ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន លោក Nguyen Chi Dung  រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគបានសង្កត់ធ្ងន់លើការកែលម្អភាពធន់នៃសេដ្ឋកិច្ចវៀតណាម ដោយត្រូវគ្រប់គ្រងអតិផរណាផង ប៉ុន្តែនៅតែត្រូវរក្សាកំណើនសេដ្ឋកិច្ចក្នុងកម្រិតសមស្របផង។

កំណើនខ្ពស់ក្នុងបរិបទលំបាក

អ្នកយកព័ត៌មាន៖ យោងតាមលោករដ្ឋមន្ត្រី នៅឆ្នាំ២០២២កន្លងទៅនេះ តើអ្វីជាកម្លាំងជំរុញសេដ្ឋកិច្ចវៀតណាមឲ្យសម្រេចបាននូវអត្រាកំណើនខ្ពស់បំផុតក្នុងរយៈពេល១២ឆ្នាំកន្លង​មក​ ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកជួបការលំបាកខ្លាំង?

លោករដ្ឋមន្ត្រី Nguyen Chi Dung៖ កាលពីឆ្នាំមុន ស្ថានភាពពិភពលោកបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ស្មុគស្មាញ មិនអាចទាយទុកជាមុនបាន ជាមួយនឹងការវិវឌ្ឍន៍ជាច្រើនដែលមិនធ្លាប់មានពីមុនមក។ សេដ្ឋកិច្ចពិភពលោកទើបតែចាប់ផ្តើមងើបឡើងវិញពីជំងឺរាតត្បាត ប៉ុន្តែវានៅតែបន្តរងផលប៉ះពាល់យ៉ាងខ្លាំងដោយជម្លោះយោធា និងបញ្ហាភូមិសាស្ត្រនយោបាយ អតិផរណាខ្ពស់ តម្លៃទំនិញ និងសេវាកម្មមួយចំនួន ជាពិសេសប្រេងឥន្ធនៈមានការប្រែប្រួលយ៉ាងខ្លាំង។ ទស្សនៈនៃការគ្រប់គ្រងគោលនយោបាយនៃប្រទេសជាច្រើន បានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស វិបត្តិសេដ្ឋកិច្ចពិភពលោក និងប្រទេសធំៗជាច្រើន កាន់តែលេចឡើងច្បាស់។ ក្នុងបរិបទនោះ វៀតណាមនៅតែសម្រេចបានលទ្ធផលសំខាន់ៗ និងទូលំទូលាយក្នុងវិស័យជាច្រើន ដោយសម្រេចបាន​លើសពីគោលដៅសេដ្ឋកិច្ចសង្គម។ ម៉ាក្រូសេដ្ឋកិច្ចនៅតែមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង តុល្យភាពសំខាន់ៗត្រូវបានធានា។ សន្ទស្សន៍តម្លៃប្រើប្រាស់ CPI ត្រូវបានគ្រប់គ្រងក្រោម ៤% កំណើនផលិតផលក្នុងស្រុកសរុបត្រូវបានប៉ាន់ប្រមាណថាប្រហែល ៨.០២%។ ទីផ្សារហិរញ្ញវត្ថុ និងរូបិយប័ណ្ណមានស្ថេរភាពជាមូលដ្ឋាន គ្រប់គ្រងអត្រាការប្រាក់ និងអត្រាប្តូរប្រាក់ ស្របតាមការវិវឌ្ឍន៍នៃទីផ្សារ...

អ្នកយកព័ត៌មាន៖ ក្រៅពីលទ្ធផលដែលសម្រេចបាន តើសេដ្ឋកិច្ចមានចំណុចអ្វីខ្លះ ដែលយើងត្រូវយកចិត្តទុកដាក់?

លោករដ្ឋមន្ត្រី Nguyen Chi Dung៖ ទោះបីជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់ជាច្រើនក៏ដោយ ក៏ប៉ុន្តែសេដ្ឋកិច្ចនៅឆ្នាំ ២០២២ ជាពិសេសខែចុងក្រោយនៃឆ្នាំនឹងប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមកាន់តែច្រើន ជាពិសេសដោយសារតែស្ថានភាពពិភពលោកកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន។ ទីផ្សារនាំចេញ និងដៃគូសំខាន់ៗកាន់តែតិចទៅ ការបញ្ជាទិញនិង​ការនាំចេញ បានថយចុះ សកម្មភាពផលិតកម្ម និងធ្វើ​អាជីវកម្មប្រឈមនឹងការលំបាកជាច្រើន ស្ថានភាពការងាររងផលប៉ះពាល់ ដែល​មានស្ថានភាពសហគ្រាសកាត់បន្ថយកម្លាំងពលកម្ម កាត់បន្ថយម៉ោងធ្វើការ  ... ក្រៅពីនេះ ផលិតភាព គុណភាព និងការប្រកួតប្រជែងនៃសេដ្ឋកិច្ចមិនទាន់សម្រេចបានកម្រិតខ្ពស់នៅឡើយ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ពិតជាមិនទាន់ក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍នោះទេ។ ទីផ្សារមូលបត្រ និងអចលនទ្រព្ យក៏មានហានិភ័យដែលអាចប៉ះពាល់ដល់ទំនុកចិត្ត និងចិត្តសាស្ត្ររបស់អ្នកវិនិយោគ និងអង្គភាពអាជីវកម្មផងដែរ។ លំហូរទុនវិនិយោគ និងសន្ទនីយភាព នៃសេដ្ឋកិច្ចនៅតែប្រឈមនឹងការលំបាកជាច្រើន។

រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ

អ្នកយកព័ត៌មាន៖ អញ្ចឹងបើតាមលោករដ្ឋមន្ត្រី នៅឆ្នាំ២០២៣នេះ ដើម្បីសម្រេចគោលដៅដែលរដ្ឋាភិបាល និងរដ្ឋសភាបានកំណត់ តើយើងត្រូវធ្វើអ្វីខ្លះ?

លោករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមជាប្រទេសមួយកំពុង​ដំណើរការផ្លាស់ប្តូរថ្មី និងធ្វើសមាហរណកម្មជាមួយពិភពលោក ដែល​ព្យាយាមបង្រួមគម្លាតបន្តិចម្តងៗ និងខិត​ខំ​ប្រឹងប្រែង​តាមឲ្យ​ទាន់ប្រទេសអភិវឌ្ឍន៍ក្នុងតំបន់។ សេដ្ឋកិច្ចរបស់យើងមានទំហំតូចល្មម និងមានការបើកចំហរធំ ដូច្នេះវាងាយរងផលប៉ះពាល់ពី​ការ​ផ្លាស់ប្តូរនៅ​លើពិភពលោក។ ដូច្នេះ ការធ្វើឱ្យប្រសើរឡើងនូវភាពធន់នៃសេដ្ឋកិច្ច ការបង្កើតមូលដ្ឋាន​សម្រាប់ការកសាងសេដ្ឋកិច្ចមួយ​ឯករាជ្យ ខ្លួន​ទីពឹង​ខ្លួន​ ហើយ​ផ្សារភ្ជាប់ជាមួយនឹងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម ស៊ីជម្រៅ និងមានប្រសិទ្ធភាព វា​មានសារៈសំខាន់ពិសេសសម្រាប់ប្រទេសយើងក្នុងស្ថានភាពថ្មីនេះ។ នេះជាការតម្រង់ទិស និងគោលនយោបាយឥតងាករេ ដែលត្រូវបានកំណត់យ៉ាងច្បាស់លាស់នៅក្នុងសេចក្តីសម្រេចចិត្ត យុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដែលបក្ស និងរដ្ឋ បានដាក់ចេញ។

leftcenterrightdel
ផ្លូវល្បឿនលឿនទីក្រុងហូជីមិញ - Long Thanh - Dau Giay

អ្នកយកព័ត៌មាន៖ លោករដ្ឋមន្ត្រីបានលើកឡើងថា យើងស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំងពីការប្រកួតប្រជែងដែល​រឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ប្រទេសផ្សេងៗ។ ប្រទេសភាគច្រើនបានជ្រើសរើសលះបង់កំណើន ដើម្បីទប់ស្កាត់អតិផរណា។ តើលោករដ្ឋមន្ត្រីអាចវិភាគពីបញ្ហានេះយ៉ាង​ដូច​ម្តេច​?

លោករដ្ឋមន្ត្រី Nguyen Chi Dung៖ នៅឆ្នាំ២០២២ សេដ្ឋកិច្ចជាច្រើនជុំវិញពិភពលោកនឹងមានការកែសម្រួលក្នុងទស្សនៈនៃការគ្រប់គ្រងគោលនយោបាយរបស់ពួកគេ ពោលគឺផ្លាស់ប្តូរពីការបន្ធូរបន្ថយ ទៅជាការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ដំឡើងអត្រាការប្រាក់ ដើម្បីផ្តល់អាទិភាពដល់ការគ្រប់គ្រងអតិផរណាជំនួសឱ្យការងើបឡើងវិញនៃសេដ្ឋកិច្ច។ និន្នាការនេះត្រូវបានគេរំពឹងថានឹងបន្តនៅឆ្នាំ ២០២៣ ជាពិសេសនៅពេលដែលធនាគារកណ្តាលជាច្រើននៅតែប្រុងប្រយ័ត្នចំពោះអតិផរណា សូម្បីតែទទួលយកហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចរហូតដល់អតិផរណាស្ថិតនៅក្រោមការគ្រប់គ្រង។ ក្នុងលក្ខខណ្ឌបែបនេះ សម្ពាធលើការគ្រប់គ្រងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចសម្រាប់វៀតណាមគឺធំធេងណាស់ ចាំបាច់ត្រូវបង្កើតតុល្យភាពសមហេតុផលរវាងអត្រាប្តូរប្រាក់ និងអត្រាការប្រាក់ រវាងកំណើន និងការគ្រប់គ្រងអតិផរណា ប៉ុន្តែក៏ត្រូវយកចិត្តទុកដាក់ដល់លក្ខណៈរបស់ប្រទេសយើង ព្រោះប្រទេសយើងជាប្រទេសកំពុងអភិវឌ្ឍន៍ ចាំបាច់ត្រូវយកចិត្តទុកដាក់បន្ថែមទៀតក្នុងការរក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ចសមរម្យ៕

អ្នកយកព័ត៌មាន៖ សូមអរគុណលោករដ្ឋមន្ត្រី!

បកប្រែដោយ Duy Hoan