ឧស្សាហកម្មកែច្នៃនិងច្នៃប្រឌិតបន្ដជាកម្លាំងចលករនៃការបង្កើនកំណើនសេដ្ឋកិច្ច
អ្នកយកព័ត៌មាន ៖ សូមលោករដ្ឋមន្រ្តីអាចចែករំលែកអំពីលទ្ធផលលេចធ្លោនៃវិស័យឧស្សាហកម្មនិងពាណិជ្ជកម្មនៅឆ្នាំ ២០១៩?
លោករដ្ឋមន្ត្រី Tran Tuan Anh៖ ដោយមានការប្តេជ្ញាចិត្តនិងការខិតខំប្រឹងប្រែងក្នុងការដឹកនាំពីក្រសួង ស្ថាប័នគ្រប់លំដាប់ថ្នាក់ មូលដ្ឋាននានា សហគមន៍សហគ្រាស និងវិស័យឧស្សាហកម្មនិងពាណិជ្ជកម្មសម្រេចបានគោលដៅនិងលើសផែនការណ៍ចំពោះគោលដៅទាំងអស់ដែលកំណត់ដោយរដ្ឋសភានិងរដ្ឋាភិបាលនាដើមឆ្នាំ២០១៩។
    |
 |
លោក Tran Tuan Anh រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម |
នៅឆ្នាំ ២០១៩ សន្ទស្សន៍ផលិតកម្មនៃវិស័យឧស្សាហកម្មត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើង ៩,១% ដែលលើសពីគោលដៅ៩% ដែលបានកំណត់ចាប់តាំងពីដើមឆ្នាំ។ ឧស្សាហកម្មកែច្នៃនិងច្នៃប្រឌិតនៅតែបានរក្សាកំណើន (ប៉ាន់ស្មានថានឹងកើនឡើង ១០,៥% បើប្រៀបធៀបនឹងឆ្នាំ ២០១៨) ស្របទៅនឹងការតំរង់ទិសនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញនូវគំរូកំណើននៃវិស័យឧស្សាហកម្ម។ ក្នុងនោះមានវិស័យឧស្សាហកម្មមានកំណើនខ្ពស់ក្នុងបរិបទដែលទីផ្សារជួបការលំបាកជាច្រើនដូចជា ការផលិតធ្យូងថ្ម ប្រេងឥន្ធនៈ ការផលិតរថយន្ដ; ការផលិតផលិតផលអេឡិចត្រូនិច កុំព្យូទ័រ... ហើយផលិតផលនៃវិសយឧស្សាហកម្មនៅបន្សល់ទុកនៅកំរិតទាប ...។
ចំណុចភ្លឺមួយនៃវិស័យឧស្សាហកម្មនិងពាណិជ្ជកម្មក្នុងឆ្នាំ ២០១៩ គឺការនាំចេញលើសផែនការណ៍ដែលបានប្រគល់ដោយរដ្ឋសភានិងរដ្ឋាភិបាល។ ទំហំនៃការនាំចូលនិងនាំចេញសរុបមានចំនួន ៥១៧ ពាន់លានដុល្លារអាមេរិក។ តុល្យភាពពាណិជ្ជកម្មក្នុងឆ្នាំ ២០១៩ បានកត់ត្រាអតិរេកពាណិជ្ជកម្ម (៩,៩៤ ពាន់លានដុល្លារ); ទំនិញនាំចេញបានបន្តកែលម្អក្នុងទិសដៅវិជ្ជមាន។
ជាមួយគ្នានេះក្នុងឆ្នាំ ២០១៩ ការនាំចេញរបស់សហគ្រាសក្នុងប្រទេសសម្រេចបាន ៨២,១ ពាន់លានដុល្លារ កើនឡើង ១៧,៧%; ខ្ពស់ជាងទ្វេដងបើធៀបនឹងកំណើនរួមនៅទូទាំងប្រទេស និងខ្ពស់ជាង ៤ ដង បើធៀបនឹងកំណើននាំចេញនៃសហគ្រាស FDI (រាប់បញ្ចូលទាំងប្រេងឆៅដែលសម្រេចបាន ៤,២%)។ តាមរយៈនោះ ការនាំចេញរបស់សហគ្រាសក្នុងប្រទេសបានបន្តកើនឡើងដែលស្មើនឹង ៣១,១៦% នៃទំហំនៃការនាំចេញសរុប (រយៈពេលដូចគ្នាកាលពីឆ្នាំមុនគឺ ២៨,៦១%) …។
អ្នកយកព័ត៌មាន៖ ឆ្នាំ ២០១៩ គឺជាឆ្នាំដំបូងដែលវិស័យឧស្សាហកម្មកែច្នៃនិងច្នៃប្រឌិតមានអតិរេកពាណិជ្ជកម្មតើ លោករដ្ឋមន្រ្តីបានមានការវាយតំលៃយ៉ាងណាអំពីសារៈសំខាន់នៃលទ្ធផលនេះចំពោះប្រទេសវៀតណាម?
លោករដ្ឋមន្រ្តី Tran Tuan Anh៖ វិស័យឧស្សាហកម្មកែច្នៃនិងច្នៃប្រឌិតរបស់វៀតណាមកំពុងក្លាយជាកម្លាំងចលករនៃកំណើនឧស្សាហកម្ម និងជាកំណើនដ៏សំខាន់នៃខឿនសេដ្ឋកិច្ចនៅពេលសម្រេចបានកំណើន ១០,៥% ដោយមានផលិតផលមានតម្លៃខ្ពស់ជាច្រើនត្រូវបាននាំចេញនៅទីផ្សារបរទេស។ ឆ្នាំ ២០១៩ គឺជាឆ្នាំដំបូងដែលវិស័យឧស្សាហកម្មកែច្នៃនិងច្នៃប្រឌិតមានអតិរេកពាណិជ្ជកម្ម ទោះបីជាអតិរេកពាណិជ្ជកម្មមិនមានទំហំធំក៏ដោយ ប៉ុន្ដែនៅតែសម្រេចបាន ១០០ លានដុល្លារអាមេរិក។ លទ្ធផលទាំងនេះ បានបង្ហាញថាគោលនយោបាយនិងដំណោះស្រាយរបស់រដ្ឋាភិបាលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដើម្បីដោះស្រាយការលំបាកនិងជំរុញការអភិវឌ្ឍសហគ្រាស ជាពិសេសគឺសហគ្រាសផលិតកម្មឧស្សាហកម្មនិងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មក៏ដូចជាឧស្សាហកម្មឧបត្ថម្ភបានទទួលលទ្ធផលដែលគួរឲ្យកត់សម្គាល់ដែរ។
ទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)ឆ្ពោះទៅរកការនាំចេញបាន ៣០០ ពាន់លានដុល្លារ
អ្នកយកព័ត៌មាន៖ សូមលោករដ្ឋមន្រ្តីបញ្ជាក់ថា តើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជះឥទ្ធិពលយ៉ាងដូចម្តេចទៅលើខឿនសេដ្ឋកិច្ចវៀតណាម ជាពិសេសគឺកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ក្រោយរយៈពេលមួយឆ្នាំចូលជាធរមាន។
រដ្ឋមន្ត្រី Tran Tuan Anh៖ ឆ្នាំ ២០១៩ អាចនិយាយបានថាជាឆ្នាំមូលដ្ឋានគ្រឹះក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់និងអន្តរជាតិរបស់វៀតណាមនៅពេលយើងឈានចូលដំណាក់កាលនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ និងការចុះហត្ថលេខានិងចូលរួមកិច្ចព្រមព្រៀងចូលរួម FTA ជំនាន់ថ្មីចំនួនពីរ។ ជាក់ស្តែង៖ អនុវត្តជាផ្លូវការនូវកិច្ចព្រមព្រៀង CPTPP និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុបនិងវៀតណាម (EVFTA) និងកិច្ចព្រមព្រៀងគាំរពារវិនិយោគរវាងវៀតណាមនិងសហភាពអឺរ៉ុប (IPA) ។
ទោះបីជាដំណើរការក្នុងរយៈពេលតែមួយឆ្នាំក៏ដោយកិច្ចព្រមព្រៀង CPTPP បាននាំមកនូវលទ្ធផលជាវិជ្ជមានជាច្រើនដូចជា៖ តម្លៃនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារនៃបណ្តាសមាជិកដែលបានអនុវត្ត CPTPP មានអត្រាកំណើនខ្ពស់បើប្រៀបធៀបនឹងឆ្នាំមុន ក្នុងនោះផ្តោតលើផលិតផលដែលវៀតណាមមានសក្តានុពលនាំចេញ ដូចជាទូរស័ព្ទនិងគ្រឿងបន្លាស់ គ្រឿងម៉ាស៊ីន ឧបករណ៍ វាយនភណ្ឌនិងសម្លៀកបំពាក់។ ជាពិសេសគឺទីផ្សារថ្មីនៅក្នុងកិច្ចព្រមព្រៀង CPTPP ដែលលើកដំបូងមាន FTA ជាមួយវៀតណាមគឺកាណាដានិងម៉ិកស៊ិកបានកើនឡើងទ្វេដងភ្លាមៗបន្ទាប់ពីកិច្ចព្រមព្រៀងនេះចូលជាធរមាន។ ប្រសិនបើ អតិរេកពាណិជ្ជកម្មរបស់វៀតណាមទៅកាន់ទីផ្សារទាំងអស់ក្នុងឆ្នាំ ២០១៩ សម្រេចបាន ១០ ពាន់លានដុល្លារ គឺអតិរេកពាណិជ្ជកម្មទៅបណ្តាប្រទេស CPTPP មានជិត ៤ ពាន់លានដុល្លារអាមេរិក (៤០%)។ ប្រការនេះបង្ហាញពីអត្ថប្រយោជន៍សំខាន់ៗនៃកិច្ចព្រមព្រៀង CPTPP ក្នុងដំណើរការជំរុញការនាំចេញទំនិញ ។
កិច្ចព្រមព្រៀង CPTPP បានចូលជាធរមានជាផ្លូវការ ហើយកិច្ចព្រមព្រៀង EVFTA និងកិច្ចព្រមព្រៀង IPA ទើបតែបានចុះហត្ថលេខាថ្មីៗនេះក៏បានទាក់ទាញ FDI ចូលក្នុងប្រទេសវៀតណាមផងដែរ។ ជាមួយនឹងកិច្ចព្រមព្រៀង FTA ទើបបានចុះហត្ថលេខាជាមួយសហភាពអឺរ៉ុបមិនត្រឹមតែមានលំហូរទុនវិនិយោគពីសហភាពអឺរ៉ុបនឹងកើនឡើងក្នុងវៀតណាមប៉ុណ្ណោះទេថែមទាំងលំហូរទុនវិនិយោគពីប្រទេសដទៃក៏បានចូលមកវៀតណាមច្រើនផងដែរ។
អ្នកយកព័ត៌មាន៖ ក្នុងបរិបទដែលពាណិជ្ជកម្មពិភពលោកបន្តជួបការលំបាកនោះតើនៅក្នុងឆ្នាំ២០២០ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មនឹងធ្វើអ្វីៗដើម្បីរក្សាអតិរេកពាណិជ្ជកម្មក៏ដូចជាសម្រេចឲ្យបានគោលដៅកំណើននៃការនាំចេញ ៣០០ ពាន់លានដុល្លារអាមេរិក?
លោករដ្ឋមន្រ្តី Tran Tuan Anh៖ គោលដៅនាំចេញឈានដល់ ៣០០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២០ គឺជាបញ្ហាប្រឈមមួយដែលទាមទារឲ្យក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ស្ថាប័នពាក់ព័ន្ធគួរតែមានដំដោះស្រាយល្អនិងការប្តេជ្ញាចិត្ត ដើម្បីសម្រេចបាន។
នៅឆ្នាំ ២០២០ យើងខ្ញុំគិតថា ទោះបីមានភាពងាយស្រួលជាច្រើនយ៉ាងណាក៏ដោយក៏ការលំបាកនិងបញ្ហាប្រឈមនៅតែមានច្រើន។ សេដ្ឋកិច្ចពិភពលោកមិនទាន់មានសញ្ញាល្អ និងមានការស្មុគស្មាញនឹងប៉ះពាល់ដល់ការនាំចេញរបស់ប្រទេសជាតិ។ ក្នុងប្រទេសលទ្ធភាពនៃការប្រកួតប្រជែងនៃផលិតផលឧស្សាហកម្មមួយចំនួននៅមានកម្រិត។ ប្រការនេះបានទាមទារឲ្យវិស័យឧស្សាហកម្មនិងពាណិជ្ជកម្មមិនត្រឹមតែខិតខំប្រឹងប្រែងនិងមានការប្តេជ្ញាចិត្តបន្ថែមទៀតប៉ុណ្ណោះទេថែមទាំងមានភាពច្នៃប្រឌិតថ្មីនិងមានទំនួលខុសត្រូវដើម្បីសម្រេចឲ្យបានគោលដៅនិងផែនការណ៍ដែលត្រូវបានប្រគល់ដោយរដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តី។
វិស័យឧស្សាហកម្មនិងពាណិជ្ជកម្មនឹងផ្តោតលើដំណោះស្រាយដើម្បីជំរុញការនាំចេញប្រកបដោយចីរភាព លើកកម្ពស់គុណភាពប្រសិទ្ធភាពនិងភាពស្របច្បាប់នៃសកម្មភាពនាំចេញ ហើយបន្តធ្វើពិពិធកម្មទីផ្សារនាំចេញ បង្កើតការតភ្ជាប់រវាងផលិតកសិកម្មនិងទីផ្សារ។ ក្រៅពីនេះយើងក៏នឹងផ្តោតលើការអភិវឌ្ឍទីផ្សារក្នុងប្រទេស ជំរុញនិងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនិងការតភ្ជាប់រវាងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនិងប្រភេទពាណិជ្ជកម្មបែបប្រពៃណី។
ជាមួយគ្នានោះ លើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងទីផ្សារនៅទូទាំងប្រទេស ពង្រឹងការគ្រប់គ្រង ត្រួតពិនិត្យទីផ្សារ ទប់ស្កាត់ការរត់ពន្ធ ការបន្លំពាណិជ្ជកម្ម និងរំលោភលើកម្មសិទ្ធិបញ្ញា។ ផ្ដោតលើការលើកកម្ពស់លទ្ធភាពនៃការធ្វើសមាហរណកម្មអន្តរជាតិតាមរយៈការផ្សព្វផ្សាយព័ត៌មាននិងលើកកម្ពស់ការយល់ដឹងក្នុងសង្គមទាំងមូល។
វៀតណាមបំពេញល្អនូវតួនាទីជាប្រធានអាស៊ាន ២០២០ ដើម្បីលើកកម្ពស់កិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិដោយផ្តោតលើការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFTA, កិច្ចព្រមព្រៀង IPA និងកម្មវិធីជួយឧបត្ថម្ភសហគ្រាសចាប់យកឱកាសដែលនាំមកនូវផលប្រយោជន៍ដោយកិច្ចព្រមព្រៀងទាំងនេះ។
អ្នកយកព័ត៌មាន៖ សូមអរគុណលោករដ្ឋមន្ត្រី!
បកប្រែដោយ Pham Diep