អ្នកសារព័ត៌មាន៖ តើលោកស្រីអាចប្រាប់អំពីសារៈសំខាន់នៃប្រធានបទរបស់ទិវាពិភពលោកប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅឆ្នាំនេះបានទេ?
លោកស្រី Kendra Rinas៖ ប្រធានបទនៃយុទ្ធនាការឆ្នាំនេះ មានគោលបំណងបង្ហាញពីតួនាទីសំខាន់របស់ស្ថាប័ននីតិប្តតិបត្តិក្នុងការលុបបំបាត់ឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំង ព្រមទាំងធានាថាប្រព័ន្ធច្បាប់ប្រកាន់យកជនរងគ្រោះជាស្នូលក្នុងការការពារនិងការជួយគាំទ្រ។ ទោះបីជាមានការវិវឌ្ឍខ្លះក៏ដោយ ក៏ការឆ្លើយតបរបស់ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌនៅតែមិនទាន់រឹងមាំនៅឡើយក្នុងការទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលកាន់តែស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ។
ដើម្បីបញ្ចប់ការជួញដូរមនុស្ស ស្ថាប័ននីតិប្តតិបត្តិត្រូវអនុវត្តបទប្បញ្ញត្តិដ៏តឹងរ៉ឹង ធ្វើការស៊ើបអង្កេតយ៉ាងសកម្ម បង្កើនកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន ផ្តោតលើលំហូរប្រាក់ពីឧក្រិដ្ឋជន និងប្រើប្រាស់បច្ចេកវិទ្យាដើម្បីកំណត់អត្តសញ្ញាណ បង្ក្រាបបណ្តាញជួញដូរមនុស្ស។
    |
 |
លោកស្រី Kendra Rinas ប្រធានបេសកកម្មនៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំនៅវៀតណាម (រូបថត៖ vnanet.vn) |
អ្នកសារព័ត៌មាន៖ តើលោកស្រីមានការវាយតម្លៃយ៉ាងណាអំពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់វៀតណាមនាពេលថ្មីៗនេះ?
លោកស្រី Kendra Rinas៖ IOM ទទួលស្គាល់លទ្ធផលគួរឲ្យចាប់អារម្មណ៍របស់វៀតណាមក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅប៉ុន្មានឆ្នាំថ្មីៗនេះ។
ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួងនគរបាល និងការចូលរួមពីស្ថាប័នពាក់ព័ន្ធ ច្បាប់ស្ដីពីវិសោធនកម្មស្តីពីការទប់ស្កាត់ និងប្រឆាំងអំពើជួញដូរមនុស្ស បានចូលជាធរមានក្នុងខែកក្កដានេះ។ ចំណុចមួយក្នុងចំណោមចំណុចសំខាន់នៃច្បាប់ស្ដីពីវិសោធនកម្មនេះគឺប្រកាន់យកជនរងគ្រោះជាស្នូលក្នុងដំណើរការបង្កើតគោលនយោបាយ។ ច្បាប់ស្ដីពីវិសោធនកម្មស្តីពីការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការអំពើជួញដូរមនុស្ស គឺជាជំហានដ៏សំខាន់មួយក្នុងការអនុវត្ត "កម្មវិធីស្តីពីការទប់ស្កាត់ និងប្រឆាំងនឹងអំពើជួញដូរមនុស្ស" ដំណាក់កាល ២០២១-២០២៥ ចក្ខុវិស័យដល់ឆ្នាំ២០៣០។ កិច្ចខិតខំប្រឹងប្រែងនេះបង្ហាញពីលទ្ធផលគួរឲ្យចាប់អារម្មណ៍ក្នុងរយៈពេល ២៥ ឆ្នាំនៃកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
ការងារជួយសង្គ្រោះ និងការជួយប្រជាពលរដ្ឋវៀតណាមដែលត្រឡប់មកពីមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញក្នុងតំបន់កំពុងទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ ប៉ុន្តែ ការពិនិត្យ និងការជួយគាំទ្រជនរងគ្រោះដោយការជួញដូរត្រូវការការអនុវត្តព្រមៗគ្នាបន្ថែមទៀត។
ការជួញដូរមនុស្សគឺជាបញ្ហាស្មុគស្មាញដែលទាមទារវិធីសាស្រ្តដ៏ទូលំទូលាយពីរដ្ឋាភិបាល ដូច្នេះ IOM មានមោទនភាពក្នុងការរួមដំណើរជាមួយស្ថាប័ននានារបស់វៀតណាមក្នុងការងារបង្ការ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។
អ្នកសារព័ត៌មាន៖ តើអ្វីទៅជាឧក្រិដ្ឋកម្មជួញដូរមនុស្សដែលវៀតណាមគួរតែយកចិត្តទុកដាក់?
លោកស្រី Kendra Rinas៖ បច្ចុប្បន្ននេះ ការជួញដូរមនុស្សកាន់តែមានភាពស្មុគ្រស្មាញ ដែលប្រតិបត្តិតាមអ៊ីនធឺណិត និងរើសយុវជនមានចំណេះវិជ្ជា និងជំនាញខាងបច្ចេកវិទ្យា។
យោងតាមរបាយការណ៍របស់ IOM ចំនួនករណីជួញដូរដែលទទួលបានការជួយគាំទ្រពី IOM នៅក្នុងតំបន់បានកើនឡើងជាងបីដង ពី ២៩៦ នៅឆ្នាំ ២០២២ ដល់ ១.០៩៦ នៅឆ្នាំ២០២៥។
ដើម្បីជម្នះបញ្ហាប្រឈមនេះ យើងត្រូវបន្តលើកកម្ពស់ការយល់ដឹងនៃសាធារណៈអំពីហានិភ័យដែលទាក់ទងនឹងការជួញដូរ ក៏ដូចជាសមត្ថភាពនៃការអនុវត្តច្បាប់ និងធានាថាជនរងគ្រោះទាំងអស់ទទួលបានការការពារ និងការជួយគាំទ្រគ្រប់គ្រាន់នៅគ្រប់ដំណាក់កាល។
IOM មានមោទនភាព និងប្តេជ្ញាបន្តរួមដំណើរជាមួយរដ្ឋាភិបាលវៀតណាម ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងសំខាន់ៗ ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។
អ្នកសារព័ត៌មាន៖ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២៥ តើលោកស្រីមានសារអ្វីជូនដល់វៀតណាម?
លោកស្រី Kendra Rinas៖ ក្នុងឱកាសនេះ IOM ទទួលស្គាល់ជាថ្មីម្តងទៀតនូវសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ ការច្នៃប្រឌិត ភាពជាដៃគូ និងការប្រគល់សិទ្ធិដល់យុវជន ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។ យើងមិនអាចយកឈ្នះបញ្ហានេះបានទេ បើគ្មានកិច្ចសហការពីអ្នកទាំងអស់គ្នា។ យើងបន្តរួមដំណើរជាមួយជនរងគ្រោះ និងសហការដើម្បីកសាងពិភពលោកមួយដែលគ្មានកេងប្រវ័ញ្ចមនុស្ស។
អ្នកសារព័ត៌មាន៖ សូមអរគុណលោកស្រី៕
បកប្រែដោយ Thuy Anh