បីបង្កើនឱកាសពាណិជ្ជកម្ម។ នៅក្នុងការអនុវត្តជាក់ស្តែង ក្នុងរយៈពេលជិត ៥ ឆ្នាំ (ចាប់ពីខែសីហា ឆ្នាំ ២០២០ ដល់ខែឧសភា ឆ្នាំ ២០២៥) ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និង EU សម្រេចបាន ២៩៨ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងជិត ៤០% នៃទំហំពាណិជ្ជកម្មក្នុងរយៈពេល ៣០ ឆ្នាំ (ចាប់ពីឆ្នាំ ១៩៩៥ ដល់បច្ចុប្បន្ន)។ នេះជាការបង្ហាញយ៉ាងច្បាស់អំពីតួនាទីកាតាលីកររបស់ EVFTA ក្នុងការពង្រីកទីផ្សារ និងការធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី។ បច្ចុប្បន្ន វៀតណាមជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ EU នៅអាស៊ាន និងជាប់ចំណាត់ថ្នាក់ទី ១៦ ទូទាំងពិភពលោក។ លោក Nguyen Anh Son ប្រធាននាយកដ្ឋាននាំចូល-នាំចេញ (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម) បានអះអាងថា៖ “បន្ទាប់ពីរយៈពេល ៥ ឆ្នាំនៃការអនុវត្ត EVFTA បាននាំមកនូវលទ្ធផលវិជ្ជមាន ពង្រីកទីផ្សារសម្រាប់វិស័យនាំចេញសំខាន់ៗដូចជាស្បែកជើង កសិផល បន្លែ និងផ្លែឈើ ទន្ទឹមនឹងនោះ ជួយឱ្យអង្គភាពអាជីវកម្មទទួលបានបច្ចេកវិទ្យា និងឧបករណ៍ទំនើប បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វៀតណាមសុក្រឹតគោលនយោបាយ និងច្បាប់ ប្រកបដោយតម្លាភាព ស្របតាមទំលាប់អន្តរជាតិ”។

leftcenterrightdel
សកម្មភាពផលិតនៅក្រុមហ៊ុនភាគហ៊ុន Xuan Hoa វៀតណាម ខេត្ត Phu Tho

ម៉្យាងវិញទៀត EU បច្ចុប្បន្នជាទីផ្សារនាំចេញធំទី ៣ និងជាប្រភពនាំចូលធំទី ៤ របស់វៀតណាម ដោយផ្តល់ផលិតផលយុទ្ធសាស្ត្រជាច្រើនដូចជា៖ គ្រឿងម៉ាស៊ីនបច្ចេកវិទ្យាខ្ពស់ មធ្យោបាយដឹកជញ្ជូន ឱសថ បច្ចេកវិទ្យាបៃតង។ ជាមួយនឹងចំនួនប្រជាជនជាង ១០០ លាននាក់ និងកម្លាំងពលកម្មជាង ៥៥ លាននាក់ វៀតណាមបានក្លាយជា “ប្រព័ន្ធអេកូឡូស៊ីយុទ្ធសាស្ត្រ” សម្រាប់អង្គភាពអាជីវកម្មអឺរ៉ុបដើម្បីធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ថ្មី។ ការស្ទង់មតិដោយសមាគមពាណិជ្ជកម្មអឺរ៉ុបនៅវៀតណាម (EuroCham) បង្ហាញថា មិនត្រឹមតែសាជីវកម្មធំប៉ុណ្ណោះទេ ថែមទាំងសហគ្រាសធុនតូច និងមធ្យម (SME) ក៏ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវការផ្តល់អាទិភាពដែលនាំមកដោយ EVFTA។ សមាមាត្រនៃសហគ្រាសដែលចាត់ទុកការកាត់បន្ថយពន្ធគយជាអត្ថប្រយោជន៍សំខាន់បានកើនឡើងពី ២៩% (ត្រីមាសទី២ ឆ្នាំ២០២៤) ដល់ ៦១% (ត្រីមាសទី២ ឆ្នាំ២០២៥)។

បញ្ហានៃប្រភពដើម - បញ្ហាប្រឈមដើម្បីយកឈ្នះ

ជាមួយនឹងផលិតផលក្នុងស្រុកសរុប (GDP) ចំនួន ២៩,០០០ ពាន់លានដុល្លារអាមេរិក (យោងទៅតាមភាពស្មើគ្នានៃអំណាចនៃការទិញ) និងអ្នកប្រើប្រាស់ច្រើនជាង ៤៥០ លាននាក់ សហភាពអឺរ៉ុបគឺជាប្លុកសេដ្ឋកិច្ចបង្រួបបង្រួមធំជាងគេបំផុតនៅលើពិភពលោក។ GDP សម្រាប់មនុស្សម្នាក់សម្រេចបានជាង ៤៣,០០០ ដុល្លារអាមេរិក (ធនាគារពិភពលោកឆ្នាំ ២០២៤) ដែលបង្ហាញពីអំណាចនៃការទិញខ្ពស់ និងតម្រូវការចម្រុះ ដែលជាទីផ្សារដ៏ល្អសម្រាប់ទំនិញគុណភាពខ្ពស់របស់វៀតណាម ចាប់ពីកសិផល អាហារកែច្នៃ រហូតដល់វាយនភណ្ឌ គ្រឿងសង្ហារឹម និងបច្ចេកវិទ្យា។

ទោះជាយ៉ាងណាក៏ដោយ ឱកាសតែងតែដើរទន្ទឹមគ្នាជាមួយនឹងបញ្ហាប្រឈម។ ឧបសគ្គដ៏ធំបំផុតគឺច្បាប់នៃប្រភពដើម - លក្ខខណ្ឌជាដាច់ខាតសម្រាប់ការទទួលបានពន្ធអនុគ្រោះ។ វត្ថុធាតុដើមភាគច្រើនសម្រាប់វិស័យនាំចេញសំខាន់ៗរបស់វៀតណាមនៅតែត្រូវបាននាំចូលពីខាងក្រៅប្លុក ដែលធ្វើឱ្យវាពិបាកក្នុងការបញ្ជាក់ប្រភពដើមស្របច្បាប់។ EVFTA មានយន្តការសម្រាប់ការប្រមូលផ្តុំជាមួយដៃគូមួយចំនួន ប៉ុន្តែនីតិវិធីមានភាពស្មុគស្មាញ ហើយខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុកមិនទាន់បានតភ្ជាប់យ៉ាងជិតស្និទ្ធនោះទេ។ លោក Ngo Chung Khanh អនុប្រធាននាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មពហុភាគី (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) បានព្រមានថា "ប្រសិនបើយើងមិនពង្រឹងសមត្ថភាពរបស់យើងក្នុងការបំពេញតាមស្តង់ដារបច្ចេកទេស និងប្រភពដើម ទំនិញវៀតណាមនឹងបាត់បង់គុណសម្បត្តិប្រកួតប្រជែងរបស់ពួកគេបន្តិចម្តងៗ ជាពិសេសនៅពេលដែល EU ជំរុញការចរចា FTA ជាមួយប្រទេសជាច្រើនទៀត"។

យោងតាមស្ថិតិក្នុងឆ្នាំ ២០២៤ វៀតណាមបានចេញវិញ្ញាបនបត្រអនុគ្រោះពន្ប្រភពដើម (C/O) ជាង ១.៨ លាន ដែលមានតម្លៃនាំចេញលើសពី ១០០ ពាន់លានដុល្លារអាមេរិក។ គួរកត់សម្គាល់ថា ៥៦% នៃសហគ្រាស EU នៅវៀតណាមដាក់ C/O ទៀងទាត់រៀងរាល់ខែ ដោយបង្ហាញពីតួនាទីសំខាន់នៃឯកសារនេះក្នុងការរក្សាការអនុគ្រោះពន្ធ និងកិត្យានុភាពជាមួយដៃគូ។

EVFTA បើក "ទ្វារធំ" ប៉ុន្តែតើយើងដើរលឿន ឬយឺតប៉ុណ្ណា យើងទៅឆ្ងាយប៉ុណ្ណា អាស្រ័យលើសមត្ថភាពផ្ទៃក្នុង ភាពម្ចាស់ការ និងការបន្ស៊ាំខ្លួនរបស់យើង។ ដើម្បីឆ្លៀតយកបានឱកាសនេះ សហគ្រាសវៀតណាមមិនត្រឹមតែត្រូវការផ្លាស់ថ្មីបច្ចេកវិទ្យា លើកកម្ពស់អភិបាលកិច្ចប៉ុណ្ណោះទេ ថែមទាំងបន្តកសាងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក បង្កើនអត្រាធ្វើមូលដ្ឋានីយកម្ម និងឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព៕

បកប្រែដោយ Huyen Trang