លោក Hoang Van Slin ជាមេភូមិគំរូល្អម្នាក់
កប.អនឡាញ - ជាង ១០ ឆ្នាំកន្លងមកនេះ លោក Hoang Van Slin ជនជាតិ Nung មេភូមិ Deo Gio ឃុំ Van Tung ស្រុក Ngan Son (ខេត្ត Bac Kan) តែងតែចូលរួមយ៉ាងសកម្មក្នុងចលនានៅមូលដ្ឋាន។ មិនតែប៉ុណ្ណោះ លោក Slin នៅជាគំរូឈានមុខគេក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅស្រុកកំណើតទៀតផង។
ក្នុងឆ្នាំ២០១៩ ដោយដឹងថា ការចិញ្ចឹមសេះសមានតម្លៃសេដ្ឋកិច្ចខ្ពស់ លោក Hoang Van Slin បានវិនិយោគទុនក្នុងការចិញ្ចឹមសេះស។ នាគ្រាដំបូង លោកចិញ្ចឹមបានសេះតែ ២ ក្បាលប៉ុណ្ណោះ បន្ទាប់ពីជាង ៣ ឆ្នាំមក ហ្វូងសេះសរបស់គ្រួសារលោកបានកើនដល់ទៅ ១០ ក្បាល តាមទម្រង់បង្កាត់ពូជ។ ទន្ទឹមនឹងការចិញ្ចឹមសត្វ គ្រួសាររបស់លោក Slin ក៏ផ្ដោតលើការដាំព្រៃឈើ និងដើមសារីផងដែរ។ ឥឡូវនេះ លោក Slin មានផ្ទៃដីព្រៃឈើជាង ៤ ហិកតា។ ទន្ទឹមនឹងនោះ លោកក៏ជាម្ចាស់សួនផ្លែសារីជិត ២ ហិកតា ដែលផ្តល់ប្រាក់ចំណូលស្ថិរភាពជាង ២០០ លានដុងក្នុងមួយឆ្នាំ។
    |
 |
លោក Hoang Van Slin ថែរទាំសួនផ្លែសារី |
អាស្រ័យការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព និងត្រៀមជាស្រេចចែករំលែកបទពិសោធន៍ជាមួយប្រជាជន អស់រយៈពេលជិត ១៥ ឆ្នាំកន្លងមកនេះ លោក Slin ត្រូវបានអ្នកភូមិជឿទុកចិត្តឲ្យកាន់តំណែងជាមេភូមិ Deo Gio។ ដោយមានការណែនាំ និងជំនួយពីលោក Slin គ្រួសារជាច្រើននៅក្នុងភូមិបានអភិវឌ្ឍការចិញ្ចឹមសត្វពាហនៈ។ បច្ចុប្បន្ន ហ្វូងសត្វពាហនៈក្នុងភូមិទាំងមូលមានជាង ២០០ ក្បាល ក្នុងនោះមានសេះសប្រមាណ ១០០ ក្បាល។ ការអភិវឌ្ឍសេដ្ឋកិច្ចធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនប្រសើរឡើង។ បច្ចុប្បន្ន ភូមិ Deo Gio ទាំងមូលមាន ៨០% គ្រួសារសាងសង់ផ្ទះរឹងមាំ ក្រុមគ្រួសារជិត ២០ គ្រួសារមានឡាន ហើយចំនួនគ្រួសារក្រីក្រតាមស្តង់ដារថ្មីមានតែ ២៨ គ្រួសារប៉ុណ្ណោះ។ លើសពីនេះ លោក Hoang Van Slin ក៏ជាប្រធានក្រុមសន្សំប្រាក់ និងកម្ចីដើមទុនភូមិ Deo Gio ដែលមានប្រាក់កម្ចីសរុបចំនួន ១.៤ ពាន់លានដុង ហើយប្រភពកម្ចីត្រូវបានប្រើប្រាស់ក្នុងគោលបំណងត្រឹមត្រូវ។ នាពេលថ្មីៗនេះ លោកមានកិត្តិយសទទួលបណ្ណសរសើរពីអគ្គនាយកធនាគារគោលនយោបាយសង្គមវៀតណាម ដោយសារមានសមិទ្ធផលល្អក្នុងការអនុវត្តគោលនយោបាយឥណទានអនុគ្រោះសម្រាប់អ្នកក្រីក្រ និងអ្នកទទួលរបបពីរដ្ឋផ្សេងទៀត នៅដំណាក់កាល ២០០២-២០២២។
ដោយសារមានការខិតខំប្រឹងប្រែង ជំនះការលំបាក លោក Slin មានកិត្តិយសទទួលបានប័ណ្ណសរសើរទទួលស្គាល់អំពីការបំពេញល្អភារកិច្ច និងជាក្រុមគ្រួសារធ្វើអាជីវកម្មល្អ ក្រុមគ្រួសារវប្បធម៌ពីអាជ្ញាធរ និងស្ថាប័នជាច្រើន៕
បកប្រែដោយ Thuy Anh