តំណាងក្រុមហ៊ុននាំចូលផ្លែគូលែន Ekthai ដែលដាក់លក់នៅ Gourmet Market - មជ្ឈមណ្ឌលពាណិជ្ជកម្ម Siam Paragon លោក Pumin Piyawanich ឲ្យដឹងថា៖ “យើងសង្ឃឹមថា ផ្លែគូលែនវៀតណាមបានដាក់លក់ជារៀងរាល់ឆ្នាំ ព្រោះគុណភាពគឺល្អណាស់។ តាមពិតទៅ ទិន្នផលផ្លែគូលែនរបស់វៀតណាមឆ្នាំនេះមិនខ្ពស់ដូចឆ្នាំមុនទេ ប៉ុន្តែសំណាងល្អដែលយើងខ្ញុំបានចុះកិច្ចសន្យាជាមួយកសិករកាលពីឆ្នាំមុន។ ហេតុដូច្នេះហើយបានជាយើងមានផ្លែគូលែននៅទីនេះដើម្បីបំពេញតាមការរំពឹងទុករបស់អតិថិជននៅប្រទេសថៃ”។ លោក Pumin បាននិយាយដែរថា ទោះបីជាតម្លៃផ្លែគូលែនដែលនាំចូលក្នុងឆ្នាំនេះ ឡើងថ្លៃជាងឆ្នាំមុនបន្តិចក៏ដោយ ក៏ក្រុមហ៊ុននៅតែរក្សាតម្លៃលក់ជូនអតិថិជនដូចឆ្នាំមុន ដើម្បីឲ្យអតិថិជនបានទទួលទានផ្លែគូលែនរបស់វៀតណាមកាន់តែច្រើន។

leftcenterrightdel
ផ្លែគូលែនស្រស់របស់វៀតណាម ត្រូវបានដាក់លក់នៅផ្សារទំនើប Gourmet Market ក្នុងទីក្រុងបាងកក កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំនេះ (រូបថត៖ vnanet.vn)

ផ្លែគូលែនស្រស់ ផ្អែមមិនត្រឹមតែទាក់ទាញអតិថិជនថៃប៉ុណ្ណោះទេ ថែមទាំងទាក់ទាញភ្ញៀវទេសចរមកពីប្រទេសជាច្រើនទៀត​ផង។ លោកស្រី Debby ជាភ្ញៀវទេសចរម្នាក់មកពីប្រទេសសិង្ហបុរីបានឲ្យដឹងថា៖ “យើងខ្ញុំកំពុងទៅទេសចរណ៍នៅប្រទេសថៃ ហើយត្រូវបានគេណែនាំអោយស្គាល់ផ្លែគូលែនវៀតណាមដែលដាក់លក់នៅទីនេះ។ ខ្ញុំបានសាកល្បងវា ហើយវាពិតជាផ្អែម។ ខ្ញុំមិនដែលឃើញផ្លែគូលែននៅសិង្ហបុរីពីមុនមកទេ។ ខ្ញុំសង្ឃឹមថា ផ្លែគូលែនវៀតណាមត្រូវបាននាំចូលក្នុងប្រទេសសិង្ហបុរី ហើយខ្ញុំអាចទិញវានៅផ្សារទំនើប”។

ក្រៅពីនេះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីផ្លែគូលែនវៀតណាមត្រូវបានស្គាល់កាន់តែច្រើននៅក្នុងទីផ្សារប្រទេសថៃ ដែលជាប្រទេសបានគេសម្គាល់ថា ជាជង្រុកផ្លែឈើត្រូពិច ទីផ្សារ Gourmet Market បានផ្សារភ្ជាប់ជាមួយនឹងគំនិតផ្តួចផ្តើម Mam (Mam Initiative) ដែលជាគម្រោងរបស់យុវជនវៀតណាមមួយក្រុមដែលខិតខំប្រឹងប្រែងកសាងម៉ាកយីហោ កសិផល​វៀតណាម - ចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយ "ផ្លែគូលែនឆ្ងាញ់បំផុតពីប្រទេសវៀតណាម" ជាលើកដំបូងនៅក្នុងប្រទេសថៃក្នុងឆ្នាំ ២០២៤ ។

យុទ្ធនាការនេះរួមមានរូបភាពផ្សាយពាណិជ្ជកម្មដែលបានគូរដោយដៃ ជាពិសេសឈុតស្ទីគ័រមានរាងផ្លែគូលែនជាភាសាថៃ ដើម្បីណែនាំរសជាតិប្លែកនៃផ្លែគូលែនវៀតណាម ដែលអ្នកប្រើប្រាស់អាចដោនឡូតដោយឥតគិតថ្លៃនៅលើកម្មវិធីផ្ញើសារមួយចំនួនដូចជា Viber និង WhatsApp ជាដើម។ នេះគឺជាវិធីសាស្រ្តផ្សាយពាណិជ្ជកម្មថ្មីមួយដល់អ្នកប្រើប្រាស់ក្នុងប្រទេសថៃ។ យុទ្ធនាការនេះនឹងត្រូវបានផ្សព្វផ្សាយក្នុងរយៈពេលផ្លែគូលែនរបស់ខេត្ដ Bac Giang ដែលត្រូវបាននាំចូលប្រចាំសប្តាហ៍ និងដាក់លក់នៅទីក្រុងបាងកក ចាប់ពីថ្ងៃទី ១៥ ខែមិថុនា ដល់ចុងខែកក្កដា។

យោងតាមលោក Truong Duc ប្រធានក្រុមយុទ្ធសាស្ត្រនៃគំនិតផ្តួចផ្តើម Mam សង្ឃឹមថា ក្រុមនេះរួមចំណែកផ្លាស់ប្ដូរថ្មីនូវវិធីសាស្រ្តជំរុញពាណិជ្ជកម្មប្រពៃណីតាមរយៈការអនុវត្តបច្ចេកវិទ្យា​ និងគំនិតច្នៃប្រឌិត។ នាពេលខាងមុខ គំនិតផ្តួចផ្តើម Mam សង្ឃឹមថា នឹងបន្តអនុវត្តយុទ្ធនាការផ្សព្វផ្សាយកសិផល និងរួមដៃជាមួយសហគមន៍នាំកសិផលវៀតណាមទៅកាន់ប្រទេសជាច្រើនជុំវិញពិភពលោក៕

បកប្រែដោយ Pham Diep