ពិធីបើកពិព័រណ៍ទំនិញល្អៗវៀតណាមនាំចេញឆ្នាំ២០២៥
កប.អនឡាញ - នាថ្ងៃទី ២៧ ខែមីនា នៅទីក្រុងហូជីមិញ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ សហការជាមួយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានរៀបចំពិធីបើកពិព័រណ៍ទំនិញល្អៗវៀតណាមនាំចេញឆ្នាំ២០២៥។ អញ្ជើញចូលរួមពិធីបើកមានលោក Nguyen Van Dung អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ។
ពិព័រណ៍នេះបានទាក់ទាញការចូលរួមពីធុរកិច្ចក្នុងស្រុកជិត ៧៥០ និងអ្នកបញ្ជាទិញអន្តរជាតិចំនួន ២០០ នាក់មកពីប្រទេសជាង ២៥។ ពិព័រណ៍នេះផ្តោតលើទំនិញសំខាន់ៗនាំចេញរបស់វៀតណាម រួមមានផលិតផលកសិកម្ម អាហារកែច្នៃ ជលផល វាយនភណ្ឌ និង logistics។ល។
ក្នុងក្របខ័ណ្ឌនៃពិព័រណ៍នេះ ទីក្រុងហូជីមិញបានផ្សព្វផ្សាយយុទ្ធសាស្ត្រ "បៃតង-ស្អាត-ឌីជីថល" លើកទឹកចិត្តការតាំងបង្ហាញផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន ផលិតផលដែលប្រើប្រាស់ប្រអប់វេចខ្ចប់អាចកែច្នៃឡើងវិញ និងអនុវត្តបច្ចេកវិទ្យាផលិតកម្មដោយសន្សំថាមពល។ ធុរកិច្ចក៏ទទួលបានការណែនាំអំពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងព្រំដែន ការអនុវត្តបញ្ញាសិប្បនិម្មិតក្នុងការលក់ និងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់។
    |
 |
ពិព័រណ៍នេះគឺជាឱកាសសម្រាប់ធុរកិច្ចវៀតណាមជំរុញ និងបង្កើនការវិនិយោគជាមួយដៃគូ និងធុរកិច្ចអន្តរជាតិ |
ក្នុងពិធីបើកនេះ លោក Nguyen Van Dung បានសង្កត់ធ្ងន់ថា ពិព័រណ៍គឺជាស្ពានដ៏សំខាន់មួយរវាងធុរកិច្ចវៀតណាម និងទីផ្សារពិភពលោក បង្កើតឱកាសស្វែងរកដៃគូ ស្វែងយល់អំពីបច្ចេកវិទ្យាថ្មី និងកំណត់ទិសដៅនាំចេញប្រកបដោយនិរន្តរភាព។ ទន្ទឹមនឹងនោះ ទីក្រុងហូជីមិញកំពុងផ្តល់អាទិភាពដល់ការនាំចេញផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ ជាពិសេសផលិតផលពិសេសរបស់មូលដ្ឋានដែលឆ្លើយតបបានតាមស្តង់ដារអន្តរជាតិ។
ទន្ទឹមនឹងនេះ ពិព័រណ៍ឌីជីថល Arobid TradeXpo ដែលប្រព្រឹត្តទៅក្នុងឱកាសនេះ ក៏បានជួយឲ្យពិព័រណ៍ទំនិញល្អៗវៀតណាមនាំចេញឆ្នាំ២០២៥នេះ អាចទាក់ទាញទស្សនិកជន និងមូលដ្ឋានកាន់តែច្រើន។ អាស្រ័យលើនេះ បើកឱកាសផ្លាស់ប្ដូរពាណិជ្ជកម្មក្នុងជាតិ និងអន្តរជាតិ តាមរយៈគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក និងការទាញផលប្រយោជន៍ពីបច្ចេកវិទ្យា ដើម្បីពង្រីកទីផ្សារ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែង។
ពិព័រណ៍នេះប្រព្រឹត្តទៅពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា៕
បកប្រែដោយ Thuy Anh