ពន្លឿនល្បឿនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព

ខណៈពេលដែលខឿនសេដ្ឋកិច្ចធំៗជាច្រើនក្នុងពិភពលោកកំពង់ជួបបញ្ហាអតិផរណា  អត្រាការប្រាក់ខ្ពស់ និងអស្ថិរភាពភូមិសាស្ត្រនយោបាយនោះ សេដ្ឋកិច្ចវៀតណាមបង្ហាញសញ្ញាភ្លឺ និងពោរពេញទៅដោយទស្សនវិស័យ។ ទិន្នន័យដែលចេញប្រកាសដោយនាយកដ្ឋានស្ថិតិ ក្រសួងហិរញ្ញវត្ថុវៀតណាមនៅថ្ងៃទី ៥ ខែកក្កដា បានបង្ហាញពីភាពធន់នៃសេដ្ឋកិច្ចវៀតណាម។

ជាក់ស្តែង GDP ក្នុងត្រីមាសទីពីរឆ្នាំ ២០២៥ បានកើនឡើង ៧.៩៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កម្រិតនេះគ្រាន់តែទាបជាងអត្រាកំណើន ៨.៥៦% ក្នុងត្រីមាសទី ២ ឆ្នាំ ២០២២។ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៥ GDP បានកើនឡើង ៧.៥២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៦ ខែដើមឆ្នាំក្នុងដំណាក់កាលឆ្នាំ ២០១១-២០២៥។

យោងតាមលោកស្រី Nguyen Thi Huong ប្រធាននាយកដ្ឋានស្ថិតិបានឲ្យដឹងថា ទិដ្ឋភាពសេដ្ឋកិច្ចក្នុងឆមាសទីមួយឆ្នាំ ២០២៥ ក៏បង្ហាញពីភាពរឹងមាំ។ ផលិតកម្មឧស្សាហកម្មនៅតែបន្តជាកត្តាជំរុញកំណើនសេដ្ឋកិច្ច។ សន្ទស្សន៍ផលិតកម្មឧស្សាហកម្ម (IIP) ក្នុងរយៈពេល ៦ ខែដើមឆ្នាំត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើង ៩.២% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ ដែលក្នុងនោះ ឧស្សាហកម្មកែច្នៃកើនឡើង ១១.១%។

គួរកត់សម្គាល់ថា ចំនួនអង្គភាពអាជីវកម្មបង្កើតថ្មីបានបង្ហាញឲ្យឃើញថា ទំនុកចិត្តនៃការធ្វើអាជីវកម្មបានកើនឡើង ដោយសារមានគោលនយោបាយលើកទឹកចិត្តដល់ការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចឯកជន។ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៥នេះ នៅទូទាំងប្រទេសមានអង្គភាពអាជីវកម្មបង្កើតថ្មីជិត ៩១,២០០។ អង្គភាពអាជីវកម្មប្រហែល ៦១,៥០០ បានប្រតិបត្តិការឡើងវិញ កើនឡើង ៥៧.២% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។

យោងតាមសេដ្ឋវិទូ ប្រការនេះបង្ហាញឱ្យឃើញពីការគាំទ្ររបស់សហគមន៍ធុរកិច្ចនៅពេលដែលបក្សបានចេញសេចក្តីសម្រេចចិត្តថ្មី ដោយលើកកំពស់តួនាទីនៃវិស័យសេដ្ឋកិច្ចឯកជន ទន្ទឹមនឹងនោះរដ្ឋសភា និងរដ្ឋាភិបាលបានមានដំណោះស្រាយដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន ជាពិសេសលើវិស័យនវានុវត្តន៍ សេដ្ឋកិច្ចវិលជុំ និងសេដ្ឋកិច្ចបៃតង។

leftcenterrightdel
សកម្មភាពផលិតនៅក្រុមហ៊ុនភាគហ៊ុន Hoa Phat

ចំណុចលេចធ្លោមួយទៀតនៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចនៅឆមាសទីមួយឆ្នាំនេះ គឺការទាក់ទាញដើមទុនវិនិយោគពីបរទេស។ ការវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលបានចុះបញ្ជីគិតត្រឹមថ្ងៃទី ៣០ មិថុនា សម្រេចបាន ២១.៥២ ពាន់លានដុល្លារអាមេរិក កើនឡើង ៣២.៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ ការបញ្ចេញដើមទុន FDI សម្រេចបាន ១១.៧២ ពាន់លានដុល្លារ កើនឡើង ៨.១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៦ ខែនៃ ៥ ឆ្នាំកន្លងមក ដែលបង្ហាញពីការជឿទុកចិត្ដរបស់វិនិយោគិនចំពោះគោលនយោបាយស្ថិរភាព តម្លាភាព និងភាពទាក់ទាញរបស់វៀតណាម។

ក្នុងវិស័យពាណិជ្ជកម្ម ការនាំចេញសម្រេចបាន ២១៩.៨៣ ពាន់លានដុល្លារអាមេរិក (កើនឡើង ១៤.៤%) ការនាំចូលសម្រេចបាន ២១២.២ ពាន់លានដុល្លារ (កើនឡើង ១៧.៩%) ជាមួយនឹងតួលេខអតិរេកពាណិជ្ជកម្ម ៧.៦៣ ពាន់លានដុល្លារអាមេរិក  អាស្រ័យហេតុនេះ បង្កើនទុនបម្រុងរូបិយប័ណ្ណបរទេស និងរក្សាស្ថិរភាពអត្រាប្តូរប្រាក់។

សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (CPI) ដែលជារង្វាស់សំខាន់សម្រាប់ការគ្រប់គ្រងអតិផរណា៖ CPI ជាមធ្យមក្នុងរយៈពេល ៦ ខែដើមឆ្នាំ បានកើនឡើង ៣.២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ អតិផរណា បានកើនឡើង ៣.១៦% ។ កម្រិតនេះបង្ហាញថា គោលនយោបាយរូបិយវត្ថុ ហើយទំនុកចិត្តរបស់ទីផ្សារក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចត្រូវបានរក្សា។ អត្រាកំណើន GDP ក្នុងរយៈពេល ៦ ខែដើមឆ្នាំសម្រេចបាន ៧.៥២% នេះមិនត្រឹមតែជាលទ្ធផលដ៏គួរឲ្យកត់សម្គាល់ប៉ុណ្ណោះទេ  ថែមទាំងបញ្ជាក់ពីការអភិវឌ្ឍប្រកបដោយស្ថិរភាព និងចីរភាព និងបរិយាប័ន្នដែលវៀតណាមកំពុងអនុវត្ដ។

ពន្លឿនការបញ្ចេញប្រាក់ និងភាពបត់បែនទីផ្សារ

ទោះបីជាយើងបានឆ្លងកាត់ពាក់កណ្តាលផ្លូវជាមួយនឹងសមិទ្ធិផលគួរឲ្យកត់សម្គាល់ក៏ដោយក៏នៅពាក់កណ្តាលចុងឆ្នាំ ២០២៥ ដើម្បីសម្រេចបាននូវគោលដៅកំណើន GDP យ៉ាងហោចណាស់ ៨% វានៅតែមានបញ្ហាប្រឈមជាច្រើន។ ដើម្បីសម្រេចបាននូវគោលដៅនេះ ក្នុងរយៈពេល ៦ ខែចុងក្រោយឆ្នាំនេះ GDP ត្រូវកើនឡើង ៨.៤២% ដែលជាសម្ពាធយ៉ាងខ្លាំងលើខឿនសេដ្ឋកិច្ច ជាពិសេសសេដ្ឋកិច្ចវៀតណាមកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងដោយការគាំពារពាណិជ្ជកម្ម ភាពតានតឹងភូមិសាស្ត្រនយោបាយ ហានិភ័យពីតម្លៃទំនិញ ថ្លៃដើមទុន និងការប្រែប្រួលអត្រាប្តូរប្រាក់។ ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជំរុញដើមទុនវិនិយោគសាធារណៈ និងការប្រើប្រាស់ក្នុងស្រុក ការនាំចេញ និងការវិនិយោគឯកជននឹងបន្តជាចំណុចសំខាន់។

ទាក់ទងនឹងការនាំចេញ ឧស្សាហកម្មផលិតបម្រើតម្រូវការនាំចេញដូចជា៖ អេឡិចត្រូនិក វាយនភណ្ឌ កាត់ដេរ និងស្បែកជើង វៀតណាមកំពុងមានភាពងាយស្រួល ដោយសារសម្រេចបានកិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយអាមេរិកលើពន្ធនាំចេញដែលទាបជាងប្រទេសផ្សេងជាច្រើនទៀត។ នេះគឺជាសញ្ញាវិជ្ជមាន ប៉ុន្តែនៅតែបង្កប់ការលំបាក និងបញ្ហាប្រឈមជាច្រើន រួមជាមួយនឹងការវិវឌ្ឍន៍ដែលមិនអាចទាយទុកជាមុនបានក្នុងស្ថានភាពជម្លោះនៅមជ្ឈិមបូព៌ា។

ដើម្បីរួមដំណើរជាមួយអង្គភាពអាជីវកម្មបន្តរក្សា និងជំរុញការនាំចូល និងនាំចេញ លោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចូល និងនាំចេញ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានឲ្យដឹងថា ក្នុងរយៈពេល ៦ខែចុងឆ្នាំនេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនឹងបន្តយកចិត្តទុកដាក់លើការងារព័ត៌មានទីផ្សារ ដើម្បីជូនដំណឹងដល់សមាគមឧស្សាហកម្មអំពីស្ថានភាពទីផ្សារនាំចេញដើម្បីអង្គភាពអាជីវកម្មមានផែនការនាំចេញសមស្រប ។ ទន្ទឹមនឹងនោះ មានដំណោះស្រាយដើម្បីឲ្យធានាតម្លាភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់  ពិពិធកម្មទីផ្សារនាំចេញ ស្វែងរកទីផ្សារនាំចេញថ្មី ឆ្លៀតយកផលប្រយោជន៍ពី FTA ដើម្បីបង្កើនការនាំចេញ...

អំពីដំណោះស្រាយសម្រាប់ជំរុញកំណើនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនៃឆ្នាំនេះ លោកស្រី Nguyen Thi Huong បាននិយាយថា ការជំរុញការបញ្ចេញប្រាក់ និងប្រសិទ្ធភាពនៃការវិនិយោគសាធារណៈ គឺជាកម្លាំងចលករដ៏សំខាន់បំផុតដែលចាំបាច់ត្រូវបន្តផ្តល់អាទិភាពកំពូល។ ដូច្នេះហើយ ចាំបាច់ត្រូវដោះស្រាយនូវរាល់ការរាំងស្ទះក្នុងនីតិវិធីរដ្ឋបាល និងប្រភពសម្ភារៈសំណង់ដើម្បីពន្លឿនដំណើរការសាងសង់គម្រោង ជាពិសេសគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗរបស់ប្រទេសជាតិ។ ធានាការបញ្ចេញប្រាក់ឱ្យសម្រេចបានគោលដៅបញ្ចេញទុនវិនិយោគសាធារណៈ១០០% តាមការស្នើរបស់លោកនាយករដ្ឋមន្ត្រី។

គោលដៅនៃប្រទេសវៀតណាមគឺខិតខំសម្រេចបាននូវកំណើន ៨% ឡើងទៅ កំណើនពីរខ្ទង់នៅឆ្នាំបន្ទាប់ មិនត្រឹមតែជាសេចក្តីប្រាថ្នាជាយុទ្ធសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជារង្វាស់ដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យ ការប្តេជ្ញាចិត្តនិងសមត្ថភាពគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសផងដែរ។ យោងតាមសាស្ត្រាចារ្យរង បណ្ឌិត Nguyen Hong Son អនុប្រធានគណៈគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម ឲ្យដឹងថា ការលំបាកនិងបញ្ហាប្រឈមធំបំផុតសម្រាប់វៀតណាមនោះ គឺរីកចម្រើនយ៉ាងឆាប់រហ័ស ប៉ុន្តែនៅតែធានាបាននូវនិរន្តរភាព។ នេះគឺជាឱកាសមួយសម្រាប់វៀតណាមផ្លាស់ប្តូរការគិត និងរបៀបធ្វើការ។

នាពេលខាងមុខ វៀតណាមត្រូវបន្តដោះស្រាយនូវរាល់បញ្ហាទាក់ទងនឹងគោលនយោបាយធនធាន ផលិតកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងសមត្ថភាពរបស់អង្គភាពអាជីវកម្ម ទន្ទឹមនឹងនោះ ក្នុងបរិបទដែលពិភពលោកកំពុងមានការវិវឌ្ឍន៍ជាច្រើន ដូចជាភាពតានតឹងភូមិសាស្ត្រនយោបាយ ការផ្លាស់ប្តូរគោលនយោបាយរបស់ប្រទេសធំៗ ការធ្វើបរិវត្ដកម្មឌីជីថល ការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ និងតម្រូវការអភិវឌ្ឍន៍បៃតង-និរន្តរភាព... ក៏តម្រូវឱ្យវៀតណាមមានយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយភាពបត់បែន និងមានប្រសិទ្ធភាព​៕

បកប្រែដោយ Pham Diep