ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជា រួមចំណែកដល់ការពង្រឹងទំនុកចិត្តជាយុទ្ធសាស្ត្រ លើកកម្ពស់សាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជា
កប.អនឡាញ - ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជា លើកទីពីរត្រូវបានគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្ត Tay Ninh (វៀតណាម) និងខេត្តស្វាយរៀង (កម្ពុជា)។
នេះគឺជាព្រឹត្តិការណ៍នយោបាយ និងការទូតការពារជាតិដ៏សំខាន់មួយ ដែលរួមចំណែកដល់ការពង្រឹងសាមគ្គីភាព មិត្តភាព និងបង្កើនកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។ មុនព្រឹត្តិការណ៍នេះ អ្នកយកព័ត៌មានបានសម្ភាសន៍លោកឧត្តមសេនីយ៍ទោ Nguyen Anh Tuan លេខាបក្ស និងជាប្រធានស្នងការនយោបាយកងទ័ពការពារព្រំដែន អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងការពារព្រំដែនរវាងប្រទេសទាំងពីរក្នុងរយៈពេលថ្មីៗនេះ ក៏ដូចជាអត្ថន័យ និងសារៈសំខាន់នៃជំនួបប្រាស្រ័យនេះ។
    |
 |
|
លោកឧត្តមសេនីយ៍ទោ Nguyen Anh Tuan លេខាបក្ស និងជាប្រធានស្នងការនយោបាយកងទ័ពការពារព្រំដែន |
- ក្នុងរយៈពេលថ្មីៗនេះ ស្ថានភាពនៅតាមតំបន់ព្រំដែនវៀតណាម-កម្ពុជាមានភាពប្រក្រតី សន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពត្រូវបានធានា។ តើលោកអាចបកស្រាយបន្ថែមអំពីបញ្ហានេះបានទេ?
- ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅតាមខ្សែព្រំដែនគោកវៀតណាម-កម្ពុជា ប្រព័ន្ធបង្គោលព្រំដែនជាតិ និងផ្លាកសញ្ញាព្រំដែនត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង ដោយធានាបាននូវស្ថានភាពដូចដើម ដែលបង្ហាញយ៉ាងច្បាស់អំពីអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសទាំងពីរ។ ដោយផ្អែកលើរាល់សន្ធិសញ្ញា កិច្ចព្រមព្រៀងកម្រិតខ្ពស់ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ ភាគីទាំងពីរបានខិតខំប្រឹងប្រែងជាបន្តបន្ទាប់ និងបានបញ្ចប់ការខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនប្រមាណ ៨៤% នៃប្រវែងព្រំដែនសរុប។ ប្រការនេះបង្កើតលក្ខណៈអំណោយផលសម្រាប់កម្លាំងមុខងារនៃប្រទេសទាំងពីរក្នុងការសម្របសម្រួលការគ្រប់គ្រង ការការពារអធិបតេយ្យភាព បូរណភាពទឹកដី សន្តិសុខព្រំដែនជាតិ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងការរំលោភច្បាប់នៅតាមព្រំដែន។ បច្ចុប្បន្ននេះ ភាគីទាំងពីរកំពុងបន្តជំរុញការចរចា កំណត់ និងឯកភាពលើដំណោះស្រាយសមស្របដើម្បីបញ្ចប់ការខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនប្រមាណ ១៦% នៃព្រំដែនដែលនៅសល់នាពេលឆាប់ៗនេះ។
តាមបណ្តោយខ្សែព្រំដែនទាំងមូល សន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមត្រូវបានរក្សាយ៉ាងរឹងមាំ។ សកម្មភាពនាំចេញ និងនាំចូលប្រព្រឹត្តទៅតាមរបៀបរៀបរយ និងស្របច្បាប់ ដែលរួមចំណែកជាក់ស្តែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃតំបន់ព្រំដែន។ ការសម្របសម្រួល និងការផ្លាស់ប្តូររវាងរាល់ក្រសួង ស្ថាប័នមានសមត្ថកិច្ច អង្គភាព អាជ្ញាធរមូលដ្ឋាន កងទ័ពការពារព្រំដែន ច្រកទ្វារព្រំដែន និងប្រជាជននៃប្រទេសទាំងពីរកំពុងត្រូវបានពង្រីក និងអភិវឌ្ឍកាន់តែខ្លាំងឡើងក្នុងទិសដៅដ៏គួរឱ្យទុកចិត្ត និងមានប្រសិទ្ធភាព ដែលបង្កើតជាមូលដ្ឋានរឹងមាំសម្រាប់ពង្រឹងសាមគ្គីភាព មិត្តភាព និងការពង្រឹងទំនុកចិត្តជាយុទ្ធសាស្ត្ររវាងវៀតណាម និងកម្ពុជា។
និយាយជារួម ព្រំដែនវៀតណាម - កម្ពុជាបានក្លាយជាកន្លែងសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍទៅវិញទៅមក បង្ហាញយ៉ាងច្បាស់អំពីគោលនយោបាយការបរទេសដ៏ស៊ីសង្វាក់គ្នា បើកចំហរ និងមនុស្សធម៌ និងពោរពេញដោយស្មារតីសាមគ្គីភាពរបស់ប្រទេសទាំងពីរ វៀតណាម - កម្ពុជា។
- ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ កិច្ចសហប្រតិបត្តិការរវាងកងទ័ពការពារព្រំដែនវៀតណាម និងកម្លាំងការពារព្រំដែនកម្ពុជា ត្រូវបានពង្រឹង និងអភិវឌ្ឍឥតឈប់ឈរ។ តើអ្វីជាលទ្ធផលលេចធ្លោក្នុងការងារសម្របសម្រួលការគ្រប់គ្រង និងការពារព្រំដែនរវាងភាគីទាំងពីរ?
- ដោយយល់ជ្រាប និងអនុវត្តយ៉ាងហ្មត់ចត់នូវទស្សនៈ គោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋស្តីពីកិច្ចការបរទេស ក្រោមការដឹកនាំ និងតម្រង់ទិសដៅផ្ទាល់របស់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបានសកម្ម បត់បែន និងច្នៃប្រឌិតក្នុងការរៀបចំសកម្មភាពកិច្ចការបរទេសជាទូទៅ ជាពិសេសកិច្ចការបរទេសការពារព្រំដែនជាមួយកងកម្លាំងគ្រប់គ្រង និងការពារព្រំដែនកម្ពុជា។ ក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការមិត្តភាព ការគោរពគ្នាទៅវិញទៅមក និងការជឿទុកចិត្តគ្នា ភាគីទាំងពីរបានអនុវត្តយ៉ាងសកម្ម និងមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ដោយរួមចំណែកដល់ការរក្សាស្ថិរភាពនយោបាយ ធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅតំបន់ព្រំដែន។ ការងារគ្រប់គ្រង និងការពារព្រំដែនត្រូវបានលើកស្ទួយកាន់តែខ្លាំងឡើងទាំងគុណភាព ប្រសិទ្ធភាព និងការរៀបចំឱ្យមានសណ្តាប់ធ្នាប់។ ជាពិសេស សកម្មភាពការទូតព្រំដែនរវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម និងកម្លាំងការពារព្រំដែនកម្ពុជា ត្រូវបានអនុវត្តស្របគ្នា និងជាប្រព័ន្ធ ជាមួយនឹងទម្រង់ចម្រុះ និងខ្លឹមសារជាក់ស្តែងជាច្រើន ដែលបង្ហាញយ៉ាងច្បាស់អំពីគំនិតផ្តួចផ្តើម ភាពច្នៃប្រឌិត និងស្មារតីទទួលខុសត្រូវរបស់ភាគីទាំងពីរ។ ភាគីទាំងពីរតែងតែប្រកាន់ខ្ជាប់នូវបាវចនា "អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការទូលំទូលាយ និរន្តរភាពយូរអង្វែង" ដោយចូលរួមថែរក្សាព្រំដែនសន្តិភាព និងមិត្តភាព រួមចំណែកការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពទឹកដី និងសន្តិសុខព្រំដែនជាតិរបស់ប្រទេសនីមួយៗ។ ភាគីទាំងពីរបានសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការអនុវត្តយ៉ាងតឹងរ៉ឹងនូវឯកសារច្បាប់ស្តីពីព្រំដែនដែលចុះហត្ថលេខាដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ដោយចាត់ទុកនេះជាមូលដ្ឋានគ្រឹះច្បាប់ដ៏សំខាន់មួយដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងការពារព្រំដែន ការគ្រប់គ្រងអន្តោប្រវេសន៍ ក៏ដូចជាការដោះស្រាយបញ្ហាដែលកើតឡើងនៅតាមព្រំដែនឱ្យបានទាន់ពេលវេលា និងត្រឹមត្រូវ។
ក្នុងការងារគ្រប់គ្រងច្រកទ្វារព្រំដែន និងការគ្រប់គ្រងអន្តោប្រវេសន៍ កងទ័ពការពារព្រំដែនវៀតណាមបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរកម្ពុជា ដើម្បីធានាបាននូវនីតិវិធីរហ័ស និងត្រឹមត្រូវ ដោយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពាណិជ្ជកម្ម ទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរវាងប្រទេសទាំងពីរ។ ក្នុងពេលជាមួយគ្នានេះ រាល់ជំនួបប្រាស្រ័យវាងប្រជាជន និងប្រជាជន និងសកម្មភាពចងសម្ព័ន្ធមេត្រីរវាងតំបន់លំនៅដ្ឋាននៅសងខាងព្រំដែននៅតែត្រូវបន្តពង្រីក និងថែរក្សាប្រកបដោយប្រសិទ្ធភាព។
- តើអ្វីជាសារៈសំខាន់នៃជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជា លើកទីពីរ?
- កម្មវិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជាលើកទីពីរ គឺជាព្រឹត្តិការណ៍នយោបាយ និងការទូតការពារជាតិដ៏សំខាន់មួយ។ សកម្មភាពនេះមិនត្រឹមតែជាការប្រាស្រ័យខាងយោធា និងការពារជាតិ ឬកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងមុខងារនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញពីទស្សនៈ និងគោលនយោបាយការបរទេសរបស់បក្ស រដ្ឋ និងកងទ័ពប្រជាជនវៀតណាមចំពោះព្រះរាជាណាចក្រកម្ពុជាផងដែរ។ ជាពិសេស វារួមចំណែកដល់ការពង្រឹងសាមគ្គីភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។ ក្នុងពេលជាមួយគ្នានេះ ពង្រឹងការផ្លាស់ប្តូរ លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅសងខាងព្រំដែន។ ដោយហេតុនេះ ពង្រឹងទំនុកចិត្តជាយុទ្ធសាស្ត្រ ពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដើម្បីឱ្យទំនាក់ទំនងពិសេសរវាងប្រជាជនទាំងពីរវៀតណាម និងកម្ពុជានឹងបន្តជា "ការបង្ហាញដ៏អស្ចារ្យនៃមិត្តភាពជិតស្និទ្ធ និងសាមគ្គីភាពក្នុងការប្រយុទ្ធ" ដូចដែលលោកប្រធានហូជីមិញធ្លាប់បានថ្លែងនៅក្នុងទូរសារមួយទៅកាន់ប្រមុខរដ្ឋកម្ពុជា ព្រះអង្គនរោត្តម សីហនុ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៦៧។
- សូមអរគុណលោក!
បកប្រែដោយ Minh Trung