ក្នុងឱកាសរំលឹកខួបលើកទី ១០០ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ១៩២៥ - ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៥) ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីការបរទេសវៀតណាម បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ១០០ ឆ្នាំកន្លងមក សារព័ត៌មានបដិវត្តន៍បានក្លាយជាកម្លាំងសំខាន់លើវិស័យសតិអារម្មណ៍ - វប្បធម៌ រួមដំណើរជាមួយបុព្វហេតុបដិវត្តន៍របស់ប្រជាជាតិ។ នៅក្នុងបុព្វហេតុនោះ ការផ្សាយព័ត៌មានទៅបរទេសគឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃកិច្ចការបរទេស ផ្សព្វផ្សាយរូបភាពវៀតណាមដល់ពិភពលោក និងនាំពិភពលោកឱ្យខិតទៅជិតវៀតណាម។

leftcenterrightdel
លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីការបរទេស អះអាងថា អ្នកសារព័ត៌មានបរទេស សព្វថ្ងៃត្រូវតែជា “យុទ្ធជន” លើគ្រប់វិស័យ(រូបថត៖ ក្រសួងការបរទេសវៀតណាម)

ការផ្សាយព័ត៌មានទៅបរទេសតែងតែដើរតួនាទីត្រួសត្រាយក្នុងការផ្សព្វផ្សាយសម្លេងយុត្តិធម៌របស់វៀតណាម និងបញ្ជាក់ពីគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមចំពោះឯករាជ្យជាតិ អធិបតេយ្យភាព បូរណភាពទឹកដី គោលនយោបាយឥតងាករេ និងមានការទទួលខុសត្រូវចំពោះសហគមន៍អន្តរជាតិ។ សមិទ្ធផលនាពេលថ្មីៗនេះ ដូចជាការផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពអំពីសកម្មភាពទាំងឡាយក្នុងអំឡុងពេលវៀតណាមធ្វើជាប្រធានអាស៊ានឆ្នាំ២០២០ កិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើងនៅទីក្រុងហាណូយ កិច្ចប្រជុំ COP26 ឬអាណត្តិជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបង្ហាញយ៉ាងច្បាស់ពីភាពក្លាហាន និងបញ្ញារបស់អ្នកកាសែតដែលផ្សាយព័ត៌មានទៅបរទេសរបស់វៀតណាម។ ទាំងនេះគឺជាភស្ដុតាងដ៏រស់រវើកនៃសមត្ថភាពរបស់ការផ្សាយព័ត៌មានទៅបរទេសក្នុងការបង្កើតបរិយាកាសមតិសាធារណៈអំណោយផល រួមចំណែកក្នុងការលើកកំពស់តួនាទី និងកិត្យានុភាពរបស់ប្រទេសនៅលើឆាកអន្តរជាតិ។

មិនមែនគ្រាន់តែជាការផ្សព្វផ្សាយឃោសនានោះទេ សព្វថ្ងៃនេះ ការផ្សាយព័ត៌មានទៅបរទេសក៏បានចូលរួមយ៉ាងសកម្មក្នុងការបញ្ជាក់ថា ប្រទេសវៀតណាមជាប្រទេសសន្តិភាព ស្ថិរភាព កំពុងផ្លាស់ប្ដូរថ្មី និងធ្វើសមាហរណកម្មលើគ្រប់វិស័យនៅលើផែនទីពិភពលោក។ ក្នុងបរិបទថ្មី ការផ្សាយព័ត៌មានទៅបរទេសនៅតែបន្តជាកម្លាំងត្រួសត្រាយក្នុងការផ្ដល់ព័ត៌មាន។ អ្នកសារព័ត៌មានដែលផ្សាយព័ត៌មានទៅបរទេសគប្បីផ្លាស់ប្តូរផ្នត់គំនិត និងរបៀបធ្វើសកម្មភាពដោយឥតឈប់ឈរ ដោយប្រើប្រាស់ឲ្យបានល្អនូវបច្ចេកវិទ្យាទំនើប ដើម្បីមិនត្រឹមតែផ្តល់ព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនិទានរឿងអំពីប្រទេសមួយដែលកំពុងផ្លាស់ប្តូរយ៉ាងខ្លាំង ទៅដល់ពិភពលោកផងដែរ៕

បកប្រែដោយ Thuy Anh